ក្រុងហ្វ្រែងហ្វឺតៈ ទិន្និន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទថា អតិរេកពាណិជ្ជកម្មរបស់អាល្លឺម៉ង់បានធ្លាក់ចុះបន្តិចកាលពីខែតុលា ខណៈប្រទេសនាំចេញធំជាងគេនៅតំបន់អឺរ៉ុបមួយនេះទទួលរងផលប៉ះពាល់ពីភាពតានតឹងផ្នែកពាណិជ្ជកម្មសកល។

ការិយាល័យស្ថិតិជាតិ Destatis បានឱ្យដឹងថា អតិរេកពាណិជ្ជកម្មនេះមានចំនួន ១៧,៣ ពាន់លានអឺរ៉ូ (១៩,៧ ពាន់លានដុល្លារ) កាលពីខែ តុលា ពោលគឺធ្លាក់ចុះពី ១៧,៦ ពាន់លានដុល្លារកាលពីខែ កញ្ញា។

ការនាំចូលក្នុងរយៈពេលនេះបានកើនឡើង ១,៣ ភាគរយដែលខ្ពស់ជាងកំណើននាំចេញដែលមានតែ ០,៧ ភាគរយ។

ការថមថយអតិរេកពាណិជ្ជកម្មនេះបានកើតមានឡើង ខណៈដែលក្រុមហ៊ុននាំចេញរបស់អាល្លឺម៉ង់បានប្រឈមខ្លាំងទៅនឹងសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយប្រធានាធិបតីអាមេរិចលោក ដូណាល់ ត្រាំ។

សង្គ្រាមពាណិជ្ជកម្មរបស់លោក ត្រាំ ជាមួយប្រទេសចិន បានបង្កផលប៉ះពាល់ដោយប្រយោល ដោយបង្អាក់ចង្វាក់ផ្គត់ផ្គង់អន្តរជាតិ និងបង្កឱ្យមានភាពមិនប្រាកដប្រជាចំពោះវិនិយោគិន។

បន្ទាប់ពីទទួលបានលទ្ធផលមិនល្អនៅត្រីមាសទីបី ក្តីព្រួយបារម្ភកំពុងកើនឡើងថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អឺរ៉ុបមួយនេះ នឹងជម្នះបង្កើនសម្ទុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយក្នុងឆ្នាំនេះ៕ AFP/NS