ក្រុងវ៉ាស៊ីនតោនៈ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ដកហូត​ពន្ធ​គយ​ថ្មី​ក្នុង​ទឹកប្រាក់​ជាង ១ ​ពាន់​លាន​ដុល្លារ​លើ​ដែក​គ្រោង​សំណង់ (structural steel) ដែល​នាំចូល​ពី​ប្រទេស​ចិន និង​ម៉ិកស៊ិក ដោយ​និយាយ​ថា ក្រុមហ៊ុន​ផលិតកម្ម​ក្នុង​ប្រទេស​ទាំង​ ២ ​បាន​លក់​ផលិតផល​បង្ខូច​ថ្លៃ (​ទាប​ជាង​តម្លៃ​ធម្មតា​) នៅ​ទីផ្សារ​អាមេរិក​។

លទ្ធផល​រកឃើញ​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ដែល​ជា​លទ្ធផល​បឋម និង​អាច​ដកចេញ​វិញ​បាន​នោះ​កើត​មាន​ឡើង​បន្ទាប់ពី​មាន​សេចក្តី​សម្រេច​ស្រដៀង​គ្នា​មួយ​នៅ​ខែ​មិថុនា​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​អាលុយមីញ៉ូម​លោហៈ​ចម្រុះ (alloy aluminum) មកពី​ប្រទេស​ចិន​ដែល​មាន​តម្លៃ​ជិត ១ ​ពាន់​លាន​ដុល្លារ​។

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ផលិតកម្ម​ចិន និង​ម៉ិកស៊ិក​ថា​បាន​លក់​បង្ខូច​ថ្លៃ​នូវ​ដែក​គ្រោង​សំណង់ ដូចជា​ដែក​អក្សរ​អាយ (I-beam) ជាដើម​នៅ​ចន្លោះ​ពី ០ ទៅ ១៤១,១ ​ភាគរយ​។

ទោះ​ជា​យ៉ាងណា​ក្រសួង​បាន​បន្តថា ខ្លួន​បាន​ច្រានចោល​ការចោទប្រកាន់​បែប​នេះ​ទាក់ទង​នឹង​ផលិតផល​ប្រហាក់​ប្រហែល​គ្នា​នេះ​មកពី​ប្រទេស​កាណាដា​។

លទ្ធផល​រកឃើញ​នេះ​គឺជា​លទ្ធផល​ដែល​កើត​ចេញ​ពី​បណ្តឹង​មួយ​ដែល​ដាក់​កាលពី​ខែ​កុម្ភៈ​ដោយ​សមាជិក​របស់​វិទ្យាស្ថាន​សំណង់​ដែក​អាមេរិក​ក្នុង​ទីក្រុង​ស៊ីកាហ្គោ​។

សេចក្តី​សម្រេច​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ខែ​ឧសភា បាន​ព្រមព្រៀង​លុបចោល​ពន្ធគយ​ពិន័យ​លើ​ដែក​ដែល​នាំចូល​ពី​ប្រទេស​ម៉ិកស៊ិក​ដែល​បាន​ចូលរួម​ចរចា​ពាណិជ្ជកម្ម​សេរី​ថ្មី​មួយ​ជាមួយ​អាមេរិក និង​កាណាដា​។

កាលពី​ឆ្នាំ​មុន​អាមេរិក​បាន​នាំចូល​ដែក​គ្រោង​សំណង់​ពី​ប្រទេស​ម៉ិកស៊ិក និង​ចិន​ដែល​មាន​តម្លៃ​រួមគ្នា​ចំនួន ១,៦ ពាន់​លាន​ដុល្លារ​។

សេចក្តី​សម្រេច​ចុងក្រោយ​ដោយ​ក្រសួងពាណិជ្ជកម្ម​អាមេរិក​នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ​ ២០២០៕ KC