ក្រុង​ប៊្រុចសែលៈ សហភាព​អឺរ៉ុប​សម្រេច​បាន​កិច្ច​ព្រមព្រៀង​មួយ​ ដើម្បី​បញ្ចប់​ជម្លោះ​រយៈពេល​វែង​ជាមួយ​សហរដ្ឋ​អាមេរិក​ជុំវិញ​ការ​នាំចូល​សាច់គោ​អាមេរិក ដោយ​សង្ឃឹម​​ថា កិច្ច​ព្រមព្រៀង​នេះ​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ភាគី​ទាំង ​២។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ចុង​សប្តាហ៍​មុន។

លោក Phil Hogan ស្នងការ​ទទួល​បន្ទុក​កសិកម្ម​របស់​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ជាមួយ​នឹង​ជំហាន​នេះ សហភាព​អឺរ៉ុប​អះអាង​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​នាំ​យក​ដំណាក់​កាល​ថ្មី​មួយ​សម្រាប់​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក»។

កិច្ច​ព្រមព្រៀង​ស្តីពី​សាច់គោ​នេះ​សម្រេច​បាន​បន្ទាប់​ពីកាល​ជិត ​១ ​ឆ្នាំ​មុន ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ប្តេជ្ញា​ថា​នឹង​ផ្អាក​ការ​ដក​ហូត​ពន្ធ​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក និង​ថា​នឹង​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ដែល​មាន​កម្រិត ​១។

ភាព​តានតឹង​រវាង​សម្ព័ន្ធ​មិត្ត​ទាំង ២ បាន​កើន​ឡើង​បន្ទាប់​ពី​លោក ​ត្រាំ បាន​ដក​ហូត​ពន្ធ​លើ​ដែក​ថែប និង​អាលុយមីញ៉ូម​របស់​អឺរ៉ុប និង​បាន​គំរាម​ដក​ហូត​ពន្ធ​បន្ថែម​ទៀត​លើ​រថយន្ត​អឺរ៉ុប។

ជម្លោះ​ជុំវិញ​សាច់គោ​ដែល​មាន​សារធាតុ​អ័រម៉ូន​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ ១៩៨៨ នៅ​ពេល​ដែល​អឺរ៉ុប​បាន​ហាម​ឃាត់​ការ​​នាំចូល​សាច់​ដែល​យក​ពី​សត្វ​ដែល​មាន​ចាក់​អ័រម៉ូន​ឲ្យ​លូតលាស់​លឿន ដែល​ការ​អនុវត្ត​​នេះ​កើត​មាន​ជា​ធម្មតា​​នៅ​សហរដ្ឋ​អាមេរិក។

ជា​ការ​សងសឹក​វិញ និង​ស្រប​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក នៅ​ឆ្នាំ ១៩៩៩ សហរដ្ឋ​អាមេរិក​បាន​ដាក​ហូត​ពន្ធ​គយ​កាន់​តែ​ខ្ពស់​លើ​ផលិតផល​របស់​អឺរ៉ុប​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​បាតុកម្ម​ខឹង​សម្បា​ក្នុង​ប្រទេស​ បារាំង។

ស្ថិត​ក្រោម​ការ​សម្រុះ​សម្រួល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ ១៩៩៩ និង​បាន​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ ២០១៤ សហរដ្ឋ​អាមេរិក​បាន​លុប​ចោល​ទណ្ឌកម្ម​នានា ដែល​ខ្លួន​បាន​ដាក់ ហើយ​អឺរ៉ុប​បាន​បង្កើត​កូតា​នាំចូល​មួយ​សម្រាប់​សាច់​គោ​បរទេស​ដែល​មិនមាន​សារធាតុ​អ័រម៉ូន «ដែល​មាន​គុណភាព​ខ្ពស់» រួមទាំង​សាច់​គោ​មក​ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ៕ AFP/KC