ក្រុងប៉េកាំងៈ ទិន្នន័យបានបង្ហាញកាលពីថ្ងៃអង្គារថា អតិរេកពាណិជ្ជកម្មរបស់ប្រទេស ចិន ជាមួយអាមេរិកបានរួមតូចកាលពីឆ្នាំមុន ខណៈប្រទេសមានសេដ្ឋកិច្ចធំជាងគេពីររបស់ពិភពលោកបានដកហូតពន្ធនាំចូលពិន័យទៅវិញទៅមកក្នុងសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងមួយ ខណៈប្រទេសទាំងពីរត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលបន្ធូរបន្ថយភាពតានតឹង។
ភាពខុសគ្នាយ៉ាងខ្លាំងក្នុងការចរាចរពាណិជ្ជកម្មគឺជាឆ្នឹងខ្នងដ៏សំខាន់មួយនៃការខ្វែងគំនិតគ្នាសម្រាប់លោក ដូណាល់ ត្រាំ នៅក្នុងជម្លោះដែលជាប់គាំងដ៏យូរដែលបានមើលឃើញលោកប្រធានាធិបតីរូបនេះដកហូតពន្ធនាំចូលលើទំនិញមានតម្លៃរាប់រយពាន់លានដុល្លារ ដែលជំរុញឲ្យមានការសងសឹកពីទីក្រុងប៉េកាំង និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
អតិរេករបស់ប្រទេស ចិន មានទំហំប្រហែល ២៩៥,៨ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ ធ្លាក់ចុះ ៨,៥ ភាគរយ ធៀបនឹងចំនួនខ្ពស់បំផុត ៣២៣,៣ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨។ នេះបើយោងតាមទិន្នន័យគយ។
កាលពីខែធ្នូ អតិរេករបស់ខ្លួនជាមួយអាមេរិកមានចំនួនប្រហែល ២៣,២ ពាន់លានដុល្លារ ធៀបនឹង ២៤,៦ ពាន់លាន កាលពីខែវិច្ឆិកា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មខ្នាតតូចដែលបានប្រកាសកាលពីខែមុននឹងមើលឃើញទីក្រុងប៉េកាំងទិញបន្ថែមផលិតផលអាមេរិកមានតម្លៃ ២០០ ពាន់លានដុល្លារ ក្នុងអំឡុងពេល ២ ឆ្នាំ។ នេះបើយោងតាមក្រុមមន្ដ្រីរបស់ទីក្រុងវ៉ាស៊ីនតោន។ ប្រទេស ចិន នៅមិនទាន់បញ្ជាក់តួលេខនេះជាសាធារណៈនៅឡើយទេ។
រដ្ឋបាលលោក ត្រាំ បានផ្អាកដកហូតពន្ធនាំចូលថ្មីលើទំនិញដែលផលិតនៅប្រទេស ចិន ដូចជាគ្រឿងអេឡិចត្រូនិកដែលនឹងត្រូវចាប់ផ្ដើមអនុវត្តកាលពីខែមុន។ រដ្ឋាភិបាលនេះក៏បានបញ្ឈប់ការហូតពន្ធទាំងនោះនៅថ្ងៃទី ១ ខែកញ្ញា លើផលិតផលមានតម្លៃ ១២០ ពាន់លានដុល្លារផងដែរ។
ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានរក្សាពន្ធនាំចូល ២៥ ភាគរយ លើការនាំចូលរបស់ប្រទេសចិនដែលមានតម្លៃប្រហែល ២៥០ ពាន់លានដុល្លារ។
នៅក្នុងសញ្ញាមួយបន្ថែមទៀតនៃការកាត់បន្ថយការកើនឡើងខ្លាំង ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទបានដកប្រទេសចិនចេញពីឈ្មោះជាអ្នកកេងចំណេញតម្លៃរូបិយប័ណ្ណ (currency manipulator) ដែលខ្លួនបានដាក់លើចិនកាលពីរដូវក្ដៅឆ្នាំមុន។
ក្នុងសន្និសីទព័ត៌មានមួយនៅថ្ងៃអង្គារ លោក Zou Zhiwu អ្នកនាំពាក្យរដ្ឋបាលគយបានឲ្យដឹងថា ចាប់តាំងពីខែវិច្ឆិកា និងខែធ្នូ ការនាំចូលរបស់ប្រទេសចិនពីអាមេរិកដែលរួមមានទាំងសណ្ដែកសៀង និងសាច់ជ្រូកបានកើនឡើង។
លោក Zou បានបន្ថែមថា ការបង្កើនការនាំចូលពីអាមេរិកនឹងមិនប៉ះពាល់ដល់ការទិញរបស់ប្រទេស ចិន ពីបណ្ដាប្រទេសផ្សេងទៀតនោះទេ។
លោកក៏បានឲ្យដឹងថា ភាពតានតឹងផ្នែកពាណិជ្ជកម្ម «បានដាក់សម្ពាធមួយចំនួនលើពាណិជ្ជកម្ម និងក្រុមហ៊ុនបរទេសរបស់ប្រទេសចិនដែលភាគច្រើនធ្វើពាណិជ្ជកម្មជាមួយអាមេរិក»។
លោកបានថ្លែងថា៖ «ទោះបីជាការនាំចេញរបស់យើងទៅអាមេរិកបានធ្លាក់ចុះក៏ដោយ ក៏ប្រសិទ្ធភាពនៃសហគ្រាសដែលធ្វើពិពិធកម្មលើទីផ្សាររបស់ពួកគេ មានសារៈសំខាន់»។ លោកបន្ថែមថាការនាំចេញទៅទីផ្សារមិនមែនអាមេរិក បានកើនឡើង ហើយការនាំចេញជារួមនៅតែកំពុងកើនឡើង៕ LA