ក្រុង ហ្វ្រេង​ហ្វឺតៈ ប្រ​ព័​ន្ធ​ផ្សព្វ​ផ្សាយ​​​មក​ពី​ទូ​ទាំង​ទ្វីប​អឺ​រ៉ុប​​បាន​រាយ​ការ​ណ៍​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ថា ផែន​ការ​គេ​ច​ពន្ធ​ដ៏​ធំ​​ដែល​កើត​មាន​រាប់​ឆ្នាំ​មក​ហើយ​នោះ បាន​ធ្វើ​ឲ្យ​រដ្ឋា​ភិ​បាល​​របស់​ប្រ​ទេស​នៅ​អឺ​រ៉ុ​ប​បាត់​បង់​ថ​វិ​កា​ជាតិ ៥៥ ពាន់​លាន​អឺ​រ៉ូ (​៦៣​ ពាន់​លាន​​ដុ​ល្លារ​) ខ្ពស់​ជាង​​​ការ​រំ​ពឹង​ទុក​កន្លង​មក។

ការ​អនុ​វត្ត​របស់​ផែន​ការ​គេច​ពន្ធ​ដែល​គេ​ហៅ​ថា «​cum-ex» ផ្អែក​លើ​ល្បិច​កល​​គេច​ពន្ធ​ស្មុគ​ស្មាញ​ ដែល​អាច​ឲ្យ​ម្ចាស់​ភាគ​​​ហ៊ុន​​​ទាម​ទារ​​​ជា​ច្រើន​នូវ​​ប្រាក់​​ពន្ធ​បង្វិល ដែល​ត្រូវ​​បាន​បង់​តែ​ម្តង​សម្រាប់​ការ​​ទូ​ទាត់​ភាគ​លាភ​ដែលជា​ការ​​លួច​ប្រាក់​របស់​អ្នក​ជាប់​ពន្ធ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ចូល​ទៅ​ក្នុង​​​ហោ​ប៉ៅ​របស់​​ក្រុម​វិ​និ​យោ​គិន​។​

មក​ដល់​ពេល​នេះ ការ​ប៉ាន់​ស្មាន​​​​ពី​ការ​បាត់​បង់​ថ​វិ​កា​ពន្ធ​នេះ​​​មាន​ចាប់​ពី​ ៥,៣ ​ពាន់​​​លាន​អឺ​រ៉ូ​បើ​យោង​តាម​ក្រ​សួង​​ហិ​រញ្ញ​វត្ថុ​អា​ល្លឺ​ម៉ង់​ ដល់​ ៣០ ពាន់​លាន​​បើ​យោង​តាម​សេច​ក្ដី​រាយ​ការណ៍​របស់​ព័ត៌​មាន​នា​នា។​​

ប៉ុន្តែ​ការ​ស៊ើប​អង្កេត​រួម​មួយ​ដោយ​​ប្រ​ព័ន្ធ​ព័ត៌​មាន​អឺ​រ៉ុប បាន​សន្និ​ដ្ឋាន​ថា យ៉ាង​ហោច​​ណាស់​ប្រាក់ ៥៥,២​ ពាន់​លាន​អឺ​រ៉ូ​ត្រូវ​បាន​គេ​លួច​​ពី​បណ្ដា​ប្រ​ទេស​ចំ​នួន​ ១១ គឺ អា​ល្លឺ​ម៉ង់ បា​រាំង អេ​ស៉្បាញ អុីតាលី ហូ​ឡង់ ដា​ណឺ​ម៉ាក បែល​ហ្ស៊ិក អូ​ទ្រីស ហ្វាំង​ឡង់ ន័រ​វែស និង​ស្វ៊ីស។​

ដោយ​មាន​ការ​រាយ​ការណ៍​ថា​ បង្កើត​ឡើង​​ដោយ​លោក Hanno Berger ដែល​ជា​មេ​ធា​វី​ជន​ជាតិ​​អា​ល្លឺ​ម៉ង់​ដ៏​ល្បី​ឈ្មោះ​នោះ ការ​អនុ​វត្ត​វិ​ធី​សាស្រ្ដ​ cum-ex ពឹង​ផ្អែក​លើ​​វិ​និ​យោ​គិន​មួយ​ចំ​នួន​ដែល​ទិញ​ភាគ​​ហ៊ុន​ និង​លក់​បន្ត​​​​ក្នុង​​ក្រុម​ហ៊ុន​មួយ​​ក្នុង​ចំ​ណោម​ខ្លួន​ពួក​គេ​ផ្ទាល់​នៅ​​​ថ្ងៃ​​ដែល​​​​ក្រុម​ហ៊ុន​ទូ​ទាត់​ភាគ​លា​ភ​របស់​ខ្លួន​។​

ភាគ​ហ៊ុន​​ប្តូរ​ម្ចាស់​យ៉ាង​​​រហ័ស​ដែល​បង្ក​ឲ្យ​​អា​ជ្ញា​ធរ​ពន្ធ​​មិន​អាច​កំ​ណត់​អត្ត​សញ្ញាណ​​ថា ​តើ​​នរណា​ជា​ម្ចាស់​ពិត​ប្រា​កដ​​?​

ដោយ​​ធ្វើ​ការ​ងារ​រួម​គ្នា ​ក្រុម​វិ​និ​យោ​គិន​អាច​ទាម​ទារ​​ប្រាក់​ពន្ធ​បង្វិល​យក​មក​​វិញ​ច្រើន​​ដង​ដែល​ប្រាក់​ពន្ធ​នោះ​​ត្រូវ​បាន​បង់​​សម្រាប់​​​ភាគ​លាភ​​ ហើយ​​ចែក​រំ​លែក​ប្រាក់​ចំ​ណេញ​​ក្នុង​​ចំ​ណោម​ពួក​គេ​ផ្ទាល់​ ខណៈ​ដែល​​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​ជា​អ្នក​ខា​ត​បង់។​

រឿង​អា​ស្រូវ cum-ex នេះ​បាន​ផ្ទុះ​ឡើង​ដំ​បូង​នៅ​ប្រ​ទេស​ អា​ល្លឺ​ម៉ង់ ​កាល​ពី​ឆ្នាំ ២០​១២ ដោយ​មាន​​ការ​ស៊ើប​អង្កេត​បទ​ឧ​ក្រិដ្ឋ​ចំ​នួន ៦ បាន​ធ្វើ​ឡើង​ និង​មាន​ការ​កាត់​ទោស​មួយ​ប្រ​ឆាំង​នឹង​លោក Berger និង​ពា​ណិជ្ជ​ករ​ផ្សារ​ហ៊ុន​​មួយ​ចំ​នួន។​ ​

ការ​ស៊ើប​អង្កេត​​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ ដែល​បាន​ដឹក​នាំ​ដោយ​ Correctiv ដែល​ជា​គេ​ហ​ទំ​ព័រ​សារ​ព័ត៌​មាន​​ស៊ើប​អង្កេត និង​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ធំ​ៗ​ ដូច​ជា​ ARD ជា​ក្រុម​​ហ៊ុន​ផ្សាយ​សា​ធារ​ណៈ​របស់​​​អា​ល្លឺ​ម៉ង់ និង​កា​សែត​បា​រាំង​​ Le Monde បាន​គណនា​​ការ​ខូច​ខាត​ចំ​ពោះ​ប្រ​ទេស​នី​មួយ​ៗ​ដែល​​ពាក់​ព័ន្ធ។

តាម​អ្នក​ជំ​នាញ​ផ្នែក​ពន្ធ Christoph Spengel នៅ​អា​ល្លឺ​ម៉ង់​ វិ​និ​យោ​គិន​បាន​លួច​​ប្រាក់ ៣១,៨ ពាន់​លាន​អឺ​រ៉ូ ខណៈ​បា​រាំង​​បាត់​​យ៉ាង​ហោច ១៧ ពាន់​លាន​អឺ​រ៉ូ អុីតាលី ៤,៥ ពាន់​លាន​អឺ​រ៉ូ ដា​ណឺ​ម៉ាក ១,៧ ពាន់​លាន​អឺ​រ៉ូ និង​បែល​ហ្ស៊ិក ២០១ លាន​អឺ​រ៉ូ៕​ AFP/LA