សិង្ហបុរីៈ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​សិង្ហបុរី ​ដែល​ពឹង​ផ្អែក​លើ​ការ​នាំចេញ បាន​ទទួល​រង​ការ​ធ្លាក់ចុះ​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ត្រីមាស​ទី២ ឆ្នាំ​នេះ ដែល​បញ្ចូន​សារ​​ព្រមាន​​ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស ​ចិន ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពិភព​លោក។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​​​ចេញ​ផ្សាយ​នៅ​ចុង​សប្តាហ៍​មុន។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​បុរី​រដ្ឋ​​​នេះ​បាន​ធ្លាក់ចុះ ៣,៤ ភាគរយ ​នៃ​អត្រា​ប្រចាំ​ឆ្នាំ ដែល​ធ្លាក់ចុះ​ខ្លាំង​ពី​កំណើន ៣,៨ ភាគរយ ​នៅ​ត្រីមាស​ទី១ ឆ្នាំ​នេះ និង​ពី​ការ​ព្យាករ​ដែល​ថា​មាន​កំណើន​តិច​តួច។

ក្រសួង​ពាណិជ្ជកម្ម​សិង្ហបុរី​បាន​ឲ្យ​ដឹង​ថា បើ​​គិត​ពី​មូលដ្ឋាន​ប្រៀប​ធៀប​ឆ្នាំ​លើ​ឆ្នាំ​វិញ សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី២ នេះ​​កើន​​​ត្រឹម​តែ ០,១ ភាគរយ ​ប៉ុណ្ណោះ ដែល​បង្ហាញ​​ពី​អត្រា​កំណើន​ទាប​បំផុត​គិត​ចាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​ឆ្នាំ ២០០៩ មក ហើយ​ក៏​ទាប​ខ្លាំង​ជាង​ការ​ព្យាករ​ផង​ដែរ។

ជាមួយ​នឹង​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម​បរទេស សិង្ហបុរី​ជា​ញឹកញាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​សូចនាករ​មួយ​នៃ​សុខភាព​​សេដ្ឋកិច្ច​ពិភព​លោក។

តួលេខ​អវិជ្ជមាន​នេះ ​គឺ​ជា​សញ្ញា​ចុង​ក្រោយ​​​បំផុត​ដែល​បង្ហាញ​ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​ប៉េកាំង កំពុង​មាន​ផល​ប៉ះពាល់​ខ្លាំង​​លើ​ប្រទេស​​មាន​សេដ្ឋកិច្ច​ពឹង​​ផ្អែក​លើ​ការ​នាំចេញ​នៅ​ទូទាំង​ពិភព​លោក។

លោក Stephen Innes បម្រើ​ការងារ​នៅ​ក្រុមហ៊ុន Vanguard Markets បាន​ថ្លែង​ថា៖ «សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​កើត​មាន​នេះ​កំពុង​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​វិស័យ​ផលិតកម្ម និង​នាំចេញ​ចម្បង​របស់​សិង្ហបុរី»។

លោក Chua Hak Bin សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន Maybank Kim Eng Research ក្នុង​ប្រទេស ​សិង្ហបុរី បាន​ថ្លែង​​ថា៖ «ប្រទេស​សិង្ហបុរី ងាយ​​រងគ្រោះ​ខ្លាំង មាន​ការ​បើក​ចំហ​ខ្លាំង និង​មាន​ភាព​រសើប​ទៅ​នឹង​ពាណិជ្ជកម្ម»។

លោក​បន្ថែម​ថា ទិន្នន័យ​ «ចង្អុល​ទៅ​កាន់​​ហានិភ័យ​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​ស្រាប់​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី»។

វិស័យ​ផលិតកម្ម​ដ៏​សំខាន់​របស់​សិង្ហបុរី​បាន​ទទួល​រងគ្រោះ​ខ្លាំង ដោយ​ធ្លាក់ចុះ ៣,៨ ភាគរយ ​នៅ​ត្រីមាស​ទី២ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​នៅ​ត្រីមាស​ទី១ បាន​ធ្លាក់ចុះ​តែ ០,៤ ភាគរយ ​ប៉ុណ្ណោះ៕ AFP/KC