ភ្នំពេញៈ ក្រុមហ៊ុន​ហាង​បញ្ចាំ ​Cash-U-Up កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​លក់​​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​ ខណៈ​បច្ចុប្បន្ន​និន្នាការ​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​បញ្ចាំ​នៅ​កម្ពុជា​កំពុង​បង្ហាញ​​ពី​ការ​កើនឡើង​។ នេះ​បើ​យោង​តាម​នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​។​

ក្រុមហ៊ុន​អាជីវ​កម្ម​ទទួល​បញ្ចាំ Cash-U-Up ​​ជា​​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន WorldBridge Group ដែល​ជា​ក្រុមហ៊ុន​​ដ៏​ធំ​កំពុង​វិនិយោគ​លើ​អគារ​ The Bridge និង​ The PEAK បាន​​​ដំណើរ​ការ​អាជីវ​កម្ម​នេះ​រយៈ​ពេល​​ ៨ ​ឆ្នាំ មក​ហើយ​ និង​ពង្រីក​សាខា​បាន​​​​ ១៥ ​កន្លែង​នា​ពេល​បច្ចុប្បន្ន​។​

លោក​ គុជ សេដ្ឋា ប្រធាន​គ្រប់គ្រង​ទូទៅ​​​ក្រុមហ៊ុន Cash-U-Up ​បាន​ឲ្យ​ដឹង​ថា​​​ប្រហែល​ ៩០ ​ភាគរយ​នៃ​កន្លែង​​ទទួល​បញ្ចាំ​​​​ទាំង​អស់​ស្ថិត​​ក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​ការ​លក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​មាន​វិសាល​ភាព​កាន់​តែ​រីក​ធំ​ទៅ​កាន់​បណ្តា​ខេត្ត​​​។

បច្ចុប្បន្ន​ទស្សនៈ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សេវាកម្ម​បញ្ចាំ​នៅ​កម្ពុជា​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ព្រោះ​ការ​បញ្ចាំ​មិន​មែន​ជា​រឿង​ដែល​អាក្រក់​នោះ​ទេ​ តែ​វា​អាច​ជួយ​ឲ្យ​អ្នក​មាន​តម្រូវ​ការ​ប្រាក់ អាច​ទទួល​​​ប្រាក់​យក​មក​ប្រើប្រាស់​បាន​ភ្លាម​ៗ។​

លោក​ សេដ្ឋា ​បាន​ថ្លែង​​ថា៖ ​«​ក្នុង​​រយៈ​ពេល​ ២ ឆ្នាំ​ខាង​មុខ​ក្រុមហ៊ុន​មាន​ផែនការ​​​ពង្រីក​សាខា​ឲ្យ​បាន ៣០ កន្លែង ដោយ​​មិន​រាប់​បញ្ចូល​ពី​ការ​​លក់​សិទ្ធិ​​ធ្វើ​អាជីវ​កម្ម​នោះ​ទេ។ ចំណែក​​ការ​លក់​សិទ្ធិ​អាជីវកម្ម​ក្រុមហ៊ុន​គ្រោង​នឹង​បង្កើត​ឲ្យ​បាន​ ១០ ​ទីតាំង​»។

តាម​ផែន​ការ​សម្រាប់​​​ឆ្នាំ​ ២០១​៩ ​ក្រុមហ៊ុន​នឹង​​ផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដល់​ក្រុមហ៊ុន​ត្រឹម​តែ ​៥​ ប៉ុណ្ណោះ ​ខណៈ​​បច្ចុប្បន្ន​មាន​អតិថិជន​​ចំនួន ១០ ​ក្រុមហ៊ុន បាន​​ទាក់ទង​មក​ក្រុមហ៊ុន​ដើម្បី​ទិញ​យក​សិទ្ធិ​​​ធ្វើ​អាជីវកម្ម​បន្ត​​។​

លោក សេដ្ឋា បាន​និយាយ​ថា ​ដើម្បី​ឲ្យ​អាជីវ​កម្ម​បញ្ចាំ​ទទួល​​​​ជោគជ័យ​គេ​ត្រូវ​ប្រកាន់​នូវ​​គោល​ការណ៍​សំខាន់​ចំនួន​ ២ គឺ​​ការ​ធ្វើ​ការងារ​​​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ស្តង់​ដារ​នៃ​ការ​ថែរក្សា​វត្ថុ​ប្រចាំ​​ឲ្យ​មាន​លក្ខណៈ​​ដូច​ដើម​។​

ក្នុង​ការ​ប្រតិបត្តិ​ទទួល​បញ្ចាំ​កន្លង​​មក​ការ​ខូចខាត​នៃ​សេវាកម្ម​​របស់​ក្រុមហ៊ុន Cash-U-Up ស្ថិត​ក្នុង​​រង្វង់​ក្រោម​ ៥ ​ភាគរយ​។ នេះ​បើ​តាម​លោក​ សេដ្ឋា​។​

លោក ​កែវ ​និមិត្ត ទីប្រឹក្សា​យុទ្ធសាស្រ្ត​​ក្រុមហ៊ុន Cash-U-Up និង​ជា​​តំណាង​​​​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​​​ក្រុមហ៊ុន WorldBridge Group បាន​លើក​​ឡើង​ថា ទីផ្សារ​​​បញ្ចាំ​នៅ​កម្ពុជា​​មាន​ទំហំ​ធំ ប៉ុន្តែ​បច្ចុប្បន្ន​វិស័យ​នេះ​មិន​ទាន់​អាច​ឆ្លើយ​តប​​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ជាក់​ស្តែង​បាន​ទេ​​។ បច្ចុប្បន្ន​ Cash-U-Up ​​​មាន​អតិថិជន​ប្រហែល ​៥,០០០ ​​នាក់​។​

លោក​ នង​ ពិសិដ្ឋ​ ប្រធាន​ នាយកដ្ឋាន​​គ្រប់គ្រង​ អាជីវ​កម្ម​អចលន​វត្ថុ​បញ្ចាំ និង​ប្រាតិភោគ​​ដោយ​អនុប្បទាន នៃ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​​ដឹង​ថា​ទីផ្សារ​​បញ្ចាំ កំពុង​​មាន​តម្រូវ​ការ​ច្រើន​នៅ​កម្ពុជា។ លោក​បន្ត​ថា ក្រសួង​​តែង​​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​ទីតាំង​​ផ្ទាល់​ដើម្បី​ធានា​ឲ្យ​អាជីវ​កម្ម​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​ភាព​រឹងមាំ។

លោក​ថ្លែង​ថា៖​ «កាល​ពី​ពេល​​ថ្មី​ៗ​នេះ​ខ្ញុំ​ និង​ មន្ត្រី​ជំនាញ​​​បាន​សហការ​ជា​មួយ​ក្រសួង​​មហា​ផ្ទៃ​ ចុះ​ទៅ​ពិនិត្យ​​តាម​​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាបណ្ណ​ប្រកប​អាជីវ​កម្ម​​ទទួល​បញ្ចាំ​បាន​មួយ​ចំនួន​​។ ជា​លទ្ធផល ក្រុមហ៊ុន​ ៩០​ ភាគរយ​បាន​​អនុវត្ត​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង ​ខណៈ​​ប្រហែល​ ១០ ​ភាគរយ​ទៀត​មាន​​បញ្ហា​បន្តិច​បន្តួច​ចំពោះ​ការ​​លើក​ស្លាក​សញ្ញា​ហាង​»។

ទិន្នន័យ​ពី​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញវត្តុ​បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​បាន​ផ្តល់​អាជ្ញាបណ្ណ​​​ឲ្យ​ក្រុមហ៊ុន​​​​អាជីវ​កម្ម​ទទួល​បញ្ចាំ​សរុប​​ចំនួន ​៥០៩ ក្រុមហ៊ុន​៕LA