ភ្នំពេញៈ ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​ ហត្ថា​កសិ​ករ​លី​មី​ត​ធីត ​(HKL) កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​​រៀប​ចំ​កម្ម​វិ​ធី​រ៉ូដ​សូ (ផ្សព្វ​ផ្សាយ) ​សម្រាប់​ការ​បោះ​ផ្សាយ​សញ្ញា​បណ្ណ​សា​ជីវ​កម្ម ​ដើ​ម្បី​បង្ហាញ​ពី​ឱ​កាស​វិ​និ​យោគ​ទៅ​កាន់​វិ​និ​យោ​គិន​ស​ក្តា​នុ​ពល ​ដោយ​​រំ​ពឹង​ថា​​នឹង​ប្រ​មូល​មូល​និ​ធិ​ ១២០​ ពាន់​លាន​រៀល ​(៣០ ​លាន​ដុ​ល្លារ) ពី​ទី​ផ្សារ​មូល​ធន​បំ​ណុល​កម្ពុជា​។

ក្រុម​ហ៊ុន​គ្រោង​បោះ​ផ្សាយ​​សញ្ញា​បណ្ណ​សា​ជីវ​កម្ម​​ ១,២ លាន​​បណ្ណ​ ក្នុង​​តម្លៃ​ ១០ ​ម៉ឺន​រៀល (២៥ ដុ​ល្លារ) ក្នុង​​មួយ​សញ្ញា​បណ្ណ ​ដោយ​មាន​អត្រា​គូ​ប៉ុង​ (ការ​ប្រាក់) ​ពី ៧,៥​ ទៅ​ ៨,៥ ​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ ដែល​មាន​រយៈ​ពេល​ ៣ ​ឆ្នាំ​។​​

លោក ​ហួត ​អៀង​តុង ​ប្រ​ធាន​អគ្គ​នា​យក​​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​​វត្ថុ ​ហ​ត្ថា​ក​សិ​ករ ​បាន​ថ្លែង​​ថា ​ការ​បោះ​ផ្សាយ​សញ្ញា​បណ្ណ​នេះ​រំ​ពឹង​នឹង​ទទួល​បាន​ជោគ​ជ័យ ​ទោះ​​វា​ជា​ទី​ផ្សារ​ថ្មី​សម្រាប់​កម្ពុជា​​ក៏​ដោយ ​ខណៈ​មាន​វិ​និ​យោ​គិន​ធំ​ៗ​មួយ​ចំ​នួន​បាន​បង្ហាញ​ការ​ប្តេ​ជ្ញា​ចិត្ត​វិ​និ​យោគ​រួច​ហើយ​។​

លោក​បាន​ថ្លែង​​ថា៖ «​នៅ​ពេល​យើង​ចាប់​ផ្តើម​រៀប​ចំ​ [បោះ​​ផ្សាយ​សញ្ញា​បណ្ណ] គឺ​មាន​​វិ​និ​យោ​គិន​ជា​ច្រើន​មក​ទាក់​​ទង​ជា​មួយ​​ហ​ត្ថាក​សិ​ករ​យើង ​​ដើ​ម្បី​វិ​និ​យោគ​​លើ​សញ្ញា​បណ្ណ​របស់​ហត្ថា​​ក​សិ​ករ​»។

ការ​​បោះ​ផ្សាយ​សញ្ញា​បណ្ណ​សា​ជី​វ​កម្ម​របស់​ហត្ថា​ក​សិ​ករ ​បង្ហាញ​​ពី​ការ​ចាប់​កំ​ណត់​ទី​ផ្សារ​មូល​ធន​បំ​ណុល​ក្នុង​ស្រុក​។

លោក​ Shuzo ​Shikata ​នា​យក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន ​អេស​ប៊ី​​អាយ ​រ៉ូ​យ៉ាល់ ​ស៊ី​ឃ្យួ​រឹ​ធី ​ដែល​ជា​​ក្រុម​ហ៊ុន​ធា​នា​ទិញ​មូល​បត្រ​តែ​មួយ​គត់​នៃ​សញ្ញា​បណ្ណ​សា​ជីវ​កម្ម​​របស់​​ហ​ត្ថាក​សិ​ករ ​បាន​ថ្លែង​ថា​ វា​នឹង​បង្កើត​បាន​ជា​​ប្រ​ភព​មូល​និ​ធិ​ថ្មី និង​ប្រ​កប​ដោយ​ចីរ​ភាព​មួយ​សម្រាប់​ក្រុម​ហ៊ុន​នា​នា​បន្ត​រីក​ចម្រើន។

លោក​​បន្ត​​ថា៖ «សញ្ញា​បណ្ណ​នេះ ក៏​ជួយ​​បង្កើត​ទី​ផ្សារ​​មួយ​ដែល​កាន់​តែ​មាន​ថាម​ពល ​ដែល​វិ​និ​យោ​​គិន​​មាន​ឧប​ករណ៍​ និង​ យុទ្ធ​សាស្រ្ត​កាន់​តែ​ច្រើន​សម្រា​ប់​ វិ​និ​យោគ​សាច់​ប្រាក់»​។

សា​ជីវ​កម្ម​ហិ​រញ្ញ​វត្ថុ​កម្ពុជា​ (FIC) បាន​បង្ហាញ​ការ​ប្តេ​ជ្ញា​ចិត្ត​​រួច​ហើយ​ក្នុង​ការ​ទិញ​សញ្ញា​បណ្ណ​នេះ​ក្នុង​ទឹក​ប្រាក់​រហូត​​ដល់ ៨០ ​ពាន់​លាន​រៀល​ (២០​​លាន​ដុ​ល្លារ) ខណៈ​ធ​នា​គារ​វឌ្ឍនៈ​សម្រេច​ចិត្ត​ វិនិ​យោគ​ ២០ ពាន់​​លាន​រៀល​ (ប្រ​ហែល​ ៥ ​លាន​ដុ​ល្លារ​)។

ធនា​គារ​កម្ពុជា​ពា​ណិជ្ជ​ ​និង​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​បន្ត​កម្ពុជា ក៏​បាន​សន្យា​​វិ​និ​យោគ​ជា​មួយ​នឹង​សញ្ញា​បណ្ណ​នេះ​ផង​ដែរ។

លោក ​Chan Kok Choy អគ្គ​នា​យក​ធនា​គារ​វឌ្ឍនៈ​ បាន​ឲ្យ​​ដឹង​ថា ការ​សម្រេច​ចិត្ត​នេះ​​​បង្ហាញ​ការ​គាំ​ទ្រ​ដល់​​ទី​ផ្សារ​បណ្ណ​បំ​ណុល​​នេះ។ លោក​ថ្លែង​ថា៖ «ពិត​ណាស់ ​យើង​ក៏​កោត​សរ​សើរ​ចំ​ពោះ​លទ្ធ​ផល​ហិ​រញ្ញ​វត្ថុ ​កំ​ណត់​ត្រា​ល្អ ការ​គ្រប់​គ្រង​ល្អ​ ម្ចាស់​ភាគ​ហ៊ុន​ល្អ ​និង​ចក្ខុ​​វិ​ស័យ​ល្អ​របស់​ហត្ថា​ក​សិករ​ផង​ដែរ»។

​ក្រុម​ហ៊ុន​នឹង​រៀប​ចំ​ធ្វើ​ប​រិ​វិ​ស​កម្ម​​​ចាប់​ពី​ថ្ងៃ​ទី​​ ២៤ ដល់​ថ្ងៃ​ទី​ ៣១ ខែ​តុ​លា ​ខណៈ​ការ​ចុះ​បញ្ជី​​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១​ ខែ​វិ​ច្ឆិ​កា​​​។

វិ​និ​យោ​គិន​ត្រូវ​វិ​និ​យោគ​យ៉ាង​​ហោច​ ៥​ សែន​ដុ​ល្លារ​​ក្នុង​ការ​ទិញ​មូល​បត្រ​បំ​ណុល​ក្នុង​ទី​ផ្សារ​ដំ​បូង​(​​ដំ​ណា​ក់​កាល ​រ៉ូដ​សូ​ និង​ប​រិ​វិ​សក​ម្ម​)​ និង​បង្កើន​ទឹក​ប្រាក់​ម្តង​​​ ១ ​សែន​ដុល្លារ​សម្រាប់​ការ​​វិ​និ​យោគ​បន្ថែ​ម​ បើ​វិ​និ​យោ​គិន​ណា​​​ចង់​​ទិញ​សញ្ញា​បណ្ណ​បន្ថែម​ទៀត៕LA