ក្រុងរីយោដឹហ្សេនេរ៉ូៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ពី​ផែនការ​ដកហូត​ពន្ធ​ជាថ្មី​លើ​ដែកថែប និង​អាលុយមីញ៉ូម​ដែល​នាំចូល​មកពី​ប្រទេស​ប្រេស៊ីល និង​អាហ្សង់ទីន ដែល​វាយប្រហារ​ឡើងវិញ​ចំពោះ​អ្វីដែល​លោក ត្រាំ បាន​ហៅថា​ជា​គោលនយោបាយ «​មិន​ស្មើភាព​» របស់​ប្រទេស​ទាំង​ ២ ​នេះ​។

វិធានការ​នេះ​ទំនង​ជា​បង្ក​ការភ្ញាក់ផ្អើល​ដល់​លោក Jair Bolsonaro ប្រធានាធិបតី​ប្រេស៊ីល​ដែល​បានចាត់ទុក​ខ្លួនឯង​ថា​ជា​សម្ព័ន្ធមិត្ត​មនោគមន៍​វិជ្ជា​របស់​លោក ត្រាំ​។ ថ្នាក់ដឹកនាំ​ក្នុង​ឧស្សាហកម្ម​ក្នុង​ប្រទេស​ទាំង​ ២ ​បាន​ប្រឆាំង​ទៅនឹង​វិធានការ​នេះ​។

លោក Trump សរសេរ​នៅលើ Twitter ថា «​ប្រេស៊ីល​ និង​អាហ្សង់ទីន​ទទួលខុសត្រូវ​លើ​ការទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ពួកគេ​ខ្លាំង​» ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​កសិករ​អាមេរិក​។

លោក​ឲ្យ​ដឹងថា​៖ «​ដោយមាន​ប្រសិទ្ធភាព​ភ្លាមៗ ខ្ញុំ​នឹង​ដកហូត​ពន្ធ​ឡើងវិញ​លើ​ដែកថែប និង​អាលុយមីញ៉ូម​ទាំងអស់​ដែល​នាំ​ចូលមក​អាមេរិក​ពី​ប្រទេស​ទាំង​ ២»​។

កាលពី​ឆ្នាំមុន​លោក ត្រាំ បាន​ប្រកាស​ដកហូត​ពន្ធ​ ២៥ ភាគរយ​លើ​ដែកថែប និង ១០ ភាគរយ​លើ​អាលុយមីញ៉ូម ប៉ុន្តែ​ក្រោយមក​បានអនុម័ត ការលើកលែង​លើ​ប្រទេស​មួយចំនួន​រួមទាំង​ប្រទេស​អាហ្សង់ទីន និង​ប្រេស៊ីល​ផងដែរ បន្ទាប់ពី​ប្រទេស​ទាំង​នោះបាន​ព្រមព្រៀង​ចំពោះ​កូតា​នានា​។

លោក Bolsonaro បាន​ព្យាយាម​និយាយ​សម្រាល​បញ្ហា​នេះ​ដោយ​ថ្លែងថា លោក​នឹង​អំពាវនាវ​ទៅ​លោក ត្រាំ ឲ្យ​យោគយល់​ថែមទៀត​ពី​ស្ថានភាព​របស់​ប្រេស៊ីល និង​អួតថា លោក​មាន «​បណ្តាញ​ចំហ​» ជាមួយ​មេដឹកនាំ​អាមេរិក​រូបនេះ បើ​ចាំបាច់​។

ក្រោយមក ក្នុង​បទសម្ភាស​តាម​វិទ្យុ​មួយ លោក Bolsonaro ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា លោក​ប្រធានាធិបតី​មានការ​យោគយល់ ហើយ​មិន​ដាក់ពិន័យ​យើង​ក្នុង​បញ្ហា​នេះ​»​។

លោក Bolsonaro បន្ថែមថា លោក​មាន​ទំនុកចិត្ត​ថា លោក​នឹង​ទទួល​បានការ​ស្តាប់​ប្រកប​ដោយ​អំណោយផល​ពី​លោក ត្រាំ​៕ KC