ក្រុង​អាប៊ុយដាប៊ីៈ ប្រទេស ​អេមីរ៉ាតអារ៉ាប់រួម ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​សម្រេច​លុប​ចោល​ការ​ដាក់​កម្រិត​ដែល​មាន​អាយុ​កាល​ ១ ទសវត្សរ៍ ​លើ​ភាព​ជា​កម្មសិទ្ធិ​បរទេស និង​អនុញ្ញាត​ឲ្យ​បរទេស​​មាន​សិទ្ធិ​​គ្រប់គ្រង​ពេញ​លេញ​ទៅ​លើ​ការ​បណ្តាក់​ទុក​អាជីវកម្ម​។

អនុ​ប្រធានាធិបតី និង​ជា​នាយក​រដ្ឋមន្ត្រី​របស់​​អេមីរ៉ាត​អារ៉ាប់រួម​លោក Mohammed bin Rashed Al-Maktoum បាន​សរសេរ​លើ​ Twitter ថា៖ «ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​ខ្ញុំ​ធ្វើជា​ប្រធាន​ក្នុង​​ទីក្រុង​​អាប៊ុយដាប៊ី យើង​បាន​អនុម័ត​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​បរទេស ១០០ ភាគរយ ​​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ចំនួន ១២​២»។

សេចក្តី​សម្រេច​នេះ​លុប​ចោល​ច្បាប់​ដែល​ដាក់​កម្រិត​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​បរទេស​ត្រឹម ៤៩ ភាគរយ ដែល​ច្បាប់​នេះ​អនុវត្ត​អស់​រយៈពេល ១ ទសវត្សរ៍​មក​ហើយ។

លោក Mohammed បន្ថែម​ថា វិធានការ​នេះ​គ្រប​ដណ្តប់​លើ «វិស័យ​នានា​រួម​ទាំង​កសិកម្ម ផលិតកម្ម ថាមពល​កកើត​​​ឡើង​វិញ ពាណិជ្ជកម្ម​អេឡិចត្រូនិក ដឹក​ជញ្ជូន សិល្បៈ សំណង់ និង​កម្សាន្ត»។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា អាណាចក្រ​ទាំង ៧ ដែល​រួម​គ្នា​បង្កើត​បាន​ជា​ប្រទេស ​អេមីរ៉ាត​អារ៉ាប់រួម​ នឹង​មាន​ឆន្ទានុសិទ្ធិ​​ក្នុង​ការ​ចែង​ជាក់​លាក់​​​ពី​កម្រិត​កំណត់​ខ្ពស់​បំផុត​ផ្ទាល់​របស់​ខ្លួន​ទាក់ទង​នឹង​ភាព​ជា​ម្ចាស់​កម្មសិទិ្ធ​បរទេស​ក្នុង​វិស័យ​អាជីវកម្ម​សំខាន់ៗ។

ដើម្បី​គេច​ផុត​ពី​កម្រិត​កំណត់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ ៤៩ ភាគរយ អាណាចក្រ​មួយ​​ចំនួន​ដែល​នាំ​មុខ​ដោយ​អាណាចក្រ​ឌូបៃ បាន​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ជា​ទី​ដែល​វិនិយោគិន​បរទេស​អាច​កាន់​កាប់​អាជីវកម្ម​របស់ខ្លួន​បាន ១០០ ភាគរយ។

លោក Mohammed បាន​ថ្លែង​ថា សេចក្តី​សម្រេច​នៅ​ថ្ងៃ​អង្គារ​នេះ​បើក​ចំហ​សេដ្ឋកិច្ច​របស់​អេមីរ៉ាត​អារ៉ាប់រួម​​ទៅ​ដល់​ជនជាតិ​បរទេស​ទាំង​អស់ ដើម្បី​ «ធ្វើ​ឲ្យ​​​ប្រទេស​នេះ​ក្លាយជា​ទិសដៅ​មួយ​ក្នុង​ចំណោម​ទិសដៅ​ល្អ​បំផុត​សម្រាប់​ការ​វិនិយោគ​សកល​លោក»។

សេចក្តី​សម្រេច​ចិត្ត​របស់​គណៈរដ្ឋមន្ត្រី​នេះ​បើក​ចំហជា​ពិសេស​នូវ​វិស័យ​សេដ្ឋកិច្ច​​ធំៗ​ចំនួន ១៣​ នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី២ និង​មាន​ពិពិធកម្ម​ខ្លាំង​បំផុត​របស់​ពិភព​អារ៉ាប់​នេះ។

រដ្ឋធានី​អាប៊ុយដាប៊ី ជា​ទីតាំង​ដែល​មាន​កំណប់​ប្រេង​ភាគ​ច្រើន​នៃ​ប្រេង​របស់​អេមីរ៉ាត​អារ៉ាប់រួម និង​បូម​ប្រេង​ជិត ​៣ ​លាន​បារ៉ែល​ក្នុង ​១ ថ្ងៃ៕ AFP/KC