ក្រុងប៉េកាំងៈ ទិន្នន័យផ្លូវការកាលពីថ្ងៃសៅរ៍បង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ប្រទេស ចិន ជាមួយអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៣៥,៦ ពាន់លានដុល្លារកាលពីខែវិច្ឆិកា ខណៈការនាំចេញរបស់ប្រទេសនៅជាប់មហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ នៅតែរឹងមាំដដែល បើទោះបីពន្ធនាំចូលរបស់អាមេរិកមានកម្រិតខ្ពស់ និងការនាំចេញបានធ្លាក់ចុះក៏ដោយ។
ទំនាក់ទំនងរវាងប្រទេសមានសេដ្ឋកិច្ចនាំមុខគេទាំង ២ របស់ពិភពលោកនេះនៅតែបន្តភាពតានតឹង បើទោះបីជាមានកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមពាណិជ្ជកម្ម ដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជីនភីង ជាសមភាគីកាលពីសប្ដាហ៍មុនក៏ដោយ។
លោក ត្រាំ និងឥស្សរជនជាច្រើនក្នុងរដ្ឋការរបស់លោក បានឲ្យដឹងថា ប្រទេស ចិន នឹងចាប់ផ្ដើមទិញទំនិញអាមេរិកក្នុងបរិមាណច្រើនភា្លមៗ ប៉ុន្តែក្រុងប៉េកាំង បានបញ្ឈប់ការអះអាងទាំងអស់នោះ។
ពាណិជ្ជកម្មដែលបានផ្អៀងទៅម្ខាងយ៉ាងខ្លាំងលើទំនិញរវាងប្រទេសទាំង ២ នេះ បានគំរាមកំហែងដល់ចក្ខុវិស័យដែលរារាំងបន្ថែមទៀតសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងអំឡុងការចរចារយៈពេល ៩០ ថ្ងៃ។
ឱនភាពពាណិជ្ជកម្មកាន់តែខ្លាំងជាមួយចិន គឺជាចំណុចរសើបសម្រាប់លោក ត្រាំ ដែលបានធ្វើយុទ្ធនាការលើការធ្វើឲ្យស្ថានការណ៍ផ្លាស់ប្តូរ។
ទិន្នន័យគយប្រទេស ចិន បង្ហាញថា ការនាំចេញរបស់ប្រទេស ចិន ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៩,៨ ភាគរយសម្រាប់ខែវិច្ឆិកា ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលពីសហរដ្ឋអាមេរិកសម្រាប់ខែវិច្ឆិកាបានធ្លាក់ចុះ ២៥ ភាគរយ។
កសិករអាមេរិក បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្ម។ លោក ត្រាំ បានសរសេរលើទំព័រ Twitter កាលពីចុងសប្តាហ៍មុនថា ប្រទេស ចិន នឹងចាប់ផ្ដើមទិញផលិតផលពីកសិករអាមេរិក «ភ្លាមៗ»។
ជាធម្មតាអ្នកទិញរបស់ប្រទេស ចិន បានទិញសណ្ដែកសៀងអាមេរិកភ្លាមៗនៅរដូវប្រមូលផលនាខែចុងក្រោយនៃឆ្នាំនីមួយៗ ខណៈសណ្ដែកសៀងពី ប្រេស៊ីល គឺជាដៃគូប្រកួតប្រជែងដ៏ធំ។
ប៉ុន្តែនៅឆ្នាំនេះ អ្នកទិញពីប្រទេស ចិន បានបដិសេធទិញសណ្ដែកសៀងអាមេរិក ដែលត្រូវប្រឈមនឹងពន្ធ ២៥ ភាគរយ នៅពេលនាំចូលដែលជាផ្នែកមួយនៃទឹកប្រាក់ ៥០ ពាន់លានដុល្លារលើទំនិញរបស់អាមេរិក ដែលទីក្រុងប៉េកាំងហូតពន្ធកាន់តែខ្ពស់នៅរដូវក្ដៅនេះ ជាការសងសឹកសម្រាប់ពន្ធនាំចូលរបស់អាមេរិក។
ទិន្នន័យបង្ហាញទៀតថា ការនាំចូលសណ្ដែកសៀងរបស់ប្រទេស ចិន បានធ្លាក់ចុះ ៣៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម ៥,៤ លានតោនសម្រាប់ខែវិច្ឆិកា។
អតិរេកពាណិជ្ជកម្មជាមួយអាមេរិក បានកើនឡើងដល់ ២៩៣,៥ ពាន់លានដុល្លារចាប់ពីខែមករាដល់ខែវិច្ឆិកា ដោយកើនឡើងពី ២៥១,៣ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានឹងឆ្នាំមុន។
ពាណិជ្ជកម្មអន្តរជាតិ
ទិន្នន័យបានបង្ហាញថា ពាណិជ្ជកម្មជារួមរបស់ប្រទេសចិន គឺជាអ្វីដែលប្រទេសនេះទិញ និងលក់ជាមួយបណ្ដាប្រទេសទាំងអស់ ដែលរួមទាំងអាមេរិក បានកត់ត្រាអតិរេក ៤៤,៧ ពាន់លានដុល្លារកាលពីខែវិច្ឆិកា កើនពី ៣៥ ពាន់លានដុល្លារកាលពីខែតុលា។
ប៉ុន្តែអត្រាកំណើនការនាំចេញ និងនាំចូលបានធ្លាក់ចុះចាប់ពីខែតុលា ដោយការនាំចេញកើន ៥,៤ ភាគរយសម្រាប់ខែវិច្ឆិកា ធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន ដែលមិនដូចនឹងការព្យាករ ៩,៤ ភាគរយ ដោយទីភ្នាក់ងារព័ត៌មាន Bloomberg News ហើយការនាំចូលកើនឡើង ៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក៏ស្ថិតនៅក្រោមការព្យាករផងដែរ។
ការនាំចេញធ្លាក់ចុះ និងកំណើនការនាំចូល ជាសញ្ញាអាក្រក់មួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលនេះជាការកើនល្បឿនយឺតបំផុតនៅក្នុងត្រីមាសទី ៣ សម្រាប់រយៈពេល ៩ ឆ្នាំកន្លងមក។
ខណៈការនាំចេញទៅអាមេរិកបានផ្អាករហូតមកដល់រដូវស្លឹកឈើជ្រុះ ជម្លោះនេះក៏បានធ្វើឲ្យធ្លាក់ចុះទំនុកចិត្តផងដែរ។
សន្ទស្សន៍ភាគហ៊ុនស៊ាងហៃ បានធ្លាក់ចុះប្រហែល ១ ភាគ ៤ ធៀបនឹងការកើនឡើងកាលពីខែមករា ខណៈប្រាក់យន់ បានធ្លាក់ថ្លៃប្រហែល ៩ ភាគរយធៀបនឹងប្រាក់ដុល្លារ។
ការបញ្ឈប់សង្រ្គាមពាណិជ្ជកម្ម
ភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន បានកើតឡើងចំពេលដ៏ពិបាកសម្រាប់ទីក្រុងប៉េកាំង ដែលកំពុងប្រយុទ្ធដើម្បីដោះស្រាយបំណុលចំនួនច្រើន ដោយសារការរឹតបន្តឹងឥណទាន និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធធ្លាក់ចុះ។
កាលពីសប្ដាហ៍មុន ជាផ្នែកមួយនៃការបញ្ឈប់សង្គ្រាមពាណិជ្ជកម្ម លោក ត្រាំ បានយល់ព្រមផ្អាកផែនការបង្កើនពន្ធនាំចូលសម្រាប់ការនាំចូលរបស់ប្រទេស ចិន ២០០ ពាន់លានដុល្លារដល់ ២៥ ភាគរយ ដែលចាប់ផ្ដើមនៅថ្ងៃទី ១ ខែមករា ដែលរក្សាទុកពន្ធនាំចូលក្នុងអត្រា ១០ ភាគរយនៅពេលបច្ចុប្បន្ន។
ការបារម្ភដោយសារកិច្ចព្រមព្រៀងនេះ បានធ្វើឲ្យប៉ះពាល់ដល់ភាគហ៊ុនកាលពីសប្តាហ៍កន្លងមកជាមួយនឹងសន្ទស្សន៍ទំនិញអាមេរិកសំខាន់ៗបានធ្លាក់ចុះជាង ២ ភាគរយ ដោយមកនៅជិតសប្ដាហ៍ដ៏អាក្រក់បំផុតរបស់ទីផ្សារនេះចាប់តាំងពីខែមីនា និងជាពេលដែលបណ្ដាលឲ្យក្រុមហ៊ុន Dow និងក្រុមហ៊ុន S&P 500 ស្ថិតក្នុងលទ្ធផលអវិជ្ជមានសម្រាប់ឆ្នាំនេះ។
ប្រទេស ចិន ក៏បានប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីមន្ដ្រីជាន់ខ្ពស់ និងកូនស្រីរបស់ស្ថាបនិក Huawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេស ចិន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេស កាណាដា នៅសប្ដាហ៍មុន បន្ទាប់ពីការស្នើសុំការធ្វើបត្យាប័នរបស់អាមេរិក។
ក្រៅពីការទិញទំនិញអាមេរិកភ្លាមៗ លោក ត្រាំ បានបញ្ជាក់កាលពីសប្តាហ៍មុនថា ប្រទេស ចិន នឹងកាត់បន្ថយពន្ធនាំចូល ៤០ ភាគរយលើរថយន្តដែលផលិតនៅអាមេរិក ប៉ុន្តែក្រសួងពាណិជ្ជកម្មចិន បានបដិសេធការបញ្ជាក់ពីការផ្លាស់ប្តូរនេះ នៅពេលត្រូវសួរពីពន្ធនាំចូលកាលពីថ្ងៃព្រហស្បតិ៍។
ទោះយ៉ាងណាទីក្រុងប៉េកាំង នៅតែមានសុទិដ្ឋិនិយមលើចក្ខុវិស័យសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងមានទំនុកចិត្តថាយើងអាចសម្រេចកិច្ចព្រមព្រៀងមួយក្នុងរយៈពេល ៩០ ថ្ងៃខាងមុខ»។
លោក ត្រាំ សរសេរលើ Twitter ថា៖«ខ្ញុំយល់ព្រម»៕ AFP/LA