ក្រុងវ៉ាស៊ីនតោនៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងបញ្ចប់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់ប្រទេស ឥណ្ឌា ចាប់ពីថ្ងៃពុធទៅ ដែលជាឧបសគ្គសេដ្ឋកិច្ចថ្មីមួយសម្រាប់ទីក្រុងញូវដែលី ខណៈដែលប្រទេសនេះកំពុងជួបប្រទះកំណើនសេដ្ឋកិច្ចយឺត និងអត្រាគ្មានការងារធ្វើខ្ពស់។
ឥណ្ឌា គឺជាប្រទេសដែលបានទទួលអត្ថប្រយោជន៍ធំជាងគេតែមួយគត់នៃកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលមានអាយុជាច្រើនទសវត្សរ៍របស់អាមេរិក ដោយអាចឲ្យប្រទេសនេះនាំចេញទំនិញរួចពន្ធក្នុងតម្លៃ ៥,៧ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៧។ នេះបើយោងតាមតួលេខបានពីសភាអាមេរិក។
លោក ត្រាំ បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយកាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុនថា លោកចង់ទទួលបានលទ្ធភាពកាន់តែធំចូលទៅប្រទេសមហាយក្សអាស៊ីខាងត្បូងមួយនេះសម្រាប់ទំនិញអាមេរិក។
លោក ត្រាំ ថ្លែងថា៖ «ខ្ញុំបានកំណត់ថា ប្រទេស ឥណ្ឌា មិនបានអះអាងមកកាន់អាមេរិកនោះទេថា ឥណ្ឌានឹងផ្ដល់លទ្ធភាពចូលទៅទីផ្សាររបស់ខ្លួនប្រកបដោយសមភាព និងសមហេតុផល»។ លោកបន្ថែមថា៖ «អាស្រ័យហេតុនេះ វាជាការសមស្របក្នុងការបញ្ចប់ការចាត់តាំងឥណ្ឌាថា ជាប្រទេសកំពុងអភិវឌ្ឍន៍ដែលទទួលផលប្រយោជន៍មួយ»។
លោក ត្រាំ បានប្រកាសនៅខែមីនាថា លោកនឹងបញ្ចប់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មជាមួយឥណ្ឌា ប៉ុន្តែមិនបានផ្ដល់កាលបរិច្ឆេទនោះទេ។
ទីក្រុងវ៉ាស៊ីនតោនបានស្វែងរកការធ្វើឲ្យប្រទេស ឥណ្ឌា ក្លាយជាសម្ព័ន្ធផ្នែកការទូតកាន់តែជិតស្និទ្ធមួយ ប៉ុន្តែបានត្អូញត្អែររយៈពេលយូរមកហើយអំពីលទ្ធភាពតិចតួចក្នុងការចូលទៅទីផ្សារដ៏ធំមានប្រជាជន ១,៣ ពាន់លាននាក់នេះ។
អាមេរិកមានឱនភាពពាណិជ្ជកម្មចំនួន ២៦,៧ ពាន់លានដុល្លារ ជាមួយប្រទេស ឥណ្ឌា ក្នុងឆ្នាំ ២០១៧ និង ២០១៨។
ការប្រកាសនេះ គឺជាឧបសគ្គចុងក្រោយបំផុតដែលគំរាមរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី Narendra Modi ដែលបានជាប់ឆ្នោតជាថ្មីក្នុងអាណត្តិទី២ មួយផ្នែកដោយសារកំណត់ត្រារបស់លោកក្នុងនាមជាអ្នកធ្វើកែទម្រង់សេដ្ឋកិច្ច ១ រូប៕ AFP/LA