ក្រុងប្រ៊ុចសែលៈ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​សេចក្តី​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ដែល​ដកហូត​ពន្ធ​ខ្ពស់​ជាង​មុន​លើ​ការនាំ​ចូល​ផ្លែ​អូលីវ​របស់​ប្រទេស​អេស្ប៉ាញ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​ដ៏ជូរចត់​មួយ​មាន​លក្ខណៈ​កាន់តែ​អាក្រក់​ទៅ​។

រដ្ឋាភិបាល​ក្រុង​ប្រ៊ុចសែល​បាន​ឆ្លើយតប​ទាំង​ខឹងសម្បា​ទៅ​នឹង​វិធានការ​ពាណិជ្ជកម្ម​ចុងក្រោយ​បំផុត​ដែល​ដាក់​ចេញ​ដោយ​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ នេះ​ដែល​បាន​កើត​មាន​ឡើង​បន្ទាប់ពី​មាន​សេចក្តី​សម្រេច​គួរ​ឲ្យ​រន្ធត់​មួយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ដើម​ខែ​នេះ​ក្នុង​ការដកហូត​ពន្ធ​ខ្ពស់​ទៅ​លើ​ការ​នាំចូល​លោហៈ​ពី​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ដទៃៗ​ទៀត​។

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ដកហូត​ពន្ធ​បន្ថែម​ទៅលើ​ការនាំ​ចេញ​ផលិតផល​កសិកម្ម​ដ៏ល្បី​ឈ្មោះ​នេះ​របស់​ប្រទេស​អេស្ប៉ាញ ដោយ​ពិចារណា​ថា​ផលិតផល​ទាំង​នេះ​ពិតជា​ទទួល​បាន​ការ​ឧបត្ថម្ភធន និង​លក់​ក្នុង​តម្លៃ​ក្រោម​តម្លៃ​ពិតប្រាកដ​របស់​ផលិតផល​ទាំង​នោះ​។

អ្នក​នាំពាក្យ​គណៈកម្មការ​អឺរ៉ុប​លោក Daniel Rosario បាន​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយ​ថា សេចក្តី​សម្រេច​នេះ «​មិន​អាច​ទទួល​យក​បាន​»​។

លោក Rosario បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​ជា​វិធានការ​គាំពារ​និយម​ដែល​កំណត់​គោលដៅ​ឆ្ពោះ​ទៅ​រក​ផលិតផល​អឺរ៉ុប​ដែល​ជោគជ័យ និង​មាន​គុណភាព​ខ្ពស់​ដែល​មាន​ប្រជាប្រិយ​ជាមួយ​អ្នក​ប្រើប្រាស់​នៅ​អាមេរិក​»​។

លោក​បាន​បន្ត​ថា​៖ «​ទាំង​ធាតុ​នៃ​សេចក្តី​សម្រេច និង​ទាំង​ដំណើរការ​ដែល​នាំ​ឲ្យ​មាន​សេចក្តី​សម្រេច​នេះ​មិន​កើត​ចេញ​ពី​ហេតុផល​គ្រប់គ្រាន់​ឡើយ​»​។ លោក​បន្ថែម​ថា​សេចក្តី​សម្រេច​របស់​អាមេរិក​នៅ​តែ​ត្រូវការ​ការបញ្ជាក់​។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​សហរដ្ឋអាមេរិក​បាន​ប៉ាន់ប្រមាណ​ថា ផ្លែ​អូលីវ​ពី​ប្រទេស​អេស្ប៉ាញ​ត្រូវ​បាន​លក់​នៅ​តម្លៃ​ទាប​ជាង​តម្លៃ​ជាក់ស្តែង​ពី ១៦,៨៨ ភាគរយ​ទៅ ២៥,៥ ភាគរយ​។

អាមេរិក​ក៏​អះអាង​ផង​ដែរ​ថា អេស្ប៉ាញ​បាន​ឧបត្ថម្ភធន​ដល់​អ្នក​ដាំ​ផ្លែ​អូលីវ​ពី ៧,៥២ ទៅ ២៧,០២ ភាគរយ​។

កាលពី​ឆ្នាំ​ ២០១៧ ការនាំ​ចេញ​ផ្លែ​អូលីវ​របស់​អេស្ប៉ាញ​ទៅ​សហរដ្ឋអាមេរិក មាន​ទឹកប្រាក់ ៦៧,៦ លាន​ដុល្លារ​។

សេចក្តី​សម្រេច​ចុងក្រោយ​នេះ​នឹង​ស្ថិត​លើ​ការសម្រេច​របស់​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អាមេរិក (ITC) ដែល​រំពឹង​ថា​នឹង​ធ្វើ​នៅ​ខែ​កក្កដា​៕ PS