ក្រុង​តូ​ក្យូៈ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​​​ជប៉ុន ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ច​ន្ទ​ថា​ ​ព្រះ​រាជ​អា​ជ្ញា​​ជប៉ុន បាន​ចោទ​ប្រ​កាន់​លោក Carlos Ghosn ជា​ផ្លូវ​ការ​ហើយ​​​ពី​បទ​ប្រ​ព្រឹត្ត​កំ​ហុស​​ហិ​រញ្ញ​វត្ថុ​តាម​រយៈ​​រាយ​ការណ៍​មិន​ត្រឹម​ត្រូវ​នូវ​​ប្រាក់​ខែ​របស់​លោក។

ការ​ចោទ​ប្រ​កាន់​នេះ​បាន​ធ្វើ​ឡើង​ ៣ សប្ដាហ៍​ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មហា​សេ​ដ្ឋី​​​ក្នុង​ឧស្សា​ហ​កម្ម​រថ​យន្ត​​នេះ ដែល​​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពិ​ភព​​ពា​ណិជ្ជ​កម្ម។​

លោក​ Ghosn អាយុ ៦៤ ឆ្នាំ​​ដែល​​ជា​អតីត​ប្រ​ធាន​​ក្រុម​ហ៊ុន​ Nissan ត្រូវ​បាន​ឃុំ​ខ្លួន​ ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ១៩ វិច្ឆិ​កា​មក​ពី​បទ​សង្ស័យ​ថា ​​​ប្រ​កាស​ប្រាក់​​ចំ​ណូល​របស់​លោក​​​មិន​ត្រឹម​ត្រូវ​​ចំ​នួន​ប្រ​ហែល​ ៥​ ពាន់​លាន​យ៉េន (៤៤ លាន​ដុ​ល្លារ) នៅ​ចន្លោះ​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៥​។​

កាល​ពី​ថ្ងៃ​ចន្ទ​ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ប្រ​កាន់​ជា​ផ្លូវ​ការ​​​​ផង​ដែរ​​​លើ​លោក Greg Kelly ដែល​ជា​​ជំ​នួយ​ការ​ជិត​ស្និទ្ធ​របស់​លោក Ghosn ជុំ​វិ​ញ​ការ​ចោទ​ប្រ​កាន់​នេះ ដែល​អ្នក​ទាំង​ ២ បាន​បដិ​សេធ។

អ្នក​ទាំង​ ២ ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី​ភ្លាម​ៗ​ផង​ដែរ​ជុំ​វិញការ​ចោទ​​ប្រ​កាន់​ថ្មី​ៗ​ដែល​ថា ពួក​គេ​​បាន​សម​គំ​និត​​រាយ​ការណ៍​​ប្រាក់​ចំ​ណូល​របស់​លោក Ghosn មិ​ន​ត្រឹម​ត្រូវ​​ចំ​នួន​ ៤​ ពាន់​លាន​យ៉េន​បន្ថែម​ទៀត​​ក្នុង​រយៈ​ពេល​ ៣ ​ឆ្នាំ​កន្លង​មក​។​

ស្ថិត​ក្រោម​ច្បាប់​របស់​ប្រ​ទេស​ ជប៉ុន ជន​សង្ស័យ​អាច​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី​ ជា​ច្រើន​ដង​តាម​ការ​ចោទ​ប្រ​កាន់​ផ្សេង​ៗ​គ្នា​ ដែល​​អាច​​ឲ្យ​ក្រុម​ព្រះ​រាជ​អាជ្ញា​ ចោទ​សួរ​ពួក​គេ​​ក្នុង​​អំ​ឡុង​ពេល​វែង​ ជា​ប្រ​ព័ន្ធ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​​​ការ​រិះ​គន់​ទូ​ទាំង​ពិ​ភព​លោក​។​

ថ្ងៃ​ចន្ទ​ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​​ព្រះ​រាជ​អា​ជ្ញា​អាច​ឃុំ​ខ្លួន​លោក Ghosn និង​លោក Greg Kelly ដែល​ជា​​ជំ​នួយ​ការ​ជិត​ស្និទ្ធ​របស់​លោក Ghosn មុន​ពេល​​​ចោទ​ប្រ​កាន់​ ឬ​​ចាប់​ខ្លួន​ពួក​គេ​ជា​ថ្មី​ ហើយ​​​ការ​ចាប់​ខ្លួ​ន​ប​ន្ថែម​ទៀត​ នឹង​អាច​ឲ្យ​ព្រះ​រាជ​អាជ្ញា​ប​ន្ត​ការ​សាក​សួរ​រយៈ​​ពេល​ ២២ ថ្ងៃ​ផ្សេង​ទៀត​។​

យោង​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ប្រ​ទេស ជប៉ុន​ ក្រៅ​ពី​ការ​ចោទ​ប្រ​កាន់​​​ប្រ​ឆាំង​នឹង​លោក Ghosn ក្រុម​ព្រះ​រាជ​អាជ្ញា​​ក៏​បាន​ចោទ​ប្រ​កាន់​​​​​ក្រុម​ហ៊ុន​ Nissan ផង​ដែរ​ ដោយ​សារ​បាន​បញ្ជូន​​ឯក​សារ​ផ្លូវ​ការ​​ ដែល​​​រាយ​​ការណ៍​​​​មិន​ត្រឹម​ត្រូវ​អំពី​ប្រាក់​ចំ​ណូល។​

លោក​ Ghosn បដិ​សេធ​​ការ​ចោទ​​ប្រ​កាន់​នេះ និង​កំ​ពុង​ស្ថិត​ក្នុង​អា​រម្មណ៍​ «​មិន​ចុះ​ចាញ់»។ នេះ​​បើ​យោង​តាម​ប្រ​ភព​មួយ​មក​​​ពី​​ក្រុម​ហ៊ុន​ផលិត​រថ​យន្ត Renault៕ AFP/LA