ភ្នំពេញៈ ប្រ​ទេស​ អេ​មី​រ៉ាត​អា​រ៉ាប់​រួម​​នឹង​ផ្តល់​កម្ចី​ជា​ប្រភេទ ​Credit Line​ នូវ​​​ទឹក​ប្រាក់​ចំនួន ​៥០០​ លាន​ដុ​ល្លារ​ដល់​ប្រ​ទេស​ កម្ពុជា ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គោល​​ដៅ​​​នាំ​ចូល​ទំ​និញ​ពី​ប្រ​ទេស​​ស្ថិត​ក្នុង​តំ​បន់​អា​រ៉ាប់​មួយ​​នេះ​។ ​នេះ​បើ​យោង​តាម​ទំ​ព័រ​​ហ្វេស​ប៊ុក​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។​

ការ​​សន្យា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​​ជំនួ​ប​ពិភា​ក្សា​មួយ​រវាង​​ព្រះ​អង្គ​ម្ចាស់ ​Amed D​almook ​Al Maktoum ដែល​ជា​​សមា​ជិក​នៃ​រាជ​វង្ស​របស់​​ប្រ​ទេស​ អេ​មី​រ៉ា​ត​អា​រ៉ាប់​រួម​ ជា​មួយ​នឹង​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។​

ក្រៅ​​ពី​ការ​សន្យា​ផ្តល់​​កម្ចី​​នេះ​ ព្រះ​អង្គ​ម្ចាស់ ​Amed Dalmook Al Maktoum ​ក៏​នឹង​សិក្សា​ពី​លទ្ធ​ភាព​​ផ្សេង​​ទៀត​​ផង​ដែរ​ ដើ​ម្បី​​វិ​និ​យោគ​នៅ​​កម្ពុជា ដោយ​ព្រះ​អង្គ​មាន​​ចំ​ណាប់​អា​រម្មណ៍​​លើ​វិ​ស័យ​ប្រេង​ ឧស្ម័ន ពា​ណិជ្ជ​កម្ម ​និង​ហិ​រញ្ញ​វត្ថុ​។

លោក​ អ៊ាង ​សុផ​ល្លែត ​ជំ​នួយ​ការ​ផ្ទាល់​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រាប់​ថា ​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​​ទំ​នាក់​ទំ​នង​ពា​ណិជ្ជ​កម្ម​រវាង​ប្រ​ទេស​ទាំ​ង ២​ ហើយ​តាម​រយៈ​ឥណ​ទាន​នេះ​ កម្ពុជា​អាច​ទិញ​ទំ​និញ​អេ​មី​រ៉ាត​អា​រ៉ាប់​។

ពាក់​ព័ន្ធ​នឹង​កម្ចី​ Credit line នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ណែ​នាំ​ឲ្យ​មាន​ការ​ពិ​ភា​ក្សា​ជា​មួយ​ស្ថា​ប័ន​​ពាក់​ព័ន្ធ ដើ​ម្បី​រក​ចំ​ណុច​ណា​មួយ​ក្នុង​ការ​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ថ​វិ​កា​នេះ។

ឥណ​ទា​ន Credit line គឺ​​ជា​បរិ​មាណ​ទឹក​ប្រាក់​អ​តិ​បរ​មា ​ដែល​​ប្រ​ទេស ឬ​ស្ថា​ប័ន​មួយ​សន្យា​ឲ្យ​ខ្ចី​។ កញ្ចប់​ឥណ​ទា​ន​​ដែល​ដាក់​ឲ្យ​ខ្ចី​នេះ​នឹង​​មិន​​ទាន់​ប្រែ​​ក្លាយ​ជា​កម្ចី​​នៅ​ឡើយ​​ទេ នៅ​​​ពេល​បរិ​មាណ​ទឹក​ប្រាក់​​ណា​​​មួយ​​មិន​ទាន់​ត្រូវ​បាន​យក​​មក​​ប្រើ​ប្រាស់​​​៕LA