ក្រុងវ៉ាស៊ីនតោនៈ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ចាំបាច់​ត្រូវ​មើល​ឃើញ «​អ្វីៗ​ច្បាស់លាស់​» ពី​ប្រទេស​ចិន​ក្នុង​រយៈពេល​ ៩០ ​ថ្ងៃ​ក្រោយ ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពិតប្រាកដ​មួយ​ស្ដីពី​ពាណិជ្ជកម្ម ២ ​ថ្ងៃ​បន្ទាប់ពី​លោក ដូណាល់ ត្រាំ និង​លោក ស៊ី ជីនភីង បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការប្រឈម​មុខ​គ្នា​កាន់តែ​ខ្លាំង​ឡើង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ ២ ​នេះ​។

លោក Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​តាម​ទូរទស្សន៍ CNBC ថា អាមេរិក និង​ចិន​បាន​រៀបចំ «​ការពិភាក្សា​យ៉ាង​ជាក់លាក់​» នៅ​ទីក្រុង​ប៊ុយណូស៊ែ​កាលពី​ថ្ងៃ​ល្ងាច​សៅរ៍​ស្ដីពី​គោលជំហរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​របស់​ប្រទេស​ទាំង​ ២ ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់​រាប់រយ​ពាន់​លាន​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី និង​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ពិភពលោក​អស់​រយៈពេល​ជាច្រើន​ខែ​។

លោក Larry Kudlow ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​សេតវិមាន​បាន​ឲ្យ​ដឹងថា លោក​បាន​រំពឹង​ថា​ពន្ធ​នាំចូល​ពិន័យ ២៥ ភាគរយ​លើ​ទំនិញ​កសិកម្ម​របស់​អាមេរិក​នឹង​ត្រូវ​បាន​ដកចេញ​វិញ និង​បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន​ចាត់​វិធានការ​ភ្លាមៗ ដើម្បី​អនុវត្ត​ការប្ដេជ្ញាចិត្ត​មួយ​ចំនួន​របស់​ខ្លួន​ដើម្បី​ផ្ដល់ «​ភាពជឿជាក់​បន្ថែម​ទៀត​» ដល់​ពួកគេ​។

លោក Mnuchin បាន​ឲ្យ​ដឹង​ថា ជា​លើកដំបូង​ហើយ​ដែល​មាន​ «​ផ្លូវ​ដ៏ច្បាស់លាស់​» មួយ​ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក ជាមួយ​ប្រទេស​ចិន​មក​នៅ​ត្រឹម​ចំនួន​សូន្យ​។

លោក Mnuchin មាន​ប្រសាសន៍​ថា​៖ «​មាន​ការ​ប្ដេជ្ញាចិត្ត​ដ៏សំខាន់​មួយ​ពី​មេដឹកនាំ​ទាំង​ ២ លើ​អ្វី​ដែល​ចាំបាច់​ត្រូវ​ធ្វើឲ្យ​ហើយ​ក្នុង​រយៈពេល​ ៩០ ​ថ្ងៃ និង​ការណែនាំ​ដល់​ភាគី​ទាំង​ ២ ​ឲ្យ​ចរចា និង​ប្រែក្លាយ​ការចរចា​នេះ​ទៅ​ជា​កិច្ចព្រមព្រៀង​ពិតប្រាកដ​មួយ​ដោយ​មាន​សកម្មភាព​ជាក់លាក់​អាច​សម្រេច​បាន និង​ក្របខ័ណ្ឌ​ពេលវេលា​ច្បាស់លាស់​»​។

បន្ទាប់ពី​ការចរចា​រវាង​លោក ត្រាំ និង​លោក ស៊ី ដែល​បាន​ធ្វើ​ឡើង​នៅ​អំឡុងពេល​អាហារ​ពេល​ល្ងាច​នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង ២០ (G20) ក្នុង​ប្រទេស​អាហ្សង់ទីន ទីក្រុង​វ៉ាស៊ីនតោន​បាន​យល់​ព្រម​ផ្អាក​ការគំរាមកំហែង​របស់​លោក ត្រាំ ថា​នឹង​ដំឡើង​ការ​ហូតពន្ធ​នាំ​ចូល​ ២៥ ​ភាគរយ​លើ​ទំនិញ​របស់​ប្រទេស​ចិន​តម្លៃ​ ២០០ ​ពាន់​លាន​ដុល្លារ​ចាប់ពី​ថ្ងៃទី​ ១ ខែ​ធ្នូ ដែល​ជួយ​ឲ្យ​ទំនិញ​ទាំង​នោះ​ស្ថិត​ក្នុង​អត្រាពន្ធ​ពិន័យ ១០ ​ភាគរយ​ក្នុង​ពេល​បច្ចុប្បន្ន​។

ជា​ថ្នូរ​វិញ​ប្រទេស​ចិន​នឹង​ទិញ​ផលិតផល​កសិកម្ម ថាមពល ឧស្សាហកម្ម និង​ផលិតផល​ផ្សេង​ទៀត​ពី​អាមេរិក​ក្នុង​បរិមាណ «​ច្រើន​» ។

ក្នុង​សេចក្ដី​ប្រកាស​គួរ​ឲ្យ​ភា្ញក់ផ្អើល​មួយ​ដែល​បាន​សរសេរ​លើ​ទំព័រ Twitter កាលពី​យប់​ថ្ងៃ​អាទិត្យ​លោក ត្រាំ បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​នឹង «​កាត់បន្ថយ និង​លុបចោល​» ពន្ធ​នាំចូល ៤០ ភាគរយ​លើ​រថយន្ត ទោះបី​ជា​ទីក្រុង​ប៉េកាំង​មិន​បាន​បញ្ជាក់​ពី​វិធានការ​នេះ​ក៏ដោយ​។

លោក Kudlow បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​៖ «​ខ្ញុំ​រំពឹង​ថា​ពន្ធ​នាំចូល​ទាំងនោះ​នឹង​ធ្លាក់​ចុះ​ដល់​សូន្យ​»៕AFP/LA