ក្រុងប៉េកាំងៈ អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយអាមេរិក បានធ្លាក់ចុះកាលពីខែកក្កដា នៅពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហូតពន្ធនាំចូលខ្ពស់លើទំនិញរបស់ប្រទេសចិនក្នុងតម្លៃរាប់ពាន់លានដុល្លារនៅក្នុងការប្រឈមមុខដាក់គ្នាមួយរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកនេះ។
តួលេខកាលពីថ្ងៃពុធត្រូវបានចេញផ្សារ ខណៈប្រទេសទាំងពីរគំរាមកំហែងគ្នាទៅវិញទៅមកក្នុងការវិធានការបន្ថែម ដែលបានជំរុញឲ្យមានការបារម្ភពីការកើតមានសង្គ្រាមពាណិជ្ជកម្ម ដែលក្រុមអ្នកសង្កេតព្រមានថា អាចរារាំងពាណិជ្ជកម្មពិភពលោក។
ទីក្រុងប៉េកាំងបានរាយការណ៍ពីអតិរេកពាណិជ្ជកម្ម ២៨,១ ពាន់លានដុល្លារកាលពីខែកក្កដា ធ្លាក់ចុះពីកំណត់ត្រាខ្ពស់បំផុត ២៨,៩ ពាន់លានដុល្លារកាលពីខែមិថុនា។ អតិរេកពាណិជ្ជកម្មខ្ពស់របស់ប្រទេសចិនជាមួយអាមេរិកគឺជាកម្មវត្ថុនៃជម្លោះមិនចេះចប់មួយ ដោយលោកត្រាំចោទប្រកាន់ប្រទេសនេះពីបទអនុវត្តមិនស្មើភាព លួចការងារអាមេរិក និងលួចបច្ចេកវិទ្យារបស់ខ្លួន។
ការធ្លាក់ចុះអតិរេកអាមេរិករបស់ប្រទេសចិនមិនទំនងជានឹងបន្ធូរបន្ថយភាពតានតឹងជាមួយលោក ត្រាំ ឡើយ។ សេតវិមាន កាលពីថ្ងៃទី ៦ ខែកក្កដា បានហូតពន្ធនាំចូល ២៥ភាគរយលើផលិតផលរបស់ប្រទេសចិនដែលនាំចូលអាមេរិកក្នុងតម្លៃ ៣៤ ពាន់លានដុល្លារ ដែលជំរុញឲ្យមានការឆ្លើយតបសងសឹកភ្លាមៗពីទីក្រុងប៉េកាំង។
មន្ដ្រីអាមេរិកបានថ្លែងកាលពីថ្ងៃអង្គារថា ពួកគេនឹងហូតពន្ធ ២៥ ភាគរយលើការនាំចូលរបស់ប្រទេសចិនក្នុងតម្លៃ ១៦ ពាន់លានដុល្លារផ្សេងទៀតចាប់ពីថ្ងៃទី ២៣ ខែសីហា៕ AFP/LA