ក្រុង​តូក្យូៈ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​​​​​​ជប៉ុន​​បាន​កើន​ឡើង​ ០,​៥ ​ភាគរយ​នៅ​ត្រី​មាស​ទី​១ ​ឆ្នាំ​នេះ ​​ដែល​ប្រសើរ​ជាង​ការ​រំពឹង​ទុក ទោះ​បី​ជា​ក្រុម​អ្នកវិភាគ​​បាន​ព្រមាន​ថា ប្រទេស​​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទី ៣ ​របស់​​​ពិភព​លោក​មួ​យ​នេះ​​នៅ​តែ​កំពុង​​ប្រឈម​នឹង​ឧបសគ្គ​​ ជា​ច្រើន​ក្តី។​ នេះ​បើ​យោង​តាម​​ទិន្នន័យ​ផ្លូវ​ការ​​​កាល​ពី​ថ្ងៃ​ចន្ទ។

នេះ​​ជា​កំណើន ​២ ​ត្រីមាស​ជាប់​គ្នា​សម្រាប់​​សេដ្ឋកិច្ច​​​ជប៉ុន បន្ទាប់​​ពី​កំណើន​ ០,៤ ​ភាគរយ ​​​កាល​ពី​ត្រី​មាស​ទី​៤​ ឆ្នាំ​មុន។​

លទ្ធផល​នេះ​មាន​ភាព​ផ្ទុយ​ពី​​ការ​រំពឹង​ដែល​ថា ​មិន​ល្អ​​​ដោយ​​ក្រុម​អ្នក​វិភាគ​ ដែល​បាន​ព្យាករ​ថា​​​ ធ្លាក់ចុះ​​បន្តិច​នៅ​​ដើម​ឆ្នាំ​ ២០១៩ ប៉ុន្តែ​សេដ្ឋវិទូ​មួយ​ចំនួន​​បាន​ព្រមាន​ថា ​សញ្ញា​នៃ​ភាព​ចុះ​ខ្សោយ​​នៅ​តែ​បង្កប់​ក្នុង​​​តួលេខ​​វិជ្ជមាន​នេះ​នៅ​ឡើយ។​

លោក​ Takeshi Minami ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Norinchukin Research Institute បាន​ថ្លែង​ថា​៖ «​​តួលេខ​​មាន​ភាព​ល្អ​លើស​ពី​ការ​រំពឹង​ទុក​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ពិនិត្យ​កាន់​តែ​ដិត​ដល់​ ទិន្នន័យ​នេះ​​មិន​មែន​ជា​អ្វី​ ដែល​យើង​គួរ​តែ​សប្បាយ​រីករាយ​នោះ​ទេ»។​

លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ថា​៖ «​កាន់​តែ​ច្បាស់​ជាង​នេះ ទិន្នន័យ​នេះ​បាន​​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចំណុច​​ខ្សោយ​​​​ក្នុង​សេដ្ឋកិច្ច​នេះ ដោយសារ​ការ​​ប្រើប្រាស់​ និង​​វិនិយោគ​របស់​សាជីវកម្ម​លើ​រោងចក្រ និង​ឧបករណ៍​មិន​ល្អ​»។​

ការ​​ចំណេញ​សុទ្ធ​​បាន​រួម​ចំណែក​​យ៉ាង​ខ្លាំង​ដល់​តួលេខ​ចុង​ក្រោយ​បំផុត​នេះ ប៉ុន្តែ​គ្រាន់​តែ​ដោយសារ​ការ​ធ្លាក់ចុះ​​ក្នុង​ការ​​នាំចូល​មាន​ច្រើន​ជាង​​ការ​ធ្លាក់ចុះ​​ផ្នែក​​នាំចេញ​​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​​ពី​ខុទ្ទកាល័យ​គណៈរដ្ឋមន្ដ្រី​។

លោក Yoshiki Shinke ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Dai-ichi Life បាន​ថ្លែង​ថា​៖ «មិន​មាន​សញ្ញា​ច្បាស់​លាស់​ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ដល់​បាត​នៃ​​ការ​នាំចេញ​ ការ​ផលិត និង​ទំនុក​ចិត្ត​អាជីវកម្ម​នៅ​ឡើយទេ ហើយ​ដូច្នេះ​ខ្ញុំ​មិន​គិត​ថា យើង​អាច​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​នៃ​សេដ្ឋកិច្ច​​នោះ​ទេ​»។​

ទិន្នន័យ​ចុង​ក្រោយ​បំផុត​នេះ កំពុង​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ក្នុង​គ្រា​ដែល​មាន​​ការ​រំពឹង​ទុក​ថា កំណើន​សេដ្ឋកិច្ច​ខ្សោយ​អាច​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​របស់​​លោក​នាយក​រដ្ឋមន្ដ្រី​ ស៊ីនហ្សូ អាបេ ពន្យារ​ពេល​ក្នុង​ការ​ចាត់​វិធានការ​ដំឡើង​​ពន្ធ​លើ​ការ​​លក់​រាយ​ដែល​គ្រោង​​នឹង​ធ្វើ​ឡើង​ជា​លើក​​ទី៣៕ AFP/LA​