ក្រុង​វ៉ាស៊ីនតោនៈ ក្រុម​មន្ដ្រី​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចេញ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​លើ​ផែនការ​របស់​ប្រទេស ​បារាំង ​ក្នុង​ការ​ដក​ហូត​​ពន្ធ​លើ​ក្រុមហ៊ុន​អ៊ីនធឺណិត និង​ឌីជីថល​ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ជា​ពិសេស​ដល់​​បចេ្ចកវិទ្យា​ឈាន​មុខ​គេ​របស់​អាមេរិក។

ការ​ស៊ើប​អង្កេត​​ការ​​អនុវត្ត​ពាណិជ្ជកម្ម​មិន​ស្មើភាព​អាច​បើក​ផ្លូវ​ឲ្យ​​ទីក្រុង​វ៉ាស៊ីនតោន​ ចាត់​វិធានការ​ដក​​ហូត​ពន្ធ​នាំចូល​ពិន័យ ជា​អ្វី​ដែល​លោក ​ត្រាំ បាន​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត​ចាប់​​​ពី​​ពេល​ឡើង​កាន់​អំណាច។​

ហើយ​វា​បន្ថែម​ការ​បន្ត​ខ្វែង​គំនិត​គ្នា​មួយ​ផ្សេង​ទៀត​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​អន្តរ​អាត្លង់ទិក​របស់​អាមេរិក​ និង​ទ្វីប​អឺរ៉ុប ដែល​នៅ​ពេល​នេះ​ក៏​រួមមាន​ជម្លោះ​​ពាណិជ្ជកម្ម​ដែក​ថែប អាលុយមីញ៉ូម រថយន្ត​ យន្តហោះ និង​កសិកម្ម​ផង​ដែរ​។​

លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​​ឲ្យ​ដឹង​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​អាមេរិក​មាន​​ការ​បារម្ភ​យ៉ាង​ខ្លាំង​ថា ពន្ធ​លើ​សេវា​ឌីជីថល​​ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ឆ្លង​ផុត​​ព្រឹទ្ធសភា​​​បារាំង​នៅ​ថ្ងៃ​ស្អែក [ថ្ងៃ​នេះ] កំណត់​ទិសដៅ​​ដោយ​​មិន​ស្មើភាព​លើ​​ក្រុមហ៊ុន​អាមេរិក​»។​

ការិយាល័យ​ពាណិជ្ជកម្ម​មួយ​​នេះ​បាន​ឲ្យ​ដឹង​ថា សំណើ​ច្បាប់​ដក​ហូត​​ពន្ធ​ក្នុង​អត្រា​ ៣ ភាគរយ ​​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​សរុប​របស់​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា​ដល់អតិ​ថិជន​បារាំង​ អនុវត្ត​​ចំពោះ​តែ​​​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ឈាន​មុខ​គេ​ធំៗ​​​ប៉ុណ្ណោះ​ «ដែល​​​ក្រុមហ៊ុន​អាមេរិក​គឺ​ជា​​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភព​​លោក​»។​

ក្រុមហ៊ុន​អ៊ីនធឺណិត​ធំៗ​មួយ​ចំនួន​ បាន​ទទួល​អត្ថ​ប្រយោជន៍​​​ពី​ច្បាប់​ពន្ធ​ទាប​ដែល​កំពុង​ចូល​ជា​ធរមាន​នៅ​តាម​ប្រទេស​មួយ​ចំនួន​​ ដូចជា​ប្រទេស ​អៀរឡង់ ​ជា​ដើម ខណៈ​ដែល​​បង់​ពន្ធ​តិចតួច​បំផុត​ទៅ​ឲ្យ​ប្រទេស​​ផ្សេង​ទៀត​ ជា​ទី​ដែល​ក្រុមហ៊ុន​ទាំង​នោះ​ទាញ​យក​ប្រាក់​ចំណេញ​​​ក្នុង​ចំនួន​ដ៏​ច្រើន​។​

ស៊ើប​អង្កេត​តាម​មាត្រា ​៣០១ គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​ដែល​រដ្ឋបាល​លោក ត្រាំ បាន​ប្រើប្រាស់​​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស ​ចិន ដើម្បី​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​ក្នុង​ការ​អនុវត្ត​ការ​ដក​ហូត​ពន្ធ​លើ​ទំនិញ​​នាំចូល​ប្រឆាំង​នឹង​អ្វី​ដែល​​អាមេរិក​ឲ្យ​ដឹង​ថា គឺ​ជា​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​​ស្មើភាព​។​

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក នឹង​​បើក​សវនាការ​ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ដល់​យោបល់​ជា​សាធារណៈ​ស្ដីពី​​បញ្ហា​នេះ​ក្នុង​រយៈពេល ​២-៣ ​សប្ដាហ៍ ​មុន​ពេល​ការ​ចេញ​របាយការណ៍​ចុង​ក្រោយ​ជាមួយ​នឹង​អនុសាសន៍​ស្ដីពី​វិធានការ​ណាមួយ​ត្រូវ​ធ្វើ​ឡើង​។​

ទោះជា​យ៉ាង​ណា ទោះ​ជា​មាន​ការ​ជំទាស់​នឹង​សំណើ​ច្បាប់​ដក​ហូត​ពន្ធ​របស់​ប្រទេស ​បារាំង ​ក្តី​ ក៏​សេចក្ដី​ថ្លែងការណ៍​នេះ​​​បាន​ឲ្យ​ដឹង​ថា អាមេរិក​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ ​ដើម្បី​ដោះស្រាយ​​បញ្ហា​​​ពី​របៀប​ហូត​ពន្ធ​លើ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​៕ AFP/​LA