ក្រុងប៉េកាំងៈ ប្រទេស​ចិន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​អ្នកចរចា​ពាណិជ្ជកម្ម​របស់​អាមេរិក និង​ចិន​នឹង​ចាប់ផ្តើម​ចរចា​ឡើងវិញ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ដើមខែ​តុលា បន្ទាប់ពី​ពន្ធ​ពិន័យ​ថ្មី​បាន​បង្កើន​ការភ័យខ្លាច​កើតមាន​ការ​បរាជ័យ​ក្នុង​ការចរចា​។

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទាំង​ ២ ​ក្នុង​ពិភពលោក​នេះ​បាន​ជាប់ជំពាក់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏តានតឹង​ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ​ដែល​បាន​កើនឡើង​ថែមទៀត​កាលពី​ថ្ងៃទី​ ១ ខែកញ្ញា នៅពេល​ប្រទេស​ទាំង​ ២ ​បាន​ដំឡើង​ការដកហូត​ពន្ធគយ​គ្នា​ទៅវិញ​ទៅមក​។

ការចរចា​ត្រូវ​បាន​រំពឹងថា​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ខែ​នេះ ប៉ុន្តែ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹងថា ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក Liu He ដែលជា​មេដឹកនាំ​ចរចា​បាន​ព្រមព្រៀង​ចរចា​នៅ​ខែ​តុលា បន្ទាប់ពី​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោក Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក និង​លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ទាំងនេះ​បាន​ព្រមព្រៀង «​ធ្វើ​ការងារ​រួមគ្នា និង​ចាត់វិធានការ​ជាក់ស្តែង ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការប្រឹក្សា​យោបល់​»​។

ក្រសួង​ឲ្យ​ដឹង​ទៀតថា ភាគី​ទាំង​ ២ ​នឹង «​រក្សា​ការទាក់ទង​ជិតស្និទ្ធ​» មុនពេល​ចរចា​។

មន្ត្រី​ចរចា​កំពូល​ទាំងនេះ​បាន​ជួបគ្នា​ចុងក្រោយ​ក្នុង​ទីក្រុង​ស៊ាងហៃ​កាលពី​ខែកក្កដា សម្រាប់​ការចរចា​មួយ​ដែល​ត្រូវបាន​ពិពណ៌នា​ថា​ជា​ការចរចា «​ប្រកប​ដោយ​ស្ថាបនា​» ប៉ុន្តែ​បានបញ្ចប់​ដោយ​គ្មាន​ការប្រកាស​លទ្ធផល​។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បន្ទាប់មក​បានប្រកាស​ថា​លោក​នឹង​ដំឡើង​ពន្ធគយ​លើ​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​ចិន ដែល​មាន​តម្លៃ​ជាង ៥០០ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ជុំ​ថ្មី​មួយ​នៃ​វិធានការ​ពន្ធ​ពិន័យ​ដែល​ជំរុញ​ឲ្យ​ទីក្រុង​ប៉េកាំង​ឆ្លើយតប​វិញ​ជាមួយ​នឹង​ការដកហូត​ពន្ធ​ថ្មី​លើ​ទំនិញ​អាមេរិក​តម្លៃ ៧៥ ​ពាន់​លាន​ដុល្លារ​៕ KC