ក្រុងវ៉ាស៊ីនតោនៈ មន្ត្រីសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសពន្យារពេល ៩០ ថ្ងៃ ចំពោះការហាមឃាត់របស់ខ្លួនលើការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេស ចិន ដោយនិយាយថា លម្ហដកដង្ហើមត្រូវការជាចាំបាច់ដើម្បីចៀសវាងការកើតមានការអាក់ខានដ៏ធំធេងចំពោះឧស្សាហកម្មនេះ។
សេចក្តីប្រកាសមួយរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ការពន្យារពេលនេះមិនផ្លាស់ប្តូរការហាមឃាត់ដែលដាក់ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយឈរលើហេតុផលសន្តិសុខជាតិនោះឡើយ ពោលគឺជាចំណាត់ការមួយដែលមានភាពជំពាក់ជំពិនខ្លាំងសម្រាប់ទាំងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនចិន។
ជំនួសមកវិញ ក្រសួងពាណិជ្ជកម្មអាមេរិកបានផ្តល់អាជ្ញាប័ណ្ណបណ្តោះអាសន្នមួយដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Huawei បន្តធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិក។
លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានថ្លែងថា៖ «អាជ្ញាប័ណ្ណបណ្តោះអាសន្ននេះផ្តល់ឲ្យប្រតិបត្តិករនានានូវពេលវេលាដើម្បីធ្វើការរៀបចំខ្លួនផ្សេងៗ និងផ្តល់ពេលវេលាដល់ក្រសួងដើម្បីកំណត់វិធានការរយៈពេលវែងសមស្របសម្រាប់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍អាមេរិក និងបរទេស ដែលបច្ចុប្បន្នពឹងផ្អែកលើឧបករណ៍របស់ក្រុមហ៊ុន Huawei សម្រាប់សេវាសំខាន់ៗ»។
លោកបន្ថែមថា៖ «ជារួម អាជ្ញាប័ណ្ណនេះនឹងអនុញ្ញាតឲ្យមានប្រតិបត្តិការជាបន្តសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Huawei ដែលមានស្រាប់ និងបណ្តាញបញ្ជូនទិន្នន័យទូលំទូលាយ (broadband) នៅទីជនបទ»។
ការប្រឈមមុខដាក់គ្នារបស់ក្រុមហ៊ុន Huawei បានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈក្រុមហ៊ុនធំជាងគេនៅលើពិភពលោកមួយនេះបានប្រកួតប្រជែងឆ្ពោះទៅរកការទទួលបានអត្ថប្រយោជន៍ដ៏ធំធេងលើដៃគូប្រជែងនានាខាងផ្នែកបច្ចេកវិទ្យាចល័តជំនាន់ក្រោយ 5G។
សេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកជឿថា ក្រុមហ៊ុន Huawei ត្រូវបានគាំទ្រដោយយោធាចិន និងថា ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុននេះអាចផ្តល់ការស៊ើបការណ៍ឲ្យទីក្រុងប៉េកាំងចូលទៅក្នុងបណ្តាញទូរគមនាគមន៍របស់ប្រទេសជាគូប្រជែង។
ដោយហេតុផលនេះ ទីក្រុងវ៉ាស៊ីនតោនបានជំរុញឲ្យសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនច្រានចោលបច្ចេកវិទ្យា Huawei ដែលជាបញ្ហាប្រឈមខ្លាំងមួយដោយសារជម្រើសសេវា 5G មានតិចតួច។
កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រកាស «អាសន្នថ្នាក់ជាតិ» មួយ ដែលផ្តល់អំណាចដល់លោកក្នុងការដាក់ក្រុមហ៊ុននានាដែលត្រូវបានមើលឃើញថាជា «ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់សហដ្ឋអាមេរិក» ពោលគឺជាចំណាត់ការមួយដែលក្រុមអ្នកវិភាគបាននិយាយថា មានគោលបំណងយ៉ាងច្បាស់សំដៅលើក្រុមហ៊ុន Huawei។
ស្របពេលនេះដែរ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសពីការហាមឃាត់នេះប្រកបដោយប្រសិទ្ធភាពលើក្រុមហ៊ុនអាមេរិកដែលលក់ ឬផ្ទេរបច្ចេកវិទ្យារបស់អាមេរិកទៅឲ្យក្រុមហ៊ុន Huawei មុនពេលចេញបញ្ជាឲ្យពន្យារពេលការអនុវត្តការហាមឃាត់រយៈពេល ៩០ ថ្ងៃនេះ។
ប៉ុន្តែការប្រជែងគ្នារបស់ Huawei មានលើសពីបញ្ហាសន្តិសុខជាតិរបស់អាមេរិក។ ទីក្រុងវ៉ាស៊ីនតោនមើលឃើញការកើនឡើងរបស់ក្រុមហ៊ុននេះថាជាសញ្ញានៃការក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យា និងសេដ្ឋកិច្ចពិភពលោករបស់ចិន ដែលតំណែងនេះបច្ចុប្បន្នជារបស់អាមេរិក៕ AFP/KC