ក្រុង​ប៉េកាំងៈ ទិន្ន​ន័យ​ផ្លូវការ​​បាន​បង្ហាញ​កាល​ពីថ្ងៃសុក្រ​ថា​ អតិ​រេក​ពាណិជ្ជកម្មរបស់​ប្រទេសចិន​​ជា​មួយ​អាមេរិក​បាន​កើន​ឡើង​​ខ្លាំង​​ដល់​​កម្រិតខ្ពស់​បំ​ផុត​ ៣៤,​១ ​ពាន់​លាន​ដុល្លារ​កាល​ពីខែ​កញ្ញា ទោះបីជា​អាមេរិក​ដក​ហូត​ពន្ធនាំចូល​ច្រើន​ក៏ដោយ ដែលបង្កឲ្យ​ ​ភ្លើង​សង្គ្រាម​ពាណិជ្ជ​ឆេះ​កាន់តែ​​ខ្លាំង​ឡើង។

ទំនាក់ទំនងរវាង​​ប្រទេសមាន​សេដ្ឋកិច្ច​ឈា​នមុខ​​គេ​ទាំង​ពីរ​របស់​ពិ​ភព​លោក​នេះ បាន​ធ្វើ​ឲ្យ​មាន​ភាពជូរចត់​យ៉ាង​ខ្លាំង​​នៅ​ឆ្នាំនេះ​ ជា​មួយ​នឹង​ការ​ប្ដេជ្ញាចិត្ត​របស់​​លោក​ប្រធា​នាធិបតី​អាមេរិក​ ដូណាល់ ត្រាំ កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា នឹង​ធ្វើ​ឲ្យ​ភាព​ឈឺចាប់​ផ្នែ​កសេដ្ឋ​កិច្ចលើ​ប្រ​ ​ទេសចិន​ ប្រសិនបើ​​ប្រទេស​នេះនៅ​តែ​មិន​ប្តូរ​ឥរិយាបថ។

ការនាំចេញ​របស់​ប្រទេសចិន​ទៅអាមេរិក បាន​កើន​ឡើង​ដល់ ៤៦,​៧​ ពាន់​លានដុល្លារ​ ខណៈ​ការនាំចូល​​បានធ្លាក់ចុះ​មក​នៅ​ត្រឹម​ ១២,​៦ ​ពាន់​លានដុល្លារ​។ នេះ​បើ​យោងតាម​រដ្ឋ​បាលគយ​របស់​ប្រ​ទេស​ចិន។

​​ប្រទេស​មាន​សេដ្ឋ​កិច្ច​ឈាន​មុខ​គេ​ទាំង​ពីរ​របស់​ពិ​ភព​លោក​នេះ បាន​ហូត​ពន្ធ​នាំចូល​​​ក្នុង​ទឹក​ប្រាក់​​ច្រើន​​លើ​ទំនិញ​នាំចូល​ទៅវិញ​ទៅ​មក​កាល​ពីពាក់​កណ្ដាល​​ខែ​កញ្ញា​ ដោយ​អាមេរិក ដែល​កំណត់​ទិសដៅ​ ២០០ ​ពាន់​លាន​ដុល្លារ​​លើ​ការនាំចូល​របស់​ប្រទេសចិន ហើយ​ទី​ក្រុង​ប៉េកាំង​តបត​វិញក្នុងតម្លៃ​​ ៦០ ​ពាន់​លាន​ដុល្លារ​​លើ​ទំនិញ​អាមេរិក។

​លោក​ Li Kuiwen អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​គយ​ចិន​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌​មាន​កាល​ពីថ្ងៃសុក្រ​ថា​៖ «​ជម្លោះ​​ពាណិជ្ជ​កម្ម​ចិន និងអាមេរិក​ បាន​បណ្ដាល​​ឲ្យ​មាន​បញ្ហា​ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ការអភិវឌ្ឍ​​​ពាណិជ្ជ​កម្ម​បរទេស»។

​ពាណិជ្ជ​កម្មរួម​របស់​ប្រទេសចិន ពោល​គឺ​ជាអ្វីដែល​ប្រទេសនេះ​ទិញ និង​លក់​ជា​មួយ​បណ្ដា​ប្រទេស​ទាំងអស់​​ដែលរួម​ទាំង​អាមេរិក​ផង​ដែរ​នោះ​ បាន​កត់​ត្រាអតិរេក​​ ៣១,​៧​ ពាន់​លាន​ ខណៈដែល​​ការនាំចេញ​បាន​កើន​ឡើងខ្ពស់​ជាង​ការ​នាំចូល។

ការនាំចេញ​​បាន​កើន​ឡើង ១៤,​៥ ​ភាគរយ​សម្រាប់​ខែ​កញ្ញា​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​លើស​ពី​ការ​ព្យាករ​ដោយ​ក្រុម​អ្នក​វិភាគ ដែល​បានស្ទង់​មតិ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Bloomberg News ខណៈដែល​ការ​នាំចូល​បាន​កើន​ឡើង​ ១៤,៣​ ភាគរយ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕ AFP/LA