ក្រុងលូអង់ដាៈ ប្រទេសអង់ហ្គោឡា និងក្រុមហ៊ុន Total ដែលជាក្រុមហ៊ុនប្រេងឈានមុខគេរបស់ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ បានដំណើរការជាផ្លូវការនូវគម្រោងប្រេងថ្មីក្នុងសមុទ្រដ៏សំខាន់មួយ ដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលបានធ្លាក់ចូលក្នុងវិបតិ្ត បន្ទាប់ពីតម្លៃប្រេងធ្លាក់ចុះកាលពីឆ្នាំ ២០១៤។
គម្រោង Kaombo ដែលមានទីតាំងនៅមហាសមុទ្រអាត្លង់ទិក ចម្ងាយ ២៥០ គីឡូម៉ែត្រ (១៥៥ ម៉ាយល៍) ពីទីក្រុងលូអង់ដា គឺជាការវិនិយោគរួមនៅសមុទ្រដ៏សំខាន់បំផុតរបស់ប្រទេសអង់ហ្គោឡា និងមានតម្លៃ ១៦ ពាន់លានដុល្លារ។
នាវាផលិតកម្មប្រេងចំនួនពីរគ្រឿង ដែលក្នុងមួយគ្រឿងៗមានប្រវែងជាង ៣០០ ម៉ែត្រ (៩៨៥ហ្វីត) នឹងបូមប្រេងឆៅពីអណ្ដូងប្រេងក្រោមសមុទ្រទាំង ៦ លាតសន្ធឹងលើផ្ទៃសមុទ្រ ៨០០ គីឡូម៉ែត្រការ៉េ ដែលមានទំហំប៉ុនក្រុងប៉ារីស។
បណ្ដាញបំពង់បង្ហូរប្រេងប្រវែង ៣០០ គីឡូម៉ែត្រ ត្រូវបានសាងសង់ជម្រៅ ២ ០០០ ម៉ែត្រចុះក្រោមផ្ទៃទឹក ដើម្បីបូមយកអ៊ីដ្រូកាបូន។
នាវា Kaombo Norte ដែលជានាវាមួយក្នុងចំណោមនាវាផលិតកម្មប្រេងថ្មីចំនួនពីរនេះ ផលិតប្រេងជាលើកដំបូងកាលពីខែកក្កដា ហើយនាវា Kaombo Sul ដែលជានាវាទី ២ នឹងចូលខ្លួនក្នុងប្រតិបត្តិនេះនៅពាក់កណ្ដាលឆ្នាំ ២០១៩។
ហេដ្ឋារចនាសម្ព័ន្ធនេះនឹងផលិតប្រេងបាន ២៣០ ០០ បារ៉ែលក្នុងមួយថ្ងៃ នៅពេលប្រតិបត្តិការពេញលេញ ស្មើនឹង ១៥ ភាគរយនៃការផលិតនៅពេលបច្ចុប្បន្នរបស់ប្រទេសនេះ៕ AFP/LA