ប៉េកាំងៈ ​ទិន្នន័យ​ផ្លូវ​ការ​ បាន​​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ​ថា​ អតិផរណា​នៅ​ក្នុង​ប្រទេស ​ចិន ​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង ​១ ​ឆ្នាំ ​កាល​​ពី​ខែ​ឧសភា ដែល​​ជំរុញ​ដោយ​កំណើន​តម្លៃ​សាច់​​ជ្រូក ​និង​បន្លែ​ ដោយសារ​ជំងឺ​ឆ្លង​ប៉េស្ដ​ជ្រូក​អាហ្រ្វិក ​និង​អាកាសធាតុ​មិន​ល្អ​។

ប៉ុន្តែ​ខណៈ​​ដែល​តម្លៃ​កំពុង​​កើន​ឡើង ​តម្រូវ​ការ​នៅ​តែ​ខ្សោយ​ ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ​និង​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​។​

ការិយាល័យ​ជាតិ​ស្ថិតិ​របស់​ចិន​ (NBS​)​ ​បាន​ឲ្យ​ដឹង​ថា ​សន្ទស្សន៍​តម្លៃ​ទំនិញ​​ប្រើប្រាស់ ​(CPI) ​ដែល​ជា​ការ​វាស់វែង​ដ៏​សំខាន់​មួយ​នៃ​​អតិផរណា​លក់​រាយ ​បាន​កើន​ឡើង ​២,៧ ​ភាគរយ​ ធៀប​​នឹង​ ២,៥ ​ភាគរយ​កាល​ពី​ខែ​មេសា ​និង​​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​កុម្ភៈ​​​ ឆ្នាំ ​២០១៨​ មក។​

ទិន្នន័យ​នេះ​ស្រប​ជាមួយ​នឹង​ការ​ព្យាករ​របស់​ក្រុម​អ្នក​វិភាគ​ ដែល​បាន​ស្ទង់មតិ​ដោយសារ​ព័ត៌មាន​ Bloomberg​ News​។​

ក្រុមហ៊ុន​ Capital ​Economics ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​មួយ​ថា​ការ​កើន​ឡើង​នេះ «ភាគ​ច្រើន​ដោយសារ​ការ​កើន​ឡើង​​លឿន​​នៃ​តម្លៃ​អាហារ​» និង​ការ​អាក់​ខាន​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក ដែល​បាន​បណ្ដាល​​មក​ពី​ជំងឺ​ប៉េស្ដ​ជ្រូក​​អាហ្វ្រិក​។

សត្វ​ជ្រូក​រាប់​លាន​ក្បាល​ ត្រូវ​បាន​សម្លាប់​នា​ពេល​ថ្មីៗ ​ដែល​បាន​បំផ្លាញ​ដល់​ចង្វាក់​ផ្គត់ផ្គង់​ពិភព​លោក​ និង​​ប៉ះពាល់​​ដល់​​តម្លៃ​​សាច់​ជ្រូក​​ចាប់​ពី​ទីផ្សារ​អាហារ​របស់​ទីក្រុង​ហុងកុង​ដល់​អាមេរិក​។​

ការិយាល័យ​ជាតិ​ស្ថិតិ​​ចិន​បាន​ឲ្យ​ដឹង​​ថា ​តម្លៃ​សាច់​ជ្រូក​បាន​​កើន​ឡើង ​១៨,​២ ​​ភាគរយ ​កាល​ពី​ខែ​ឧសភា​។ តម្លៃ​ផ្លែ​ឈើ​​ស្រស់​ធៀប​នឹង​រយៈពេល​ដូច​​គ្នា​កាល​ពី​ខែ​មុន ​បាន​កើន​ឡើង ​២៦,​៧ ​ភាគរយ​ ដោយសារ​តែ​​អាកាសធាតុ​មិន​ល្អ​ បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​​ការ​ផ្គត់ផ្គង់​។​ ស្ថិតិ​ផ្លូវ​ការ​របស់​ទីក្រុង​ប៉េកាំង​ឲ្យ​ដឹង​ថា ​សត្វ​ជ្រូក​ប្រហែល ​១ ​លាន​​ក្បាល​ ត្រូវ​បាន​សម្លាប់​ ចាប់​​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​លើក​ដំបូង​​កាល​ពី​ខែ​សីហា​ ឆ្នាំ​មុន។

សន្ទស្សន៍​តម្លៃ​ក្រុមហ៊ុន​ផលិត ​(PPI) ​ដែល​ជា​សូចនាករ​ដ៏​សំខាន់​មួយ​នៃ​តម្រូវ​ការ​ក្នុង​​ស្រុក​ បាន​កើន​ឡើង​ ​០,៦ ​ភាគរយ ​កាល​ពី​ខែ​ឧសភា ​ធៀប​​នឹង ​០,៩ ​ភាគរយ ​កាល​ពី​ខែ​មេសា​។​

ក្រុមហ៊ុន​ Nomura International បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​មួយ​ថា៖ «​កំណើន​​សេដ្ឋកិច្ច​អាច​ធ្លាក់ចុះ​បន្ថែម​ទៀត​ដោយសារ​តែ​ភាព​តានតឹង​​កាន់​តែ​ខ្លាំង​ឡើង​​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក ​និង​ចិន​»។​

ក្រុមហ៊ុន​នេះ​បន្ត​ថា៖ «​យើង​រំពឹង​ថា ​ទីក្រុង​​ប៉េកាំង​នឹង​ចាត់​វិធានការ​បន្ធូរបន្ថយ​/​លើក​ទឹក​ចិត្ត​​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ទំនុក​​ចិត្ត​ និង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​​កំណើន​សេដ្ឋកិច្ច​»។​

លោក​​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ ​ត្រូវ​បាន​រំពឹង​ថា​ នឹង​​​ជួប​លោក ​ស៊ី ជីនភីង​ នៅ​ក្នុង​​​កិច្ច​ប្រជុំ​កំពូល​ G20​ ​នៅ​​ក្នុង​ប្រទេស​ ជប៉ុន​ ​នៅ​ខែ​​នេះ ​ដើម្បី​ពិភាក្សា​ពី​ជម្លោះ​ពាណិជ្ជកម្ម​​ដែល​អូស​បន្លាយ​​រយៈពេល​វែង​ ប៉ុន្តែ​លោក Wilbur Ross ​រដ្ឋមន្ដ្រី​ក្រសួង​​ពាណិជ្ជកម្ម​អាមេរិក​ បាន​ព្រមាន​​ថា វា​នឹង​​មិនមែន​ជា​​ដំណាក់​កាល​​មួយ​សម្រាប់​ «​កិច្ច​ព្រមព្រៀង​ដ៏​ច្បាស់លាស់​មួយ​​នោះ​ទេ​»៕​ AFP/LA