វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ផ្នែក​ជាមួយ​ប្រទេស​ ចិន បន្ទាប់ពី​ការចរចា​នៅ​​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​លោក Liu He ឧបនាយករដ្ឋមន្ដ្រី​។

ទាំងនេះ​គឺជា​ចំណុច​ដ៏សំខាន់​នៃ​កិច្ចព្រមព្រៀង​ដែល​មិន​ទាន់​ត្រូវ​បាន​ចុះហត្ថលេខា​នៅឡើយ​ទេ​។

កិច្ចព្រមព្រៀង​ជាគោលការណ៍​

លោក ត្រាំ បាន​ឲ្យ​ដឹង​ថា​លោក​សង្ឃឹម​ថា​នឹង​មាន​កិច្ចព្រមព្រៀង​មួយ​នឹង​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីនភីង «​ក្នុង​រយៈពេល​ ៤ ​សប្ដាហ៍ ឬ ៥ ​សប្ដាហ៍​ខាង​មុខ​»​។

ការចុះហត្ថលេខា​អាច​ធ្វើឡើង​នៅ​ពាក់កណ្ដាល​ខែ​វិច្ឆិកា​នៅ​ប្រទេស​ស៊ីលី​នៅ​ក្រៅ​ជំនួប​នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)​។

លោក Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​រតនាគារ​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា​៖ «​យើង​មាន​ការយល់ដឹង​ជា​មូលដ្ឋាន​មួយ​លើ​បញ្ហា​សំខាន់ៗ ប៉ុន្តែ​មាន​ការងារ​ជាច្រើន​ត្រូវ​​ធ្វើ​»​។ លោក​ថ្លែង​ថា​៖ «​យើង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ លុះត្រា​តែ​យើង​អាច​ទទួល​បាន​ហើយ​អាច​ប្រាប់​លោក​ប្រធានាធិបតី ថា​នេះ​កំពុង​មាន​នៅលើ​ឯកសារ​»​។

លោក Mnuchin បាន​ឲ្យ​ដឹងថា​លោក Liu ចាំបាច់​ត្រូវ «​ត្រឡប់​ទៅ​ធ្វើ​ការងារ​មួយ​ចំនួន​ជាមួយ​ក្រុម​របស់​លោក ប៉ុន្តែ​យើង​បាន​ធ្វើឲ្យ​មាន​ការរីកចម្រើន​ជាច្រើន​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ចុង​ក្រោយ​នេះ​» ដែល​ផ្ដល់​សញ្ញា​ថា ការយល់ព្រម​ពី​កម្រិត​ខ្ពស់​បំផុត​នៅ​ទីក្រុង​ប៉េកាំង​នឹង​ត្រូវ​បាន​ស្វែងរក​។

កសិកម្ម

ប្រទេស ចិន​ បាន​សន្យា​ថា​នឹង​បង្កើន​ការទិញ​ទំនិញ​កសិកម្ម​អាមេរិក​ពី​ ៤០ ​ទៅ​ ៥០ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ ដែល​នឹង​កើនឡើង​ជាង​ ២ ​ដង​ នៃ​កម្រិត​កាលពី​ឆ្នាំ​ ២០១៧ ​។

កាលពី​ឆ្នាំ​ ២០១៧ មុន​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​បាន​ចាប់ផ្ដើម​ប្រទេស​ចិន​បាន​នាំចូល​ទិន្នផល​កសិកម្ម​អាមេរិក​មាន​តម្លៃ​ ១៩,៥ ​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង​ ៩ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។

ហិរញ្ញវត្ថុ និង​រូបិយប័ណ្ណ

លោក Mnuchin បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​យើង​មាន​ការពិភាក្សា​គ្នា​ដ៏ល្អ​មួយ​ជាមួយ​ប្រធាន​ធនាគារកណ្ដាល​ប្រជាជន​ចិន​»​។ លោក​បន្តថា​៖ «​យើង​ក៏​មាន​ការពិភាក្សា​ជាច្រើន​ផង​ដែរ​លើ​សេវា​ហិរញ្ញវត្ថុ​ដែល​បើកចំហ​ទីផ្សារ​របស់​ពួកគេ​ដល់​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​របស់​យើង​។ ដូច្នេះ​យើង​មាន​ការពិភាក្សា​ច្រើន​ស្ទើរតែ​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​បញ្ហា​ ២ ​ក្នុង​ចំណោម​បញ្ហា​ទាំងនោះ​»​។

លោក​បញ្ជាក់ថា​៖ «​រូបិយប័ណ្ណ​គឺជា​ការបារម្ភ​ដ៏ធំ​បំផុត​មួយ ហើយ​យើង​មាន​កិច្ចព្រមព្រៀង​មួយ​ជុំវិញ​តម្លាភាព​នៅក្នុង​ទីផ្សារ​ប្តូរប្រាក់​បរទេស និង​ទីផ្សារសេរី ដូច្នេះ​យើង​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​ការងារ​នោះ​»​។

ក្រសួង​រតនាគារ​អាមេរិក​កាលពី​ខែ​សីហា​បាន​ហៅ​ប្រទេស​ចិន​ថា ជា​ប្រទេស​ក្រឡុក​ទីផ្សារ​រូបិយប័ណ្ណ ដែល​ចោទ​ទីក្រុង​ប៉េកាំង​ពី​បទទម្លាក់​តម្លៃ​ប្រាក់​យន់​ដោយ​ចេតនា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពាណិជ្ជកម្ម​មិន​ស្មើភាព​។

ការផ្ទេរ​បច្ចេកវិទ្យា

លោក ត្រាំ បាន​ឲ្យ​ដឹង​ថា​ការចរចា​នេះ «​បាន​ធ្វើឲ្យ​មាន​ការរីកចម្រើន​ល្អ​បំផុត​លើ​ការផ្ទេរ​បច្ចេកវិទ្យា​» ដែល​ជា​ចំណុច​ដ៏សំខាន់​មួយ​នៃ​ការខ្វែង​គំនិត​គ្នា​។ ដោយ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែម លោក​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​មួយ​អាច​សម្រេច​បាន​ក្នុងពេល​ឆាប់ៗ​ជាមួយ​នឹង​ក្រុមហ៊ុន​អាមេរិក​ជាច្រើន ដែល​ចែករំលែក​ជំនាញ​របស់​ពួកគេ​ជា​ថ្នូរ​នឹង​ការទទួល​បាន​ការចូល​ទីផ្សារ​របស់​ប្រទេស​ចិន​។

ការដោះស្រាយ​ជម្លោះ

លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​ជា​ប្រធាន​អ្នកចរចា​របស់​អាមេរិក​បាន​ឲ្យ​ដឹងថា យន្តការ​ដោះស្រាយ​ជម្លោះ​កំពុង​ត្រូវ​បានបញ្ចប់​។ យន្តការ​នេះ​ត្រូវបាន​អាមេរិក​មើលឃើញ​ថា មាន​សារៈសំខាន់​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ណាមួយ​។ លោក Lighthizer បាន​ឲ្យ​ដឹងថា ជុំ​បន្ទាប់​នៃ​ពន្ធ​នាំចូល​ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​ ១៥ ខែ​ធ្នូ​ អាច​ត្រូវ​បាន​លុបចោល​៕ LA