ក្រុង​ហ្សឺ​ណែវៈ ស​ហ​រដ្ឋ​អា​មេ​រិក​ ​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ប្រ​កួត​ប្រ​ជែង​ខ្ពស់​ជាង​គេ​ក្នុង​ពិ​ភព​លោក​ ​ប៉ុ​ន្តែ​បញ្ហា​វិ​សម​​ភាព​ និង​សុខ​ភាព​រួម​​ទាំង​ភាព​ជំ​ងឺ​​ធាត់​​​បាន​ប៉ះ​ពាល់​ទៅ​លើ​ពិន្ទុ​​​របស់​ខ្លួន។ នេះ​បើ​យោង​តាម​របាយ​ការណ៍​​​របស់​វេ​ទិ​កា​សេដ្ឋ​កិច្ច​ពិ​ភព​លោក (WEF) ​​​ដែល​បាន​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ពុធ​។

វេ​ទិ​កា​សេដ្ឋ​កិច្ច​ពិ​ភព​លោក​បាន​ឲ្យ​ដឹង​​​ក្នុង​​របាយ​កា​រណ៍​ស្តី​ពី​​​​​ភាព​ប្រ​កួ​ត​ប្រ​ជែង​ពិ​ភព​លោក​ (Global Competitiveness Report) ប្រ​ចាំ​ឆ្នាំ​របស់​​​ខ្លួន​​ថា​៖ «​ស​ហ​រដ្ឋ​អា​មេ​រិក​​​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​កំ​ពូល​​នៅ​ក្នុង​តា​រា​ង​​ចំ​ណាត់​ថ្នាក់​​ឆ្នាំ​ ២០​១៨​ ដោយ​បង្ហាញ​ពី​ឋា​នៈ​ជា​​​សេដ្ឋ​កិច្ច​​ដែល​មាន​ភាព​ប្រ​កួត​ប្រ​ជែង​បំ​ផុត​​របស់​ខ្លួន​​នៅ​ក្នុង​ពិ​ភព​លោក​»។

អង្គ​ការ​​​ដែល​រៀប​ចំ​កិច្ច​ប្រ​ជុំ​​​ឥ​ស្សរ​ជន​ធុរ​កិច្ច​ និង​ន​យោ​បាយ​​​ប្រ​ចាំ​ឆ្នាំ​នៅ​ទី​ក្រុង​ ដា​វ៉ូស ប្រ​ទេស ​ស្វ៊ីស​ បាន​ថ្លែង​ថា​ ​ខ្លួន​បាន​ប្រើ​វិ​ធី​សាស្រ្ត​ថ្មី​មួយ​សម្រាប់​​ការ​បោះ​ពុម្ព​ផ្សាយ​របាយ​ការណ៍​​​ឆ្នាំ​ ២០១៨​ ដើ​ម្បី​ឆ្លុះ​បញ្ចាំង​ពី​​​ភាព​ផ្លាស់​ប្តូរ​​នៅ​ក្នុង​ពិ​ភព​លោក​​មួយ​​​ដែល​ត្រូវ​បាន​​កែ​ប្រែ​ខ្លាំង​ឡើង​​ដោយ​បច្ចេក​វិ​ទ្យា​ថ្មី​ និង​ឌី​ជី​ថល​។

ការ​ផ្លាស់​ប្តូរ​វិ​ធី​សាស្រ្ត​នេះ​​​បាន​ជួយ​ស​ហ​រដ្ឋ​អា​មេ​រិក​ឲ្យ​ទម្លាក់​​ប្រ​ទេស​ ស្វ៊ីស​ ​ដែល​ស្ថិត​នៅ​លើ​​ចំ​ណាត់​ថ្នាក់​កំ​ពូល​​អស់​រយៈ​ពេល​ជិត​ ១ ​ទស​វត្សរ៍​។ ​នៅ​ក្នុង​របាយ​ការណ៍​​កាល​ពី​ថ្ងៃ​ពុធ​ បាន​បង្ហាញ​ថា ​ប្រ​ទេស​ ស្វ៊ីស ​​បាន​​​​ស្ថិត​នៅ​ក្នុង​ចំ​ណាត់​ថ្នាក់​ទី ​៤​ បន្ទាប់​ពី​ស​ហ​រដ្ឋ​អា​មេ​រិក​ ប្រ​ទេស​ សិង្ហ​បុរី និង​អា​ល្លឺ​ម៉ង់។

របាយ​ការណ៍​​ឆ្នាំ​នេះ​​បាន​សិក្សា​​អំពី​របៀប​ដែល​ប្រ​ទេស​ចំ​នួន ១៤០ ​​គ្រប់​គ្រង​សេដ្ឋ​កិច្ច​របស់​ខ្លួន​នៅ​ពេល​​​វាស់​វែង​​​សូច​នា​ករ​ចំ​នួន ​​៩៨ ដែល​រៀប​ចំ​ចេញ​ជា​​​ស​សរ​ស្តម្ភ​ចំ​នួន ​១២​ ដែល​រួម​មាន​ទាំង​ ​​ស្ថា​ប័​ន ​ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ​ ​​ស្ថិរ​ភាព​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​​ ​កម្លាំង​ធុរ​កិច្ច ​ព្រម​ទាំង​សមត្ថ​ភាព​​​នវា​នុ​វត្តន៍​ផង​ដែរ​។

ជា​រួម ​ស​ហ​រដ្ឋ​អា​មេ​រិក​ទទួល​បាន​ពិន្ទុ​មធ្យម​​ចំ​នួន ​៨៥,៦​​ នៅ​ពេល​​សូច​នា​ករ​ចំ​នួន​ជិត​ ១០០ ​​ត្រូវ​បាន​វាស់​វែង​​ដោយ​ជ្រើស​យក​មាត្រ​ដ្ឋាន​ពី ០ ទៅ ១០០៕ AFP/PS