ភ្នំពេញ: បញ្ហា​អាកាសធាតុ និង​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​​ព្រះសីហនុ​បាន​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ម៉ោង​ហោះហើរ​រយៈពេល​ខ្លី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​សុក្រ ខណៈ​មន្ត្រី​និយាយ​ថា ប្រសិន​បើ​​បញ្ហា​នេះ​អូស​បន្លាយ​យូរ​នឹង​ប៉ះពាល់​ដល់​ការហោះហើរ និង​ភ្ញៀវទេសចរ​មក​កាន់​ខេត្ត​នេះ​។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​ដឹងថា យន្តហោះ​មួយ​ចំនួន​មិនអាច​ចុះចត​បាន​ទេ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយសារ​បញ្ហា​អាកាសធាតុ​។

លោក​ថ្លែង​ថា​៖ «​យន្តហោះ​ចុះ​អត់​កើត​ដោយសារ​អ្នកបើកបរ​មើល​ផ្លូវ​ចុះ​អត់​ឃើញ មេឃងងឹត មិនមែន​មកពី​ភ្លៀង​លិច​ព្រលាន​ទេ ទឹកភ្លៀង​ច្រាល​មក​មួយ​ភ្លែត​ទឹក​ស្រក​ទៅ​វិញ​អស់ ដូច្នេះ​មិន​មាន​ការប៉ះពាល់​ដល់​ការហោះហើរ​ឡើយ​»​។ លោក ស៊ីន ចាន់សិរីវុត្ថា បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​ការហោះហើរ​ចរាចរ​ជាធម្មតា​។

លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ប្រសិន​បើ​ខេត្ត​ព្រះសីហនុ​នៅ​បន្ត​រង​ឥទ្ធិពល​ព្យុះភ្លៀង​អូសបន្លាយ​យូរ​អាច​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ជាង​នេះ​។ លោក​ថ្លែង​ថា​៖ «​សព្វថ្ងៃ​មាន​ភ្ញៀវទេសចរ​មក​លេង​ធម្មតា មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ទេ តែ​ប្រសិន​បើ​ភ្លៀង​បន្ត​ធ្លាក់​យូរថ្ងៃ​ទៀត​អាច​នឹង​ប៉ះពាល់​ដូចជា ការហោះហើរ​អាច​ត្រូវ​បាន​ពន្យារពេល ខណៈ​ផ្លូវគោក​មិន​អាច​ធ្វើដំណើរ​បាន​»​។

ទោះ​យ៉ាងនេះ​ក្តី​លោក​បន្ត​ថា​មក​ដល់​ពេល​នេះ​មិនមាន​អ្វី​ប៉ះពាល់​ធំដុំ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​ទេ​។ បើ​តាម​លោក​ សុចិត្តគ្រឹស្នា ចាប់តាំងពី​ដើម​ឆ្នាំ​ ២០១៩ ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​តាម​ជើងហោះហើរ​ជា​មធ្យម ៦ ៥០០ ​នាក់​ក្នុង​ ១ ​ថ្ងៃ​ក្នុង​នោះ​ភាគច្រើន​ភ្ញៀវ​ចិន និង​ម៉ាឡេស៊ី​។

លោក តុប សុភ័ក អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង​លិច​មួយ​ផ្នែក​នៅ​ខេត្ត​ព្រះសីហនុ​អាច​ធ្វើឲ្យ​កំណើន​ភ្ញៀវទេសចរ​ថយចុះ​តិចតួច​។ លោក​ថ្លែង​ថា​៖ «​នេះ​ជា​គ្រោះធម្មជាតិ​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ដូច្នេះ​ភ្ញៀវទេសចរ​អាច​រអាក់រអួល​ខ្លះ ដោយសារ​មាន​ទឹកជំនន់ ទោះ​យ៉ាង​ណា​អាជ្ញាធរ​កំពុង​ខិតខំ​រំដោះ​ទឹក​នៅពេល​ទឹក​ស្រក​ទៅ​អ្នកទេសចរ​អាច​ទៅ​លេង​ទីនោះ​វិញ​ហើយ​»​។

យោង​តាម​របាយការណ៍​អាកាសចរណ៍​ស៊ីវិល​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ ២០១៩ ​នេះ​ការហោះហើរ​ចេញ​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ​មាន​ចំនួន ២៩ ៧០៥ ជើង​ក្នុង​នោះ ៤ ១៥១ ជើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​៕LA