ក្រុង​សានហ្រ្វានស៊ីស្កូៈ លោក Paul Allen ដែល​បាន​បង្កើត​ក្រុមហ៊ុន Microsoft ជាមួយ​លោក Bill Gates ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ និង​ក្រោយ​មក​បានក្លាយ​វិនិយោគិន សប្បុរសជន និង​ម្ចាស់​ក្លឹប​កីឡា​មួយ​ចំនួននោះ បានទទួលមរណភាព​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក​លើក​ចុងក្រោយ​បំផុត​នៅ​អាយុ ៦៥។

លោកស្រី Jody Allen ប្អូនស្រី​របស់​លោក Paul Allen បានឲ្យ​ដឹង​​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​​ដែល​បាន​ប្រកាស​អំពីការ​ស្លាប់របស់​លោកថា៖ «បង​ប្រុស​របស់ខ្ញុំគឺជា​បុគ្គលិក​ដ៏​គួរ​ឲ្យ​កត់​​សម្គាល់​នៅ​គ្រប់​កម្រិត។ ខណៈ​ដែល​ Paul Allen ​ត្រូវ​បាន​គេ​ស្គាល់ថាជា​​អ្នក​បច្ចេក​វិទ្យា និង​សប្បុរស​ជន​នោះ សម្រាប់​យើង​គាត់គឺ​ជា​បង​ប្រុស និង​ឪពុក​ធំ​​ជា​ទី​ស្រលាញ់ និង​ជា​មិត្តល្អ​ម្នាក់។

ជា​មហា​សេដ្ឋី​ម្នាក់​ក្នុងចំណោម​មនុស្ស​ដែលមានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក្នុងពិភពលោក Allen ក៏បានបង្កើត​ក្រុមហ៊ុន​ Stratolaunch Systems ដែល​​ផលិតយន្តហោះ​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​រចនា​ឡើង​សម្រាប់​ធ្វើ​ជា​យន្តហោះ​បាញ់​កាំជ្រួចដ៏ធំ​សម្រាប់​ការ​ធ្វើ​ដំណើរការ​នៅ​លំហរ​អាកាស​នា​ពេល​អនាគត។

យន្តហោះ​នេះ​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រកការបាញ់​បង្ហោះ​បង្ហាញ​ជា​លើក​ដំបូង​ នៅ​ដើម​ឆ្នាំ​ ២០១៩។

លោក Allen បាន​ស្លាប់​ពីរ​សប្តាហ៍​បន្ទាប់​ពី​លោក​បាន​ប្រកាស​ជា​សាធារណ​ពី​ការ​រើ​ឡើង​វិញ​នៃ​ជំងឺ​មហារីក​កូន​កណ្តុល ឬ non-Hodgkin''s lymphoma (NHL) ដែល​​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​បានកាលពី ៩ ឆ្នាំ​មុននោះ តែ​បាន​​វិល​ត្រលប់​មកវិញហើយ។

ជំងឺ​មហារីក​ដែលមិនអាច​ព្យាបាល​បាននេះ ប៉ះពាល់​ដល់​កោសិកា​ឈាមស៕ AFP/KC