ក្រុងឡុងដ៍ៈ ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យបានប្រកាសផែនការទិដ្ឋាការរហ័សថ្មីមួយសម្រាប់ក្រុមអ្នកវិទ្យាសាស្ដ្រជាន់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវ និងក្រុមគណិតវិទូ ខណៈដែលប្រទេសនេះរៀបចំប្រព័ន្ធអន្ដោប្រវេសន៍ថ្មីមួយសម្រាប់ជីវិតនៅក្រៅសហភាពអឺរ៉ុប (Brexit)។
លោកនាយករដ្ឋមន្ដ្រី Boris Johnson បានបង្ហាញផែនការនេះប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេល Brexit ឈានចូលមកដល់នៅថ្ងៃទី ៣១ ខែមករា។
ការបារម្ភអំពីអន្តោប្រវេសន៍ទ្រង់ទ្រាយធំគឺជាកម្លាំងជំរុញមួយនៅក្នុងយុទ្ធនាការឆ្នាំ ២០១៦ ដើម្បីសម្រេចថាតើត្រូវចាកចេញ ឬរក្សានៅក្នុងសហភាពអឺរ៉ុប (EU) ហើយលោក Johnson បានសន្យាថានឹងបញ្ចប់ការធ្វើដំណើរដោយសេរីជាមួយប្លុកនេះ។
ប៉ុន្តែលោកបានថ្លែងកាលពីថ្ងៃអាទិត្យថា៖ «នៅពេលយើងចាកចេញពី EU ខ្ញុំចង់បញ្ជូនសារមួយថា ចក្រភពអង់គ្លេស (UK) គឺបើកចំហគំនិតដែលមានទេពកោសល្យខ្លាំងបំផុតលើពិភពលោក និងត្រៀមរួចហើយក្នុងការគាំទ្រពួកគេ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេឲ្យទៅជាការពិត»។
ការធ្វើដំណើរដោយសេរីនៅ EU នឹងបន្តរយៈពេល ១១ ខែ បន្ទាប់ពី Brexit ក្នុងអំឡុងពេលអន្តរកាលដែលត្រូវបានបង្កើតឡើង ដើម្បីអាចឲ្យទីក្រុងឡុងដ៍ និងទីក្រុងប្រ៊ុចសែលយល់ព្រមលើភាពជាដៃគូនៅពេលអនាគតថ្មីមួយ។
រដ្ឋាភិបាលសង្ឃឹមថានឹងបង្ហាញប្រព័ន្ធអន្ដោប្រវេសន៍ដែលផ្អែកលើពិន្ទុថ្មីមួយ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១ សម្រាប់ពលរដ្ឋ EU និងពលរដ្ឋមិនមែន EU ប៉ុន្តែព័ត៌មានលម្អិតនៅតែកំពុងដំណើរការនៅឡើយ។
ប្រព័ន្ធទិដ្ឋាការទេពកោសល្យពិភពលោក (Global Talent) ដែលត្រូវប្រកាសកាលពីថ្មីៗនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែក្រោយ ដើម្បីជំនួសផែនការទិដ្ឋាការ (ទេពកោសល្យពិសេស) កម្រិតទី ១។
មានតែទិដ្ឋាការចាស់ប្រហែល ៥៥០ ប៉ុណ្ណោះត្រូវបានចេញកាលពីឆ្នាំ ២០១៨-២០១៩ ដែលទាបជាងច្រើនពីកម្រិតកំណត់ចំនួន ២ ០០០ ហើយក្រុមមន្ដ្រីសង្ឃឹមថា ផែនការទិដ្ឋាការថ្មីនេះដែលមិនមានកម្រិតកំណត់នឹងមានភាពទាក់ទាញបន្ថែមទៀត។
ទិដ្ឋាការនេះបើកចំហចំពោះអ្នកដាក់ពាក្យសុំកាន់តែទូលំទូលាយ និងផ្ដល់ផ្លូវកាន់តែងាយស្រួលក្នុងការតាំងលំនៅក្នុងចក្រភពអង់គ្លេស។
រដ្ឋាភិបាលអង់គ្លេសក៏បានដាក់ចេញនូវទឹកប្រាក់បន្ថែម ៣០០ លានផោន (៣៥៦ លានអឺរ៉ូស្មើនឹង ៣៩២ លានដុល្លារ) ដើម្បីផ្ដល់មូលនិធិដល់ការ «ស្រាវជ្រាវវិទ្យាសាស្ដ្រពិសោធន៍ និងវិទ្យាសាស្ដ្រគណិតវិទ្យាថ្មី» ក្នុងរយៈពេល ៥ ឆ្នាំក្រោយ។
លោក Johnson បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ចក្រភពអង់គ្លេសមានប្រវត្ដិសាស្ដ្រប្រកបដោយមោទនភាពមួយនៃការរកឃើញវិទ្យាសាស្ដ្រ ប៉ុន្តែដើម្បីដឹកនាំវិស័យនេះ និងប្រឈមបញ្ហានៃអនាគតដែលយើងចាំបាច់ត្រូវបន្តវិនិយោគលើការស្រាវជ្រាវទេពកោសល្យ និងការស្រាវជ្រាវទំនើបបំផុត៕ LA