ក្រុងប្រ៊ុចសែលៈ សហភាព​អឺរ៉ុប​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការដាក់​ទណ្ឌកម្ម​ឡើង​វិញ​របស់​អាមេរិក​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​បោះបង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ចាត់​វិធានការ​ភ្លាមៗ ដើម្បី​ការពារ​ក្រុមហ៊ុន​អឺរ៉ុប​។

សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​លោកស្រី Federica Mogherini ប្រធាន​ផ្នែក​ការទូត​សហភាព​អឺរ៉ុប និង​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​ឲ្យ​ដឹង​ថា​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការងារ​ផង​ដែរ​ក្នុង​ការ​រក្សា​ការបើក​ចំហ «​បណ្តាញ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព​» ជាមួយ​ប្រទេស​អ៊ីរ៉ង់​។

សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​នៅ​ទីក្រុង​ប្រ៊ុចសែល​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការដាក់​ទណ្ឌកម្ម​ឡើងវិញ ដោយ​អាមេរិក ដោយសារ​ការដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​ផែនការ​សកម្មភាព​ទូលំទូលាយ​រួមគ្នា (JCPOA)» ។

សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា​ឥឡូវ​នេះ​អឺរ៉ុប​នឹង​នាំ​យក​មក​យ៉ាង​ឆាប់​រហ័ស​នូវ​ការការពារ​ផ្នែក​ច្បាប់​សម្រាប់​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​ប្លុក​ដែល​មាន​សមាជិក ២៨ ប្រទេស ដើម្បី​ធ្វើការ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​»​។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បន្ត​ថា​៖ «​យើង​ប្តេជ្ញា​ការពារ​ប្រតិបត្តិករ​សេដ្ឋកិច្ច​អឺរ៉ុប​ដែល​ធ្វើ​អាជីវកម្ម​ស្របច្បាប់​ជាមួយ​អ៊ីរ៉ង់​»​។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ត​ថា​៖ «​នេះ​គឺជា​មូលហេតុ​ដែល​លក្ខន្តិកៈ​រារាំង​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​របស់​សហភាព​អឺរ៉ុប​ចូល​ជាធរ​មាន​នៅ​ថ្ងៃទី​ ៧ សីហា ដើម្បី​ការពារ​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​ដែល​ធ្វើ​អាជីវកម្ម​ស្រប​ច្បាប់​ជាមួយ​ប្រទេស​អ៊ីរ៉ង់​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក​»​។

លក្ខន្តិកៈ​នេះ​ហាមប្រាម​ក្រុមហ៊ុន​របស់​សហភាព​អឺរ៉ុប​មិន​ឲ្យ​គោរព​តាម​ទណ្ឌកម្ម​របស់​អាមេរិក ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​រួច​ផុត​ពី​ការដាក់​ទោសទណ្ឌ​បែប​នេះ និង​មោឃភាព​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​បរទេស​ណា​មួយ​ប្រឆាំង​នឹង​ពួកគេ​។

ក្រុមហ៊ុន​ផលិត​រថយន្ត Renault របស់​ប្រទេស​បារាំង​ដែល​មិន​លក់​រថយន្ត​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​នៅ​តែ​នៅ​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​អ៊ីរ៉ង់​បើ​ទោះបី​ជា​មាន​ទណ្ឌកម្ម​នេះ​ក៏ដោយ​។ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​ប្រេង Total និង​ក្រុមហ៊ុន​ផលិត​រថយន្ត PSA របស់​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​រួច​ហើយ​ថា ក្រុមហ៊ុន​ទាំង​ ២ ​នេះ​នឹង​ទំនង​ជា​ដក​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​។

បើ​ទោះបី​ជា​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ឡើង​វិញ ហើយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​ជាថ្មី​អំពី​បញ្ហា​នេះ​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ក៏ដោយ ក៏​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹងថា ពួកគេ​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​រក្សា​កិច្ចព្រមព្រៀង​នេះ​៕ PS