ក្រុងឡុងដ៍ៈ ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​នេះ​ថា ខ្លួន​នឹង​បញ្ចប់​ភ្លាមៗ​នូវ​ការធ្វើ​ដំណើរ​ដោយ​សេរី​សម្រាប់​មនុស្ស​មកពី​សហភាព​អឺរ៉ុប បន្ទាប់ពី​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប (Brexit) នៅ​ថ្ងៃទី​ ៣១ ខែ​តុលា​នៅក្នុង​ការផ្លាស់ប្តូរ​គោលនយោបាយ​មួយ​ស្ថិត​ក្រោម​លោក Boris Johnson នាយករដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស​។

អ្នកនាំពាក្យ​ការិយាល័យ Downing Street របស់​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា​៖ «​ការធ្វើ​ដំណើរ​ដោយ​សេរី​ដែល​ជា​គោលជំហរ​នាពេល​បច្ចុប្បន្ន​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​ ៣១ ខែ​តុលា​ជា​ពេល​ដែល​អង់គ្លេស​ត្រូវ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​»​។

អ្នកស្រី​បាន​បន្ថែម​ថា​រដ្ឋាភិបាល​មាន​ផែនការ «​ដាក់ចេញ​វិធាន​ឧក្រិដ្ឋ​កាន់តែ​តឹងរ៉ឹង​សម្រាប់​មនុស្ស​ដែល​ចូលមក​ចក្រភព​អង់គ្លេស​» ដែលជា​ផ្នែក​មួយ​នៃ​គោលជំហរ​តឹងរ៉ឹង​ថ្មី​។

អ្នកនាំពាក្យ​រូបនេះ​បាន​ថ្លែង​ថា​៖ «​ព័ត៌មាន​លម្អិត​នៃ​ការផ្លាស់ប្តូរ​ភ្លាមៗ​ផ្សេងទៀត​នៅ​ថ្ងៃទី​ ៣១ ខែ​តុលា​សម្រាប់​ប្រព័ន្ធ​អន្តោប្រវេសន៍​ថ្មី​មួយ បច្ចុប្បន្ន​បាន​និង​កំពុង​បង្កើតឡើង​»​។

ការផ្លាស់ប្តូរ​នេះ​កើតមាន​ឡើង​ក្នុង​គ្រា​ដែល​កើត​មាន​ការភ័យខ្លាច​កាន់តែ​ខ្លាំង​ថា ចក្រភពអង់គ្លេស​គ្រោង​នឹង​ចាកចេញ​ពី​ប្លុក​ប្រទេស​ដែល​មាន​សមាជិក ២៨ ប្រទេស​នេះ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ចាកចេញ​ណាមួយ​ក្នុង​រយៈពេល​ ២ ​ខែ​កន្លះ​ខាង​មុខ​ទៀត​ដែល​នៅ​សេសសល់​នេះ​។

ប្រជាពលរដ្ឋ​សហភាព​អឺរ៉ុប​ប្រហែល ៣,៦ លាន​នាក់​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស​ត្រូវ​បាន​ជូនដំណឹង​រួចហើយ​ឲ្យ​ដាក់​ពាក្យសុំ «​ឋានៈ​រស់នៅ​អចិន្រៃ្តយ៍​» ស្ថិត​ក្រោម​គម្រោង​មួយ​របស់​ក្រសួង​មហាផ្ទៃ​អង់គ្លេស​ដោយ​ផ្តួចផ្តើម​ដោយ​លោកស្រី Theresa May អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​។

មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​តែ​ប្រហែល ១ ​លាន​នាក់​ប៉ុណ្ណោះ​បាន​ចុះឈ្មោះ​សុំ​ឋានៈ​រស់នៅ​នេះ​៕ KC