ក្រុងប៉េកាំងៈ លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei កាលពីថ្ងៃអង្គារមិនបានបារម្ភពីការប៉ុនប៉ងរបស់អាមេរិកក្នុងការរារាំងមហិច្ឆតាពិភពលោករបស់ក្រុមហ៊ុនរបស់លោក ដោយលើកឡើងថា អាមេរិកមើលស្រាលភាពខ្លាំងរបស់ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនេះ។
លោក Ren បានថ្លែងទៅកាន់ប្រព័ន្ធព័ត៌មានរបស់ចិនប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ជា ដែលធ្វើឡើងក្នុងគោលបំណងរារាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Huawei នៅអាមេរិកដែលជាវិធានការចុងក្រោយបំផុតក្នុងកិច្ចប្រឹងប្រែងអស់រយៈពេលជាច្រើនខែ ដើម្បីបញ្ឈប់ក្រុមហ៊ុនទូរគមនាគមន៍របស់ចិននេះមិនឲ្យឡើងទៅកាន់តំណែងកំពូលខាងការប្រកួតប្រជែងបច្ចេកវិទ្យាជំនាន់ក្រោយ 5G។
លោកបានថ្លែងថា៖ «ការអនុវត្តបច្ចុប្បន្នរបស់ក្រុមអ្នកនយោបាយអាមេរិកមើលស្រាលភាពខ្លាំងរបស់យើង»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
លោកបានលើកឡើងថា៖ «ប្រព័ន្ធ 5G របស់ក្រុមហ៊ុននឹងមិនត្រូវរងផលប៉ះពាល់ជាដាច់ខាត។ ទាក់ទងនឹងបច្ចេកវិទ្យា 5G ក្រុមហ៊ុនផ្សេងទៀតនឹងមិនអាចតាមទាន់ក្រុមហ៊ុន Huawei ក្នុងរយៈពេល ២ ឬ ៣ ឆ្នាំទៀតនោះទេ»។
កាលពីសប្ដាហ៍មុន លោកត្រាំ បានប្រកាស «អាសន្នជាតិ» ដែលផ្ដល់អំណាចដល់លោក ក្នុងការចុះបញ្ជីខ្មៅក្រុមហ៊ុនដែលត្រូវបានមើលឃើញថា ជា «ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្ដិសុខជាតិរបស់អាមេរិក» ពោលគឺជាវិធានការមួយដែលក្រុមអ្នកវិភាគបានឲ្យដឹងយ៉ាងច្បាស់ថា បានសំដៅលើក្រុមហ៊ុន Huawei ។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មអាមេរិកប្រកាសហាមមិនឲ្យក្រុមហ៊ុនអាមេរិក លក់ ឬផ្ទេរបច្ចេកវិទ្យាអាមេរិកទៅឲ្យក្រុមហ៊ុន Huawei។
មិនអាចដាក់ឲ្យនៅឯកោ
ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនអ៊ីនធឺណិតឈានមុខគេរបស់អាមេរិក ហើយប្រព័ន្ធប្រតិបត្តិការចល័ត Android របស់ក្រុមហ៊ុននេះភាគច្រើនដាក់ដំណើរការក្នុងទូរស័ព្ទស្មាតហ្វូនរបស់ពិភពលោកនោះ បានឲ្យដឹងនៅសប្ដាហ៍នេះថា ក្រុមហ៊ុនកំពុងចាប់ផ្ដើមកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei ដោយសារតែបម្រាមនេះ។
ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា វិធានការនេះអាចមានភាពជំពាក់ជំពិនខ្លាំងសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន Huawei ដោយសារតែក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនេះ នឹងលែងមានសិទ្ធិចូលប្រើប្រាស់សេវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Google ទៀតហើយ ដូចជា Gmail និងកម្មវិធី Google Maps។
ប៉ុន្តែក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃចន្ទ បានចេញប្រកាសពន្យារពេល ៩០ ថ្ងៃ លើការហាមឃាត់ការផ្ទេរបច្ចេកវិទ្យានេះ ដោយអនុញ្ញាតឲ្យមានអាជ្ញាប័ណ្ណបណ្ដោះអាសន្ន។
លោក Ren បានថ្លែងថា៖ «អាជ្ញាប័ណ្ណបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃ មិនមានផលប៉ះពាល់ខ្លាំងលើពួកយើងនោះទេ។ យើងត្រៀមខ្លួនរួចរាល់ហើយ»។
ក្រុមហ៊ុន Huawei បានព្យាយាមបន្ធូរបន្ថយក្តីបារម្ភរបស់អតិថិជន ដែលបង្កឡើងដោយសារការប្រកាសរបស់ក្រុមហ៊ុន Google នេះ។
លោក Ren បានឲ្យដឹងថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Google កំពុងពិភាក្សាគ្នាពីរបៀបក្នុងការឆ្លើយតបចំពោះការហាមឃាត់នេះ ដោយលោកបានហៅក្រុមហ៊ុនអាមេរិកមួយនេះថា «ជាក្រុមហ៊ុនមានការទទួលខុសត្រូវខ្ពស់» មួយ។
អ្នកនាំពាក្យក្រុមហ៊ុន Huawei ក្នុងប្រទេស អូស្រ្តាលី បានឲ្យដឹងថា វិធានការរបស់អាមេរិក «នឹងមិនប៉ះពាល់ដល់អតិថិជន» ដែលមានថេប្ល៊ិត ឬទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសនេះ ឬអ្នកដែលគ្រោងនឹងទិញទូរស័ព្ទនេះនៅពេលអនាគតឡើយ។
ចំណែកឯលទ្ធភាពក្នុងការទទួលបានគ្រឿងផ្គុំសំខាន់ៗរបស់ក្រុមហ៊ុន Huawei លោក Ren បានឲ្យដឹងថា បន្ទះឈីបពាក់កណ្ដាលដែលប្រើប្រាស់នៅក្នុងឧបករណ៍របស់ក្រុមហ៊ុននេះបានពីអាមេរិក និងពាក់កណ្ដាលផ្សេងទៀតក្រុមហ៊ុនផលិតដោយខ្លួនឯង។
លោក Ren ថ្លែងថា៖ «យើងមិនអាចដាក់ឲ្យនៅឯកោពីពិភពលោកបាននោះទេ»។
លោកបន្ថែមថា៖ «យើងអាចផលិតបន្ទះឈីបដូចគ្នានឹងបន្ទះឈីបរបស់អាមេរិកបាន ប៉ុន្តែវាមិនមានន័យថា យើងនឹងមិនទិញបន្ទះឈីបទាំងនោះទេ៕ AFP/LA