ក្រុងហ្វ្រេងហ្វឺតៈ រដ្ឋាភិបាលនៅតំបន់អឺរ៉ុប ត្រូវតែធ្វើការផ្លាស់ប្តូរនាពេលឥឡូវនេះដើម្បីកាត់បន្ថយផលប៉ះពាល់ពីចំនួនប្រជាជនវ័យចំណាស់ បើមិនដូច្នោះទេនឹងប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។ នេះបើយោងតាមមន្រ្តីកំពូលរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) កាលពីថ្ងៃពុធ។
ប្រធានសេដ្ឋវិទូរបស់ធនាគារកណ្តាលអឺរ៉ុប លោក Peter Praet បានថ្លែងថា៖ «ខណៈបច្ចុប្បន្ននេះ អ្នកទទួលសោធននិវត្តន៍ម្នាក់ៗត្រូវបានឧបត្ថម្ភដោយអ្នក ធ្វើការងារប្រហែល ៣ នាក់នោះ នៅត្រឹមឆ្នាំ ២០៧០ នឹងមានអ្នកធ្វើការតែ ២ នាក់ប៉ុណ្ណោះសម្រាប់អ្នកទទួលសោធននិវត្តន៍ម្នាក់ៗ»។
ប៉ុន្តែបញ្ហាប្រឈមសម្រាប់មូលធនអឺរ៉ុប នឹងកើតមាននាពេលខាងមុខឆាប់ៗ ខណៈមនុស្សដែលកើតនៅជំនាន់ «កំណើនកូនខ្លាំង (baby boomer)» ដែលកើតបន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានឈានដល់អាយុចូលនិវត្តន៍ចន្លោះពីពេលនេះដល់ឆ្នាំ ២០៣០។
ដោយមានការចំណាយកាន់តែខ្ពស់ឡើងលើមនុស្សចាស់ រដ្ឋាភិបាលនឹងមានសេរីភាពតិចជាងមុនក្នុងការកាត់បន្ថយវដ្តរីករួមសេដ្ឋកិច្ច ឬក៏ពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរខ្លាំងជាមួយនឹងការចំណាយបន្ថែមច្រើនជាងមុន។ នេះបើយោងតាមការព្រមានរបស់លោក Praet។
លោកបានបន្ថែមថា ផលប៉ះពាល់ដែលកើតចេញពីប្រជាជនវ័យចំណាស់ទៅលើសេដ្ឋកិច្ច ដូចជា ការផ្តត់ផ្គង់ពលកម្មតិចជាងមុន ឬកំណើនផលិតភាពយឺតជាងមុន កំពុងដាក់សម្ពាធធ្វើឲ្យអត្រាការប្រាក់ពិតទាបជាងមុន ដាក់កម្រិតដល់សេរីភាពរបស់ធនាគារកណ្តាលនានាក្នុងការធ្វើអន្តរាគមន៍ ដូចដែលធនាគារទាំងនោះធ្លាប់បានធ្វើក្នុងរយៈកាល ១ ទសវត្សរ៍កន្លងមកនេះ។
ប្រសិនបើគ្មានចំណាត់ការទេ កម្រិតបំណុលនៅអឺរ៉ុបដែលមានសមាជិក ១៩ ប្រទេសនេះជាមធ្យម «នឹងកើនឡើងលើស ១០០ ភាគរយ»។ នេះបើយោងតាមលោក Praet។
អ្នកសេដ្ឋកិច្ចជនជាតិបែលហ្ស៊ិករូបនេះបានព្រមានថា ជាការពិត «ហានិភ័យកំពុងឆ្ពោះទៅរកការកើនឡើងខ្លាំងជាងការគិតទុក»។
បណ្តាប្រទេសដែលស្ថិតនៅដែនពណ៌ក្រហមដូចជាប្រទេស ក្រិក និងប្រទេស អុីតាលី បានបង្កឲ្យមានការភ័យខ្លាចសម្រាប់អនាគតរបស់អឺរ៉ុបរួចទៅហើយ៕ AFP/PS