លុចសំបួៈ សហភាពអឺរ៉ុប (EU) បានដកប្រទេសស្វ៊ីស និងអេមីរ៉ាតអារ៉ាប់រួមចេញពីបញ្ជីពន្ធទាបរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ដែលនេះគឺជាការផ្ដល់នូវភាពច្បាស់លាស់ដល់មជ្ឈមណ្ឌលពិភពលោកសម្រាប់ផែនការពន្ធអន្តរជាតិ។
ក្រុមរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុប្លុកប្រទេសទាំង ២៨ នេះបានថ្លែងថា៖ «ប្រទេសអាល់បានី កូស្ដារីកា ម៉ូរីស ស៊ែប៊ី និងស្វ៊ីស បានអនុវត្តមុនការកំណត់ស្តីពីការកែទម្រង់ចាំបាច់ទាំងអស់របស់ពួកគេ ដើម្បីគោរពតាមគោលការណ៍អភិបាលកិច្ចល្អផ្នែកពន្ធរបស់ EU»។
EU បានដាក់បញ្ចូលប្រទេសស្វ៊ីសទៅក្នុងបញ្ជីប្រផេះចាប់តាំងពីការចាប់ផ្ដើមកាលពីខែធ្នូ ឆ្នាំ ២០១៧ ខណៈប្រទេសនេះត្រូវបានចាត់ទុកថាមានការគ្រប់គ្រងពន្ធល្អប្រសើរ។
លោក Pierre Moscovici ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបានថ្លែងក្នុងសន្និសីទព័ត៌មាននៅប្រទេសលុចសំបួថា៖ «ប្រសិនបើប្រទេសស្វ៊ីសដកចេញពីបញ្ជីនេះ វាជាជោគជ័យមួយសម្រាប់ខ្ញុំ។ បញ្ជីល្អគឺខ្លីបំផុត»។
ប្រទេសស្វ៊ីសបានអនុម័តការកែទម្រង់ពន្ធកាលពីខែតុលាឆ្នាំ ២០១៨ ប៉ុន្តែការចូលជាធរមានរបស់ខ្លួនត្រូវបានពន្យារពេលដោយសារតែការធ្វើប្រជាមតិ។
ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលរួមទាំងទីក្រុងឌូបៃក៏ត្រូវបានបញ្ជាក់ពីស្ថានភាពល្អប្រសើរ និងត្រូវបានលុបចេញដោយផ្ទាល់ពីបញ្ជីខ្មៅនេះបន្ទាប់ពីការប្រញាប់ប្រញាល់តាមរយៈការកែទម្រង់ផងដែរ។
លោកស្រី Chiara Putaturo ទីប្រឹក្សាផ្នែកគោលនយោបាយផ្នែកពន្ធ EU របស់អង្គការ Oxfam បានថ្លែងថា៖ «ថ្ងៃនេះ EU បានលាក់បាំងប្រទេសមានពន្ធទាប ២ ដែលគ្រោះថ្នាក់ខ្លាំងបំផុតរបស់ពិភពលោក»។
លោកស្រីថ្លែងថា៖ «ទោះបីជាការកែទម្រង់នៅពេលថ្មីៗក៏ដោយ ក៏ប្រទេសទាំង ២ នេះនឹងនៅបន្តផ្ដល់ភាពផ្អែមល្ហែមដល់ក្រុមហ៊ុនគេចពន្ធ ដូចជាអត្រាពន្ធទាបខ្លាំងដដែល»។
វិធានការនេះបន្សល់ទុកប្រទេស ឬទឹកដី ៩ ដែលចាត់ទុកថាមិនសហការនៅលើបញ្ជីនេះ គឺសាម័រ អាមេរិក បេលី ហ្វីជី ហ្គាម អូម៉ង់ ទ្រីនីដាដ និងតូបាហ្គោ តំបន់ Virgin Islands និងតំបន់ Vanuatu របស់អាមេរិក។
ក្រុមរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ EU បានរៀបចំបញ្ជីនេះឡើងបន្ទាប់ពីមានរឿងអាស្រូវមួយចំនួនដែលរួមមានឯកសារ Panama Papers និងរឿងអាស្រូវ LuxLeaks។
បណ្ដាប្រទេសដែលជាប់ក្នុងបញ្ជីខ្មៅប្រឈមនឹងការដាក់ទណ្ឌកម្មមានកម្រិត ដែលរួមមានការបង្កកជំនួយអឺរ៉ុប ឬមូលនិធិអភិវឌ្ឍន៍៕ LA