ក្រុងតេអេរ៉ង់ៈ លោក​ប្រ​ធា​នា​ធិប​តី​ប្រ​ទេស​ អីុរ៉ង់ Hassan Rouhani បាន​​ឲ្យ​ដឹង​ថា រដ្ឋ​អ៊ិ​ស្លាម​មួយ​នេះ «នឹង​គេច​​ផុត​ពី​ទណ្ឌ​កម្ម» ដាក់​ដោយ​អា​មេ​រិក ដែល​​ចូល​ជា​ធរ​មាន​ កាល​ពី​ថ្ងៃ​ចន្ទ។

ទណ្ឌ​កម្ម​នេះ បាន​កំ​ណត់​ពី​ទិស​ដៅ​វិ​ស័យ​ប្រេង និង​ហិ​រញ្ញ​វត្ថុ​របស់​ប្រ​ទេស​រដ្ឋ​អ៊ិ​ស្លាម​មួយ​នេះ។

លោក Rouhani បាន​ថ្លែង​នៅ​ក្នុង​សុន្ទរក​ថា​ផ្សាយ​តាម​ទូរ​ទស្សន៍​ថា៖ «ខ្ញុំ​​ប្រ​កាស​ថា​ យើង​នឹង​គេច​ផុត​ដោយ​មោទន​ភាព​នូវ​ការ​ដាក់​ទណ្ឌ​ក​ម្ម​ខុស​ច្បាប់ អ​យុត្តិ​ធម៌​របស់​អ្នក​ដោយ​សារ​វា​​ប្រឆាំង​នឹង​បទ​ប្ប​ញ្ញត្តិ​អន្តរ​ជាតិ»។

លោក​​​បន្ត​ថា៖ «យើង​កំ​ពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​សង្គ្រាម​សេដ្ឋ​កិច្ច ដែល​ប្រ​ឈម​នឹង​ការ​គំរាម​កំ​ហែង​របស់​ប្រ​ទេស​មហា​អំ​ណាច​មួយ។ ខ្ញុំ​មិន​គិត​​ថា ​នៅ​ក្នុង​ប្រ​វត្តិ​សាស្ដ្រ​របស់​អា​មេ​រិក​នរណា​ម្នាក់​បាន​ចូល​ទៅ​ក្នុង​សេត​វិ​មាន ប្រ​ឆាំង​នឹង​ច្បាប់ និង​អនុ​ស​ញ្ញា​អន្តរ​ជាតិ​ទេ»។

វិ​ធាន​ការ​នេះ​ត្រូវ​បាន​ពណ៌​នា​ដោយ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ថាជា «ការ​ដាក់​ទណ្ឌ​កម្ម​ដ៏​ខ្លាំង​បំ​ផុត​មិន​ធ្លាប់​មាន» បន្ទាប់​ពី​ការ​សម្រេច​ដ៏​ចម្រូង​ចម្រាស​របស់​ប្រ​ធា​នា​​ធិប​តី​​អា​មេរិ​ក ដូ​ណា​ល់ ត្រាំ កាលពី​ខែ​ឧសភា ដើ​ម្បី​បោះ​បង់​ចោល​​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​អន្តរ​ជាតិ ជា​មួយ​ទី​ក្រុង​តេ​អេ​រ៉ង់។

វិ​ធា​ន​ការ​ចុង​ក្រោយ​បំ​ផុត​នេះ​ មាន​បំ​ណង​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​ដ៏​ធំ​​របស់​ប្រ​ទេស​អីុរ៉ង់ ដែល​បាន​ធ្លាក់​ចុះ​រួច​ហើយ​ប្រ​ហែល ១ លាន​បា​រ៉ែល​ក្នុង​មួយ​ថ្ងៃ គឺ​ចាប់​តាំ​ង​ពី​ខែ​ឧសភា និង​កាត់​ផ្ដាច់​ប្រ​ទេស​មួយ​នេះ​ចេញ​ពី​ហិ​រញ្ញប្ប​ទាន​អន្តរ​ជាតិ។

អា​មេ​រិក បាន​ផ្ដល់​ការ​លើក​លែង​ជា​បណ្ដោះ​អា​សន្ន ដល់​ប្រ​ទេស​ចំ​នួន ៨ ដែល​រួម​មាន​ឥណ្ឌា ជប៉ុន និង​តួក​គី ក្នុង​ការ​បន្ត​ការ​ទិញ​ប្រេង ក្នុង​គោល​បំ​ណង​គេច​ផុត​ពី​ការ​បារម្ភ​ទី​ផ្សារ​សេដ្ឋ​កិច្ច​របស់​ពួក​គេ និង​ទី​ផ្សារ​ពិ​ភព​លោក។ ប៉ុន្តែ​លោក Mike Pompeo រដ្ឋ​មន្ដ្រី​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​អា​មេ​រិក បាន​ប្ដេ​ជ្ញា​ថា នឹង​ជំ​រុញ​ការ​លក់​ប្រេង​របស់​​អីុរ៉ង់​ឲ្យ​ដល់​ចំ​ណុច​សូន្យ។

លោក​បាន​ប្រាប់ «កម្ម​វិធី Face the Nation» របស់​ទូរ​ទស្សន៍ CBS កាល​ពី​ថ្ងៃ​អាទិត្យ​ ថា៖ «ចូរ​មើល​អ្វី​ដែល​យើង​ធ្វើ។ ចូរ​មើល ខណៈ​យើង​បាន​យក​ប្រេង​ឆៅ​រួច​ហើយ​ចេញ​ពី​ទី​ផ្សារ​នេះ ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់​នៅ​​ក្នុង​​​ប្រ​វតិ្ត​សាស្ដ្រ​មុន»។

រដ្ឋ​ការ​លោក ត្រាំ ឲ្យ​ដឹង​ថា ខ្លួន​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ ជា​មួយ​នឹង​ប្រ​ទេស​​អីុរ៉ង់ ដែល​រា​រាំង​ការ​ធ្វើ​អន្តរា​គមន៍​របស់​អីុ​រ៉ង់​ជុំ​វិញ​ម​ជ្ឈិម​បូព៌ា និង​កម្ម​វិធី​មី​ស៊ី​ល ជាការ​ទាម​ទារ​ដែល​ត្រូវ​បាន​បដិ​សេធ​ដាច់​អហង្ការ​ពី​​ទី​ក្រុង​​តេ​អេ​រ៉ង់។

លោក Rouhani ថ្លែង​ថា៖ «ជា​និច្ច​កាល ពួក​គេ​កំ​ពុង​ផ្ញើ​សារ​មក​ពួក​យើង ដោយ​ថ្លែង​ថា «ចូរ​យើង​អង្គុយហើយ​ចរចា​គ្នា តែ​ជា​ការ​ចរចា​ដើ​ម្បី​អ្វី?»។

លោក​​បាន​​ថ្លែង​ថា៖ «ដំ​បូង​អ្នក​គោរព​ការ​ចរចា ដែល​បាន​សម្រេច​រួច​ហើយ ដើ​ម្បី​ឲ្យ​មាន​មូល​ដ្ឋាន​សម្រាប់​ការ​ចរចា​​​ពេល​ក្រោយ»។

លោក Rouhani ថ្លែង​ថា ប្រ​ទេស ៤ បាន​ជួប​លោក​ក្នុង​អំ​ឡុង​ដំ​ណើរ​ទស្សន​កិច្ច​ទៅ​កាន់​ទី​ក្រុង​ញូវ​យ៉ក សម្រាប់​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​កាល​ពី​ខែ​កញ្ញា ដោយ​ផ្ដល់​ការ​សម្រប​សម្រួល​ជា​មួយ​អា​មេ​រិក ប៉ុន្តែ​លោក​បាន​បដិ​សេធ។

លោក​បាន​បញ្ជាក់​ថា៖ «មិន​ចាំ​បាច់​​មាន​ការ​​​សម្រប​សម្រួល​អ្វី​នោះ​ទេ។ មិន​ចាំ​បាច់​​ត្រូវ​មាន​សារ​ទាំង​អស់​នេះ​ទេ។ ចូរ​​​ធ្វើ​តាម​ការ​ប្ដេជ្ញា​ចិត្ត​រប​ស់​អ្នក ហើយ​​យើង​នឹង​អង្គុយ​ចរចា​គ្នា»។

សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​ អីុ​រ៉ង់ កំ​ពុង​ទទួល​រង​ផល​ប៉ះ​ពាល់​រួច​មក​ហើយ​ដោយ​សារ​បញ្ហា​​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ មួយ​ចំ​នួន​ដែល​រួម​ទាំង​បញ្ហា​ធនា​គារ​ធំ​ៗ មុន​ពេល​​ដែល លោក​​​ត្រាំ បាន​ដើរ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ​នេះ​ទៅ​ទៀត​៕ AFP/LA