ក្រុងសិង្ហបុរីៈ បណ្ដាប្រទេសអាស៊ីបានសម្ដែងក្តីព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតឡើងដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកជាមួយចិន ដោយក្រុមរដ្ឋមន្ត្រីបានអំពាវនាវឲ្យបង្កើនល្បឿនចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគាំទ្រដោយទីក្រុងប៉េកាំង ដែលមិនរាប់បញ្ចូលអាមេរិក។
ក្តីបារម្ភពីជម្លោះពាណិជ្ជកម្មកាន់តែខ្លាំងឡើងៗរវាងមហាអំណាចសេដ្ឋកិច្ចនាំមុខគេទាំង ២ របស់ពិភពលោកដែលអាចឈានទៅជាសង្គ្រាមពាណិជ្ជកម្មពេញទំហឹងនឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់បណ្ដាប្រទេសជិតខាងរបស់ចិនបានស្ថិតនៅក្នុងចំណោមប្រធានបទដែលយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលប្រចាំតំបន់នៅប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍។
វិធានការចំពោះពន្ធនាំចូលបានធ្វើឲ្យមានភាពតានតឹងជាច្រើនខែ ខណៈកាលពីថ្ងៃសុក្រទីក្រុងប៉េកាំងបានគំរាមថានឹងហូតពន្ធលើទំនិញអាមេរិកក្នុងតម្លៃ ៦០ ពាន់លានដុល្លារចាប់ពីសាច់គោរហូតទៅដល់ស្រោមអនាម័យ។
វិធានការដែលសេតវិមានបានចំអកថា «ទន់ខ្សោយ» ប៉ុន្តែចិនបានឲ្យដឹងថា «ត្រឹមត្រូវទាំងស្រុង» បានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថាខ្លួននឹងបង្កើនអត្រាពន្ធនាំចូលបន្ថែមលើទំនិញរបស់ចិនក្នុងតម្លៃ ២០០ ពាន់លានដុល្លារ។
លោក Saifuddin Abdullah រដ្ឋមន្ដ្រីក្រសួងការបរទេសប្រទេសម៉ាឡេស៊ីបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រៅកិច្ចប្រជុំកំពូលកាលពីថ្ងៃសៅរ៍ថា ការរំពឹងទុកនៃសង្គ្រាមពាណិជ្ជកម្មគឺជា «ការគំរាមកំហែងពិតប្រាកដ» ដល់ប្រទេសអាស៊ី។
លោកថ្លែងថា៖ «ការគំរាមកំហែងនេះកំពុងធ្វើឲ្យប្រទេសជាច្រើនបារម្ភ និងបង្កភាពស្មុគស្មាញកាន់តែខ្លាំងឡើងៗ»។
មន្ដ្រីការទូតជាន់ខ្ពស់របស់ប្រទេសអាស៊ីផ្សេងៗទៀតនៅក្នុងវេទិកាដែលរៀបចំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) កាលពីថ្ងៃសៅរ៍បាននិយាយប្រឆាំងការគាំពារនិយមដែលព្រមានថា ខ្លួននឹងដាក់ការអភិវឌ្ឍរបស់តំបន់នេះនៅក្នុងគ្រោះថ្នាក់។
រដ្ឋមន្ដ្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បាននិយាយថា៖ «ការកើនឡើងការប្រឆាំងសកលភាវូបនីយកម្ម និងការគាំពារពាណិជ្ជកម្មក្នុងចំណោមប្រទេសធំៗកំពុងជំរុញឲ្យមានភាពតានតឹង និងកំពុងគំរាមកំហែងដល់បំណងប្រាថ្នារបស់យើងសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។
លោកស្រីបន្តថា៖ «ប្រទេសជាច្រើននៅក្នុងតំបន់ត្រូវតែស្វែងរកមធ្យោបាយច្នៃប្រឌិតក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយដល់កិច្ចសហប្រតិបតិ្តការរបស់យើង» ក្នុងគ្រាដែលមានបញ្ហាប្រឈមបែបនេះ។
រដ្ឋមន្ដ្រីមួយចំនួនបានអំពាវនាវឲ្យមានការបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយនៅក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងចំនួន ១៦ ប្រទេស ដើម្បីឲ្យក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឈានមុខគេរបស់ពិភពលោកដែលគ្របដណ្ដប់ប្រហែលពាក់កណ្ដាលនៃចំនួនប្រជាជនលើពិភពលោក។
កិច្ចព្រមព្រៀង RCEP នេះនឹងមានប្រទេសអាស៊ានទាំង ១០ បូកជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអូស្ដ្រាលី៕ LA