យុនណានៈ តំ​បន់​ភាគ​ខាង​ជើង​​របស់​ប្រ​ទេស​​ ឡាវ ​ចំ​នួន ​១០ ​​នឹង​​ពង្រឹង​​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អា​ជីវ​កម្ម​បន្ថែម​​ទៀត​ជា​មួយ​ខេត្ត​​យុន​ណាន ​ប្រ​ទេស​ ចិន​ ជា​ពិ​សេស​​នៅ​ក្នុង​វិ​ស័យ​​ទេស​ចរ​ណ៍ ពា​ណិជ្ជ​កម្ម សេដ្ឋ​កិច្ច ​និង​វិ​និ​យោគ។

មុន​ដាក់​ដំ​ណើរ​ការ​យុទ្ធ​នា​ការ​ ទស្សនា​ប្រ​ទេស​ ឡាវ‑ចិន ​​ឆ្នាំ​ ២០១៩ (Visit Laos-China Year 2019) ​គណៈ​កម្មា​ធិការ​​​កិច្ច​ស​ហ​ប្រតិ​បត្តិ​ការ​​ ឡាវ​‑ចិន​​ បាន​​ជួប​​ប្រជុំ​​ក្នុង​ប្រ​ទេស​ ចិន ​​ដើ​ម្បី​ឲ្យ​ប្រតិ​បត្តិ​ករ​​​ធុរ​កិច្ច​​មក​ពី​ប្រ​ទេស​ទាំង​ ២ អាច​ពិ​ភា​ក្សា​​​អំ​ពី​​​វិ​ស័យ​​សហ​​ប្រតិ​បត្តិ​ការ​បន្ថែម​​ទៀត​​​​នា​ពេល​អ​នា​គត​។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ ​អនុ​ប្រ​ធាន​សភា​ពា​ណិជ្ជ​កម្ម​​ និង​ឧស្សា​ហ​កម្ម​​ជាតិ​ឡាវ​​ លោក Bounleuth Luangaseuth ​អ្នក​ចូល​រួម​បាន​​ពិ​ភា​ក្សា​​​អំ​ពី​សក្តានុ​ពល​​​អនា​គត ​​និង​ពិ​និត្យ​​មើល​​ឡើង​វិញ​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​កន្លង​មក​ ​​ដើ​ម្បី​​ឆ្ពោះ​​ទៅ​រក​​សមិទ្ធ​ផល​ និង​​ការ​អភិវឌ្ឍ​​បន្ថែម​ទៀត​។

លោក​បាន​បន្ថែម​ថា កិច្ច​ប្រ​ជុំ​នេះ​គឺ​ដើ​ម្បី​បម្រើ​អត្ថ​ប្រ​យោជន៍​​ដល់​វិ​ស័យ​​ទេស​ចរណ៍​​​ក្នុង​ប្រ​ទេស​ ឡាវ​​ និង​ចិន​ ជា​ពិ​សេស​​នៅ​​ខេត្ត​ភាគ​ខាង​ជើង​ប្រ​ទេស​ ឡាវ ​និង​​ខេត្ត​យុន​ណាន។

គណៈ​ប្រ​តិភូ​ឡាវ​​មាន​គោល​បំ​ណង​ទាក់​ទាញ​​ការ​វិ​និ​យោគ​​ថែម​ទៀត​ពី​​ចិន​​​ និង​ផ្សព្វ​​ផ្សាយ​​គោល​នយោ​បាយ​​វិ​និ​យោគ​​​របស់​​ឡាវ។ ​

ក្រុម​មន្រ្តី​នឹង​ពន្យល់​ផង​ដែរ​អំពី​​លក្ខណ​វិ​និ​ច្ឆ័យ​​សម្រាប់​​​ការ​ប្រតិ​បត្តិ​ការ​​អា​ជីវ​កម្ម​ក្នុង​ប្រ​ទេស​ ឡាវ ​​ទៅ​ដល់​ក្រុម​ហ៊ុន​ចិន​​ក្នុង​​ខេត្ត​យុន​ណាន។

កិច្ច​ប្រជុំ​នេះ​អាច​ឲ្យ​​ប្រតិ​បត្តិ​ករ​​ឡាវ​ និង​​ចិន​​រៀន​សូត្រ​​អំពី​សកម្ម​ភាព​​របស់​គ្នា​ទៅ​វិញ​ទៅ​មក​​ ​និង​បម្រើ​ជា​​​វេ​ទិ​កា​​សម្រាប់​ ការ​ផ្គូ​ផ្គង​​ធុរ​កិច្ច​។

លោក Bounleuth ​បាន​ថ្លែង​ថា​ ដោយ​រំ​ពឹង​ថា​នឹង​មាន​​ភ្ញៀវ​ទេស​ចរ​​ចិន​ច្រើន​​នៅ​ឆ្នាំ​ក្រោយ​ សភា​ពា​ណិជ្ជ​កម្ម​​និង​ឧ​ស្សាហ​កម្ម​​ជាតិ​ឡាវ ​និង​ប្រទេស​​ ចិន ​នឹង​បង្កើត​សេវា​ព័ត៌​មាន​​មួយ​ដើម្បី​ជួយ​ដល់​អា​ជីវ​កម្ម​​នា​នា​ដែល​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​ប្រ​ទេស​​នី​មួយ​​ៗ​។

ភាគី​ទាំង​២​​បាន​ពិនិត្យ​​​មើល​ឡើង​វិញ​នូវ​សមិទ្ធ​ផល​ជា​ច្រើន​​រវាង​ឡាវ​ និង​ចិន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ថ្មី​ៗ​នេះ​ ជា​ពិសេស​​​ពាក់​ព័ន្ធ​នឹង​​ខេត្ត​ភាគ​ខាង​ជើង​​របស់​ប្រទេស​ឡាវ​ ​និង​ខេត្ត​យុនណាន​​​​​ដែល​នៅ​ជាប់​ខេត្ត​របស់ឡាវ​ទាំង​នោះ​។

ប្រតិបត្តិករ​ធុរកិច្ច​​ពី​ប្រទេស​នី​មួយ​ៗ​​បាន​​ពិភាក្សា​​​បញ្ហា​​​ដែល​ពួក​គេ​ប្រឈ​ម​មុខ​ ​​ដំណោះ​ស្រាយ​​ដែល​អាច​​​បាន​ និង​ការ​បង្កើន​​ការនាំចេញនាំចូល​ផងដែរ៕ ANN/PS