ក្រុង​ដូហាៈ សហរដ្ឋ​អាមេរិក និង​ប្រទេស ​កាតា បាន​ព្រមព្រៀង​​លើ​កិច្ច​សន្យា​ជា​ច្រើន​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​នៃ​ប្រទេស​ក្នុង​​ឈូង​សមុទ្រ​ពែរ្ស៍​នេះ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន រួម​ទាំង​កិច្ច​ព្រមព្រៀង​មួយ​ស្តីពី​គម្រោង​ឥន្ធនៈ​​គីមី​ដែល​មាន​តម្លៃ ៨ ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​ប្រេង Qatar Petroleum របស់​កាតា និង​ក្រុមហ៊ុន Chevron Phillips Chemical របស់​​អាមេរិក​ បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​អភិវឌ្ឍ​រោងចក្រ​ឥន្ធនៈ​គីមី​លំដាប់​ថ្នាក់​ពិភព​លោក​មួយ​នៅ​តំបន់​ឆ្នេរ​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Qatar Petroleum ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​កាតា​​កាល​ពី​ថ្ងៃ​ពុធ។

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​របស់​កាតា​លោក Saad al-Kaabi និង​លោក Mark Lashier ប្រធាន​​ក្រុមហ៊ុន Chevron Phillips Chemical បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​សេតវិមាន។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក Tamim bin Hamad Al-Thani ប្រមុខ​រដ្ឋ​របស់​ប្រទេស ​កាតា បាន​ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ ​ដែល​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ទង់ជាតិ​ចម្រុះ​ពណ៌​​របស់​ប្រទេស​ទាំង​ ២។ នេះ​​បើយោង​តាម​រូបភាព​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​​ក្រុមហ៊ុន Chevron Phillips Chemical។

ក្រុមហ៊ុន Qatar Petroleum បាន​ឲ្យ​ដឹង​ថា រោងចក្រ​ដែល​គ្រោង​នឹង​បើក​ដំណើរការ​ផលិតកម្ម​​នៅ​ឆ្នាំ ២០២៤ នេះ នឹង​ជា​រោងចក្រ​ចម្រាញ់​សារធាតុ​​​អេទីល​ឡែន (ethylene) ធំ​បំផុត​ក្នុង​ពិភព​លោក​ដែល​មាន​សមត្ថភាព​ផលិត​ចំនួន ២ លាន​​តោន ​ក្នុង ​១ ​ឆ្នាំ។

ប្រទេស ​កាតា ​ដែល​ជា​ទីតាំង​មូលដ្ឋាន​យោធា​នៅ​មជ្ឈិមបូព៌ា​ធំ​បំផុត​របស់​ទីក្រុង​វ៉ាស៊ីនតោន នៅ​សប្តាហ៍​នេះ​បាន​រៀបចំ​ការ​ចរចា​សន្តិភាព​រវាង​សហរដ្ឋ​អាមេរិក និង​ក្រុម​​តាលីបង់ ដើម្បី​ដោះ​ស្រាយវិបត្តិ​នៅ​ប្រទេស ​អាហ្វហ្គានីស្ថាន។

លោក​ ត្រាំ និង​លោក Tamim បាន​បញ្ជាក់​ជា​ថ្មី​ពី ​«ការ​ប្តេជ្ញា​ចិត្ត​ចំពោះការ​ពន្លឿន​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិការ​យុទ្ធសាស្រ្ត​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង ២»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន QNA ផ្លូវការ​​របស់​ប្រទេស​ កាតា។

មេ​ដឹកនាំ​ទាំង ​២ បាន​ថ្លែង​ថា៖ «យើង​បាន​ពិភាក្សា​អំពី​ការ​បង្កើន​​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ រួម​ទាំង​ប្រតិបត្តិការ​នានា​​ដែល​ផ្តល់​​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក​ទាំង​នេះ​ផង​ដែរ»។

លោក Tamim ដែល​បាន​ធ្វើ​ដំណើរ​​ទៅ​ដល់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ ក៏​បាន​ជួប​លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក និង​លោក John Bolton ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​ផង​ដែរ។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស ​កាតា៕ AFP/KC