វ៉ាស៊ីនតោនៈ បន្ទាប់ពី​មាន​វិធានការ​ផ្សះផ្សា​ដោយ​ប្រទេស​ចិន លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​បាន​ធ្វើការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​មួយ​ដោយ​ប្រកាស​ថា លោក​បាន​យល់ស្រប​ក្នុង​ការពន្យារពេល​បង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​ប្រទេស​ចិន​ដែលមាន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ​រយៈពេល​ ២ ​សប្ដាហ៍​។

ថ្លែង​នៅមុន​ការចាប់ផ្ដើម​ការចរចា​គ្នា​ឡើងវិញ​ជាច្រើន​សប្ដាហ៍ ដើម្បី​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​យូរ​លោក ត្រាំ បាន​ឲ្យ​ដឹងថា ការពន្យារពេល​បង្កើន​ពន្ធ​នាំចូល​ត្រូវ​បាន​ស្នើសុំ​ដោយ​ទីក្រុង​ប៉េកាំង​។

ក្រុម​អ្នកចរចា​ជាន់ខ្ពស់​រំពឹងថា ការចរចា​នឹង​ចាប់ផ្ដើម​ឡើងវិញ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នា​ដើមខែ​ក្រោយ បន្ទាប់ពី​ឆ្លងកាត់​រដូវក្ដៅ​ដ៏​ជូរចត់​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ ដែល​ជម្លោះ​នេះ​ក៏​បាន​និង​កំពុង​ជះឥទ្ធិពល​ដល់​ល្បឿន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ​។

លោក ត្រាំ បាន​សរសេរ​លើ Twitter កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា​៖ «​យើង​បាន​យល់ស្រប​ហើយ​។ នេះ​ជា​កាយវិការ​នៃ​សុឆន្ទៈ​ក្នុងការ​ផ្លាស់ប្តូរ​ការបង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​មានតម្លៃ ២៥០ ​ពាន់​លាន​ដុល្លារ​ (២៥ ​ភាគរយ​ទៅ​ ៣០ ​ភាគរយ​) ចាប់ពី​ថ្ងៃទី​ ១ ខែ​តុលា ដល់​ថ្ងៃទី​ ១៥ ខែ​តុលា​»​។

លោក​បាន​ឲ្យ​ដឹងថា​ការពន្យារ​ពេលនេះ​ត្រូវបាន​ស្នើឡើង​ដោយ «​លោក Liu He ឧបនាយករដ្ឋមន្ដ្រី​ប្រទេស​ចិន និង​ដោយសារតែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ប្រារព្ធ​ទិវា​បុណ្យជាតិ​ខួប​លើក​ទី ​៧០ របស់​ពួកគេ​» ​នៅ​ថ្ងៃទី​ ១ ខែ​តុលា ខាងមុខ​។

កាលពី​ព្រឹក​ថ្ងៃ​ពុធ ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ថា​ខ្លួន​កំពុង​លើកលែង​ជា​បណ្ដោះអាសន្ន​លើ​ទំនិញ​នាំចេញ​របស់​អាមេរិក​មួយ​ចំនួន​ពី​បញ្ជី​បង្កើន​ពន្ធ​នាំចូល​។ នេះ​ជា​កាយវិការ​លើកស្ទួយ​ទីផ្សារ​មូលធន​ដែល​ទទួលរង​ផលប៉ះពាល់​រយៈពេល​យូរ​ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ដែល​ឈាន​ចូលដល់​ឆ្នាំ​ទី​ ២​។

លោក​ ត្រាំ បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​សេតវិមាន​ថា​៖ «​វា​ជា​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ​»​។ លោក​បញ្ជាក់ថា ទីក្រុង​ប៉េកាំង​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការចរចា ខណៈ​សេដ្ឋកិច្ច​របស់ខ្លួន​ចុះខ្សោយ​ដែល​លោក​បាន​សន្មត​ថា ជា​វិធានការ​របស់​អាមេរិក​។

ទោះ​យ៉ាងណា​ទំនិញ​ដែល​មិន​ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​ផលិតផល​កសិកម្ម​សំខាន់ៗ មានដូចជា​សណ្ដែកសៀង និង​សាច់ជ្រូក​ដែល​អាចមាន​សារៈសំខាន់​ចំពោះ​ភាពជោគជ័យ​នៅ​ទីបំផុត​នៃ​កិច្ចព្រមព្រៀង​ណាមួយ​។

ការលើកលែង​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​ ១៧ ខែ​កញ្ញា និង​មាន​សុពលភាព​រយៈពេល ១ ​ឆ្នាំ​។ នេះ​បើតាម​គណៈកម្មការ​ពន្ធ​គយ​នៃ​ក្រុមប្រឹក្សារដ្ឋ​ដែល​បានចេញ​ផ្សាយ​បញ្ជី​ ២ ​រួមមាន​ផលិតផល​អាហារ​សមុទ្រ និង​ឱសថ​ប្រឆាំង​ជំងឺ​មហារីក​។

ប្រភេទ​ផ្សេងទៀត​ដែល​នឹងត្រូវ​លើកលែង​រួមមាន​គ្រាប់​អាល់ហ្វាល់ហ្វា និង​ចំណី​ត្រី ហើយ​គណៈកម្មការ​នេះ​បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​ពិចារណា​លើកលែង​ផលិតផល​ផ្សេងៗ​ទៀត​។

ភាគី​ទាំង​ ២ ​បាន​ហូតពន្ធ​ទៅវិញ​ទៅមក​កាលពី​ថ្ងៃទី​ ១ ខែ​កញ្ញា ដែល​ជា​ការបន្ថែម​ពន្ធ​ដោយ​គ្របដណ្ដប់​លើ​ទំនិញ​មានតម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​។

លោក ត្រាំ បាន​ផ្តួចផ្ដើម​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ដោយ​បាន​ត្អូញត្អែរ​ថា ចិន​បាន​ចូលរួម​ក្នុង​ការអនុវត្ត​ពាណិជ្ជកម្ម​មិន​ស្មើភាព​។

ក្រុមអ្នកវិភាគ​ក្រុមហ៊ុន Barclays បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​ថា​៖ «​ការកែតម្រូវ​ទាំងនេះ​ផ្ដល់​សញ្ញា​ថា ប្រទេស​ចិន​កំពុង​មាន​ឆន្ទៈ​កាន់តែ​ខ្លាំង​ក្នុងការ​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ក្នុង​ការចរចា​ពាណិជ្ជកម្ម​នៅ​ខែ​តុលា ដែល​ទំនងជា​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​ប្រទេស​ចិន​ក្នុង​ការទិញ​ទំនិញ​របស់​អាមេរិក​កាន់តែ​ច្រើន ជា​ថ្នូរ​នឹង​ការពន្យារពេល​បង្កើន​ពន្ធ​នាំចូល​បន្ថែម​ទៀត​របស់​អាមេរិក​»​។

ពួកគេ​បាន​ឲ្យ​ដឹងថា ទីក្រុង​ប៉េកាំង​កំពុង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​របាយការណ៍ «​ប្រកបដោយ​ន័យ​ស្ថាបនា​» កាន់តែ​ច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ទៅលើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​៕ LA