ក្រុងកូឡុំបូៈ ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ស្រីលង្កា​បាន​រំឭក​កាលពី​ថ្ងៃ​អាទិត្យ​ថា ប្រទេស​ស្រីលង្កា​កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​វិបត្តិ​បំណុល​មួយ​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ដែល​ចំណាយ​ប្រាក់​ច្រើន​មួយ​ចំនួន​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​មុន​បាន​បង្ក​ឲ្យ​មាន​ការ​សងបំណុល​ក្នុង​បរិមាណ​ច្រើន​បំផុត​។

លោក Mangala Samaraweera រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស្រីលង្កា​បាន​ឲ្យ​ដឹង​ថា ការ​ទូរទាត់​ប្រាក់​ដើម និង​ប្រាក់ការ​នឹង​កើនឡើង​ដល់ ២,៨៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ​ភាគច្រើន​សង​បំណុល​សម្រាប់​គម្រោង​ដែល​ចំណាយ​ប្រាក់​ច្រើន ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី Mahinda Rajapakse​។

លោក Samaraweera បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​វិបត្តិ​នេះ​នឹង​កាន់​តែ​មាន​ស្ថានភាព​អាក្រក់​នៅ​ឆ្នាំ​ក្រោយ​»​។ លោក​បាន​បញ្ជាក់​ថា​ការសង​បំណុល​នឹង​កើនឡើង​ដល់​ ៤,២៨ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៩​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ការសង​បំណុល​នឹង​ចំណាយ​លើ​បំណុល​ដែល​បាន​ខ្ចី​ក្នុង​អំឡុង​ពេល​ដឹកនាំ​របស់​លោក Rajapakse ដែល​ចំណាយ​ខ្ជះខ្ជាយ ការកេងបន្លំ និង​អំពើ​ពុករលួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​បក្ខពួក​របស់​លោក Rajapakses»​។

ធនាគារ​កណ្តាល​របស់​ប្រទេស​នេះ​ឲ្យ​ដឹង​ថា ប្រាក់​បម្រុង​ជា​រូបិយប័ណ្ណ​បរទេស​មាន​ចំនួន​សរុប ៩,៩ ពាន់​លាន​ដុល្លារ​នៅ​ចុង​ខែ​មេសា​។

លោក Samaraweera មាន​ប្រសាសន៍​ថា​រដ្ឋបាល​របស់​លោក Rajapakse ទទួល​បាន​ឥណទាន​ដែល​មាន​ការប្រាក់​ខ្ពស់​ចំនួន​ពីរ​លើក​ដែល​មាន​ចំនួន ១,៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​កាន់​អំណាច​របស់​លោក​រយៈពេល​មួយ​ទសវត្សរ៍​របស់​ខ្លួន​។

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា​លោក Rajapakse បាន​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រទេស​ចិន​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​របស់​លោក តែ​គម្រោង​ជាច្រើន​បាន​ក្លាយ​ជា​បន្ទុក​លើ​សេដ្ឋកិច្ច​ដែល​មាន​ទំហំ ៨៧ ពាន់​លាន​ដុល្លារ​របស់​ស្រីលង្កា​។

រដ្ឋាភិបាល​ដែល​បណ្តេញ​លោក Rajapakse ចេញ​ពី​តំណែង​កាលពី​ឆ្នាំ ២០១៥ ត្រូវ​បង្ខំ​ចិត្ត​ជួល​ឲ្យ​ប្រទេស​ចិន​នូវ​កំពង់ផែ​ដែល​ខាតបង់​ច្រើន​នៅ​ទីក្រុង Hambantota ភាគ​ខាង​ត្បូង​ប្រទេស​នេះ​។

អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ដាក់​ឈ្មោះ​របស់​លោក Rajapakse បាន​ជួប​នឹង​ជោគ​វាសនា​ដូច​គ្នា​នេះ​ដែរ ដោយ​មាន​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​នឹង​ចំណាយ​ប្រាក់​បៀវត្សរ៍​បុគ្គលិក​។

មាន​តែ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ប៉ុណ្ណោះ​ដែល​ប្រតិបត្តិការ​ជើង​ហោះហើរ​អន្តរជាតិ​ចេញ​ពី​អាកាសយានដ្ឋាន Rajapaksa នេះ​ហើយ​បំណង​ធ្វើ​ឯកជនីនយកម្ម​អាកាសយានដ្ឋាន​នេះ​មិន​មាន​ការវិវឌ្ឍ​អ្វី​ឡើយ​។

បច្ចុប្បន្ន​ប្រទេស​ស្រីលង្កា​កំពុង​ប្រើប្រាស់​ថវិកា​សង្គ្រោះ​រយៈពេល​បី​ឆ្នាំ​តម្លៃ ១,៥ ​ពាន់​លាន​ដុល្លារ​ដែល​បាន​ចរចា​ជាមួយ​នឹង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៦ បន្ទាប់ពី​បាន​ប្រឈម​នឹង​វិបត្តិ​តុល្យភាព​នៃ​ការទូទាត់​។

រដ្ឋាភិបាល​ស្រីលង្កា​បាន​ដំឡើង​ថ្លៃ​ប្រេង​ក្នុង​ស្រុក​យ៉ាង​លឿន​នៅ​ដើម​ខែ​នេះ បន្ទាប់ពី​មាន​សម្ពាធ​ពី​មូលនិធិ IMF ហើយ​ធនាគារ​កណ្តាល​របស់​ប្រទេស​នេះ​បាន​កាត់​បន្ថយ​បន្ទុក​នៃ​ការឧបត្ថម្ភ​ដ៏ច្រើន​ទៅ​លើ​សេដ្ឋកិច្ច​ដែល​កំពុង​ជួប​ការលំបាក​របស់​ខ្លួន​។

IMF ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បញ្ចេញ​កញ្ចប់​ថវិកា​បន្ទាប់​នៃ​ថវិកា​សង្គ្រោះ​របស់​ខ្លួន​ឲ្យ​បាន​លុះត្រា​តែ​ស្រីលង្កា​កែសម្រួល​តម្លៃ​ប្រេង​ដោយ​ផ្អែក​លើ​ការចំណាយ​ផលិតកម្ម​៕ BP