ក្រុង​ប៊្រុចសែលៈ សហភាព​អឺរ៉ុប (EU) កាល​ពី​ថ្ងៃ​ចន្ទ​បាន​ឯកភាព​លើ​​ការ​ចាត់​វិធានការ​ដាក់​ពិន័យ​​ប្រទេស ​តួកគី ដោយសារ​ការ​បន្ត​ប្រតិបត្តិការ​ខួង​ប្រេង​នៅ​ប្រទេស ស៊ីប ទោះបី​ជា​មាន​ការ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ​។​

សហភាព​អឺរ៉ុប​នឹង​បញ្ឈប់​ការ​សន្ទនា​កម្រិត​ខ្ពស់​ជាមួយ​ប្រទេស ​តួកគី ផ្អាក​ការ​ចរចា​លើ​​កិច្ច​ព្រមព្រៀង​អាកាសចរណ៍ និង​កាត់​បន្ថយ​ទឹក​ប្រាក់​​​​ចំនួន ១៤៥,៨ ​លាន​អឺរ៉ូ (១៦៤ ​លាន​​ដុល្លារ) ​​ក្នុង​មូលនិធិ​ជំនួយ​ហិរញ្ញវត្ថុ ដែល​គ្រោង​នឹង​ផ្តល់​ឲ្យ​សម្រាប់​​ឆ្នាំ ​២០២០។​

ក្រុម​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​មក​ពី​ប្លុក​នេះ ក៏​បាន​ប្រាប់​គណៈកម្មការ​អឺរ៉ុប​​ឲ្យ​​​បន្ត​ការ​ធ្វើ​ការងារ​លើ​លទ្ធភាព​​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ ដោយ​​កំណត់​ទិសដៅ​អ្នក​ជាប់​ពាក់ព័ន្ធ​​ក្នុង​ប្រតិបត្តិការ​ខួង​ប្រេង​នេះ។​

ធនាគារ​វិនិយោគ​អឺរ៉ុប (EIB) ត្រូវ​បាន​ស្នើសុំ​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​លក្ខខណ្ឌ​​នានា ​ដែល​ត្រូវ​បាន​កំណត់​សម្រាប់​​​ការ​ផ្ដល់​ការ​គាំទ្រ​​ហិរញ្ញវត្ថុ​ដល់​ទីក្រុង​អង់ការ៉ា​។​

សហភាព​អឺរ៉ុប​កាល​ពី​ខែ​មុន​បាន​ព្រមាន​​​ប្រទេស ​តួកគី ​ថា ​ប្រទេស​នេះ​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ ប្រសិន​បើ​ប្រទេស​នេះ​មិន​បញ្ឈប់​អ្វី​ដែល​ប្លុក​នេះ​ហៅថា ការ​ខួង​ប្រេង «ខុសច្បាប់» ក្នុង​តំបន់​​សេដ្ឋកិច្ច​ផ្តាច់​មុខ​​របស់​ប្រទេស ​ស៊ីប។​

នៅ​សប្ដាហ៍​មុន ​ក្រុម​អ្នក​ការទូត​បាន​​ចាប់​ផ្ដើម​​ពិភាក្សា​ថា​​ តើ​វិធានការ​អ្វី​ដែល​​ត្រូវ​​ចាត់​ឡើង​លើ​ប្រទេស តួកគី?។​

វា​ជា​ការ​រក​ឃើញ​កំណប់​ឧស្ម័ន​ដ៏​ធំ​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​ភាគ​ខាង​កើត​ ដែល​បាន​បណ្ដាល​ឲ្យ​មាន​ជម្លោះ​រវាង​​​ស៊ីប​ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​​ និង​តួកគី។​

ទីក្រុង​អង់ការ៉ា​ បាន​បញ្ជូន​នាវា ​២ គ្រឿង ​ដើម្បី​ធ្វើ​ការ​ខួង​ប្រេង​នៅ​ដែន​សមុទ្រ​របស់​ប្រទេស ​ស៊ីប ទោះបីជា​មាន​ការ​ព្រមាន​ពី​សហភាព​អឺរ៉ុប​​ក៏​ដោយ​។​

ប្រទេស ​ស៊ីប ត្រូវ​បាន​បែង​ចែក​តំបន់​គ្រប់គ្រង​​ជា​ ២ ផ្នែក ​រវាង​សាធារណរដ្ឋ​​ស៊ីប និង​តំបន់​ភាគ​ខាង​ជើង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​ប្រទេស ​តួកគី ចាប់​តាំង​ពី​ឆ្នាំ ​១៩៧៤ មក នៅ​ពេល​​ប្រទេស ​តួកគី ​​បាន​ចូល​ឈ្លានពាន​ជា​ការ​ឆ្លើយ​​តប​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​មួយ​ដោយ​​​ក្រុម​ប្រឹក្សា​​យោធា​ក្រិក​។​ ​ក្រុម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា ភាព​តានតឹង​ជុំវិញ​​​ការ​ខួង​ឧស្ម័ន​​នេះ​ទំនង​ជា​ជាប់​​ទាក់ទង​​ការ​បរាជ័យ​នៃ​ការ​​ចរចា​សន្ដិភាព​កាល​ពី​ឆ្នាំ ​២០១៧។

ខណៈ​ដែល​ការ​ចរចា​ដើម្បី​បង្រួប​បង្រួម​កោះនេះ​​មិន​ត្រូវ​បាន​ចាប់​ផ្ដើម​ជា​ថ្មី ប្រទេស​ ​ស៊ីប ​បាន​ដំណើរការ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​រុករក​ឧស្ម័ន និង​ប្រេង​ដោយ​ការ​ចេញ​អាជ្ញាប័ណ្ណ​៕​ AFP/LA​