ក្រុងវ៉ាស៊ីនតោនៈ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​លុប​ប្រទេស​ចិន​ចេញពី​ឈ្មោះថា​ជា​ប្រទេស​កេងចំណេញ​តម្លៃ​រូបិយប័ណ្ណ (currency manipulator) ដែល​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​បាន​ដល់​មកលើ​ចិន​កាលពី​រដូវក្តៅ​ឆ្នាំមុន​ក្នុង​សញ្ញា​មួយ​នៃ​ការធូរស្រាល​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​បន្ទាប់ពី​មាន​ជម្លោះ​អស់​រយៈពេល​ជិត ២ ​ឆ្នាំ​។

ត្រឹមតែ ២ ​ថ្ងៃ​ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម «​ដំណាក់កាល​ទី​ ១» ជាមួយ​ប្រទេស​ ចិន រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ពាក់កណ្តាល​ឆ្នាំ​របស់ខ្លួន​ដែល​ផ្ញើ​ទៅកាន់​សភា​ថា ប្រាក់​យន់​បាន​ឡើងថ្លៃ ហើយ​ទីក្រុង​ប៉េកាំង​លែង​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​កេងចំណេញ​តម្លៃ​រូបិយប័ណ្ណ​ទៀតហើយ​។

អាជ្ញាធរ​ចិន​កាលពី​ខែសីហា​បានអនុញ្ញាត​ឲ្យ​ប្រាក់​យន់​ធ្លាក់​ចុះថ្លៃ​ដល់​ក្រោម ៧ យន់​ ក្នុង​មួយ​ដុល្លារ​ដោយ​បាន​បង្ក​ឲ្យ​មាន​ភាពរញ្ជួយ​ដល់​ទីផ្សារ​ភាគហ៊ុន​នៅពេល​នោះ និង​បាន​ជំរុញ​ឲ្យ​លោក ត្រាំ ខឹងសម្បា​។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ឲ្យ​ដឹងថា «​កាលពី​រដូវក្តៅ ប្រទេស​ចិន​បាន​ចាត់វិធានការ​រឹងមាំ ដើម្បី​ទម្លាក់​ថ្លៃ​រូបិយប័ណ្ណ​របស់ខ្លួន​» ហើយ​វិធានការ​ទាំងនោះ​បាន​ធ្វើឲ្យ​ប្រាក់​យន់​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ ១១ ​ឆ្នាំ​ធៀប​នឹង​ប្រាក់​ដុល្លារ​។

ទោះយ៉ាងណា​ថ្មីៗ​បំផុត​នេះ រូបិយប័ណ្ណ​នេះ​បាន​ឡើងថ្លៃ​វិញ​ដល់ ៦,៩៣ ​យន់​ក្នុង​ ១ ​ដុល្លារ​។ ក្រសួង​បាន​បន្តថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នេះ​ដោះស្រាយ​បញ្ហា​រូបិយប័ណ្ណ​៕ KC