ភ្នំពេញៈ ជាមួយ​នឹង​ការទទួលបាន​កំណើន​រយៈពេល​ជាង​ ២ ​ទសវត្សរ៍ Acleda Bank Plc ដែលជា​ធនាគារពាណិជ្ជ​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា ការបោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធិ​របស់ខ្លួន​នឹង​អាច​ទាក់ទាញ​វិនិយោគិន​កាន់តែ​ច្រើន​ឲ្យ​ចូលមក​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX)​។

ACLEDA Bank Plc គឺជា​ធនាគារពាណិជ្ជ​លើកដំបូង​ដែល​បានទទួល​ការយល់ព្រម​ជាគោលការណ៍​លើ​ការត្រួតពិនិត្យ​សិទ្ធិ​ចុះបញ្ជី​មូលបត្រ​ភាគហ៊ុន​ពី CSX សម្រាប់​ការជួញដូរ​មូលបត្រ​របស់ខ្លួន បន្ទាប់ពី​ធនាគារ​នេះ​បានទទួល​លិខិត​ជា​ផ្លូវការ​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​កាលពី​ថ្ងៃទី​ ២៦ ខែវិច្ឆិកា​ដែល​អាច​ឲ្យ​ធនាគារ​នេះ​បន្ត​ផែនការ​របស់ខ្លួន​សម្រាប់​ការបោះ​ផ្សាយ​មូលបត្រ​សាធារណៈ​លើកដំបូង​( IPO)​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹង​ក្នុង​កម្មវិធី​នៃ​ការធ្វើ​រ៉ូដសូ​រយៈពេល​ ៣ ​ថ្ងៃ​ នៅ​ការិយាល័យ​កណ្ដាល​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ថា​ជាមួយ​បទពិសោធ​ជាង ២៧ ​ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ចាប់តាំងពី​ការចាប់ផ្ដើម​ដំបូង​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​កាលពី​ឆ្នាំ​ ១៩៩៣ ជាមួយ​នឹង​ទុន​វិនិយោគ​ត្រឹមតែ ៦០០ ០០០ ​ដុល្លារ​ប៉ុណ្ណោះ បច្ចុប្បន្ន​ទុន​របស់​ធនាគារ​នេះ​បាន​កើនឡើង​ ៧០០ ​ដង ខណៈ​ទ្រព្យសកម្ម​សរុប​មាន​ប្រហែល ៩០០ ​លាន​ដុល្លារ​ ដែល​បាន​កើនឡើង​ជាង ៩ ០០០ ​ដង និង​ប្រាក់ចំណេញ​សុទ្ធ​ក៏​បាន​កើនឡើង​ជិត ២ ០០០ ​ដង​។

លោក​ថ្លែងថា​៖ «​វា​ជា​ការបើក​ទំព័រ​ថ្មី​មួយ​នៃ​ធនាគារ​របស់​យើង​នៅក្នុង​ផ្សារហ៊ុន ហើយ​មូល​ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​ឡើង​ផ្សារហ៊ុន​? ដោយសារ​តែ​ធនាគារ​របស់​យើង​កំពុង​រីកចម្រើន​ជាមួយ​ប្រជាជន​របស់​យើង​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​នៅពេល​នេះ​វា​ដល់ពេល​ក្នុង​ការបន្ត​ការរីកចម្រើន​នៅក្នុង​ទីផ្សារ​មូលធន​ដើម្បី​អាច​ឲ្យ​អតិថិជន​របស់​យើង​អាច​វិនិយោគ​ជាមួយ​ពួកយើង​នៅ​ផ្សារហ៊ុន ដូច្នេះ​ពួកគេ​នឹង​ក្លាយ​ជា​ភាគទុនិក​របស់​យើង​»​។

លោក​បន្តថា​៖ «​ការបោះ​ផ្សាយ​មូលបត្រ​របស់​ធនាគារ​អេស៊ីលីដា ខុស​គ្នា​ពី​ក្រុមហ៊ុន​ចុះបញ្ជី​ផ្សេងទៀត​ដែល​លក់​ឲ្យ​ការវិនិយោគ​ស្ថាប័ន ប៉ុន្តែ​យើង​លក់​ឲ្យ​ទាំង​វិនិយោគិន​ស្ថាប័ន សាធារណជន និង​វិនិយោគិន​បុគ្គល​នេះ​គឺជា​ការចែករំលែក​ការរីកចម្រើន​ដល់​ប្រជាជន​របស់​យើង​»​។

លោក ហុង សុខហួរ អគ្គនាយក CSX បាន​ឲ្យ​ដឹងថា Acleda Bank Plc គឺជា​ធនាគារពាណិជ្ជ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​សម្រេចចិត្ត​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​របស់​ពួកគេ​លើ CSX ដែល​វា​នឹងមាន​ផលប៉ះពាល់​វិជ្ជមាន​សម្រាប់​ទីផ្សារ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា​នឹង​មាន​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​វិនិយោគ​ក្នុង​ធនាគារ​អេស៊ីលីដា ហើយ​វា​ដល់ពេល​សម្រាប់​វិនិយោគិន​ទាំងអស់​អាច​ក្លាយជា​ភាគ​ទុនិក​ធនាគារ​នេះ​។ យើង​អនុម័ត​លើ​សិទ្ធិ​ទទួល​បាន​ការចុះបញ្ជី​របស់​ពួកគេ​រួចហើយ​»​។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន Yuanta Securities ក៏បាន​ឲ្យ​ដឹងថា​ធនាគារ​អេស៊ីលីដា​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើន​ពី​ក្រុម​វិនិយោគិន ដោយសារ​តែ​វា​ជា​ធនាគារ​តែមួយគត់​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កម្ពុជា​។

លោក​បន្តថា​៖ «​នៅពេល IPO កើតឡើង​ធនាគារ​អេស៊ីលីដា​នឹង​ក្លាយជា​ធនាគារ​ដំបូង​គេ និង​តែមួយ​គត់​នៅ​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​ប្រជាជន​កម្ពុជា ដូច្នេះ​ធនាគារ​នេះ​នឹង​រីកចម្រើន​ជាមួយ​ប្រជាជន​កម្ពុជា មិនមែន​គ្រាន់តែ​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភាគទុនិក​ផងដែរ ដែល​នេះ​គឺជា​សារៈសំខាន់​របស់ IPO នេះ​»​។

លោក អ៊ិន ចាន់នី បាន​ឲ្យ​ដឹងថា នៅពេល​នេះ​ធនាគារ​កំពុង​រង់ចាំ​ការយល់ព្រម​ពី​និយតករ​គឺ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) ហើយ​សង្ឃឹមថា មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ​នេះ​នឹង​ត្រូវបាន​ជួញដូរ​នៅលើ CSX នៅ​ដើមខែ​មេសា​។

លោក​លើកឡើង​ថា​៖ «​នៅពេលនេះ​យើង​ចាំបាច់​ត្រូវ​ទទួល​បាន​ការយល់ព្រម​ពី​និយតករ​របស់​យើង ខ្ញុំ​គិតថា​យើង​នឹងមិន​ត្រូវការ​រយៈពេល​វែង​នោះទេ​ក្នុង​ការទទួល​បាន​ការយល់ព្រម​ពី SECC ដោយសារ​តែ​យើង​បាន​ត្រៀម​យ៉ាង​ល្អ​សម្រាប់​ការចុះបញ្ជី ហើយ​យើង​បាន​ដាក់​ឯកសារ​ពាក់ព័ន្ធ​ដែល​ចាំបាច់​ទាំងអស់​ដល់​និយតករ​រួចហើយ ខ្ញុំ​គិតថា​នឹង​ចាប់ផ្ដើម​ការជួញដូរ​មិន​ឲ្យ​លើស​ពី​ខែ​មេសា ឆ្នាំ​ ២០២០ ​នេះ​ទេ​»៕LA