ភ្នំពេញៈ តំណាង​ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍ​គម្រោង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដំណើរការ​ឈូសឆាយ​រង្វង់មូល​ហើយ​កាល​ថ្ងៃ​ម្សិលមិញ បន្ទាប់​បាន​ជួប​ជាមួយ​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​បញ្ចប់​តាម​ពេល​កំណត់​នៅ​ចុង​ឆ្នាំ​ ២០២០ ខាង​មុខ​។

ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នេះ​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​ ២៩ ខែ​មិថុនា ឆ្នាំ​ ២០១៨ កន្លង​មក​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ គម្រោង​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​ (OCIC) ​ក្នុង​តម្លៃ ២២ ​លាន​ដុល្លារ​ដោយ​ត្រូវ​ប្រើ​រយៈពេល​ ៣០ ​ខែ​។

រង្វង់មូល​ចោមចៅ​ជា​ចំណុច​តភ្ជាប់​រវាង​ផ្លូវគោក​ដែល​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ផ្លូវជាតិ​លេខ​ ៣ និង​ផ្លូវជាតិ​លេខ​ ៤ ដែល​ជា​ច្រក​នាំចេញ​នាំចូល​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​តាមរយៈ​ផ្លូវទឹក​។ ចំណុច​នេះ​តែង​ស្ទះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ ហើយ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ឈូស​រង្វង់មូល​ចោល​ដើម្បី​សង់ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ជំនួស​វិញ​។

លោក ឌី វណ្ណដូ អ្នកតំណាង​ក្រុមហ៊ុន OCIC បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា លោក​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ផ្នែក​ពាក់ព័ន្ធ​ដែល​មាន​បណ្តាញ​កប់​នៅក្រោម​ដី​មាន​ដូចជា ខ្សែកាប ខ្សែ​ទូរស័ព្ទ អគ្គិសនី និង​បណ្តាញ​ចែកចាយ​ទឹកស្អាត ជាដើម​ដើម្បី​ឲ្យ​ពួកគេ​យក​ប្លង់​ទីតាំង​កប់​នៅក្រោម​ដី​មក​ដាក់​រួម​គ្នា​មុន​ពេល​ក្រុម​ការងារ​របស់ OCIC ចាប់ផ្តើម​ជីកដី​ដាក់លូ និង​កប់​បណ្តាញ​ឡើង​វិញ​។

លោក​បាន​ថ្លែង​ថា​៖ «​បើ​តាម​ផែនការ ការកាយ​ដី​ដាក់លូ​នៅ​កន្លែង​ត្រូវ​សាងសង់​នៅ​ចំណុច​រង្វង់​ចោមចៅ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១០ ខែ​ធ្នូ​នេះ​»​។

លោក វណ្ណដូ ប្រាប់​ទៀត​ថា​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់មូល​ចោមចៅ​នឹង​ត្រូវ​សាងសង់​ ២ ​ជាន់​នៅ​ក្រោម​ដី ដែល​មាន​ ២ ​ខ្សែ​ដោយ​ត្រូវ​ជីក​ដី​ជម្រៅ​ ១៣ ​ម៉ែត្រ​។

បើ​ទោះបី​ជា​ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់មូល​ចោមចៅ​នឹង​មាន​ភាពស្មុគស្មាញ​ខ្លាំង​ក៏ដោយ ក៏​លោក វណ្ណដូ បញ្ជាក់​ថា គម្រោង​នេះ​នឹង​បញ្ចប់​តាម​កាលកំណត់​ក្នុង​រយៈពេល ៣០ ​ខែ​បន្ទាប់ពី​បើក​ការដ្ឋាន​។

បើ​តាម​លោក វណ្ណដូ ការពង្រីក​ផ្លូវ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នៅពេល​ការដ្ឋាន​សាងសង់​បាន​បញ្ចប់​រួចរាល់​តាំងពី​ថ្ងៃទី​ ៣០ ខែ​តុលា​មក​ម្ល៉េះ​។ ទោះ​យ៉ាង​នេះ​ក្តី​លោក​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ​នៅ​មាន​លំនៅឋាន​ប្រជាពលរដ្ឋ​ប្រមាណ ១៧ ​ខ្នង និង​ស្ថានីយ​ប្រេងឥន្ធនៈ ២ ​កន្លែង​មិនទាន់​ដោះស្រាយ​រួចរាល់​ទេ​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា លោក​មិន​មាន​ព័ត៌មាន​លម្អិត​ថ្មីៗ​ទាក់ទង​នឹង​គម្រោង​សង់ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​ចោមចៅ​ទេ ដោយ​លោក​គ្រាន់តែ​ដឹងថា​ការសាងសង់​កំពុង​ដំណើរ​ទៅ​មុខ​ជា​ប្រចាំ​៕ LA