ភ្នំពេញៈ គម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) ដែលបង្កើតឡើងដោយចិនផ្តោតលើហេដ្ឋរចនាសម្ព័ន្ធដើម្បីតភ្ជាប់ពាណិជ្ជកម្មតំបន់ អាចផ្តល់ឱកាសវិជ្ជមានដល់ការអភិវឌ្ឍនៅកម្ពុជា តែទន្ទឹមនេះក៏អាចមានហានិភ័យមួយចំនួនដែរ ដែលកម្ពុជាត្រូវសិក្សាឲ្យបានលម្អិតជាងនេះ អំពីឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាននៃគម្រោងនេះ។ នេះបើយោងតាមការលើកឡើងពីអ្នកជំនាញក្នុងកិច្ចពិភាក្សាមួយកាលពីម្សិលមិញ។

ថ្លែងក្នុងវេទិកាពិភាក្សាស្តីពី គម្រោងខ្សែក្រវាត់ និងផ្លូវ និងផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ដែលរៀបចំដោយអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) លោកស្រី Yuen Yuen Ang សាស្រ្តាចារ្យ សាកលវិទ្យាល័យ Michigan នៅសហរដ្ឋអាមេរិក បានលើកឡើងថា ភាគីពាក់ព័ន្ធគួរមានការសិក្សាលម្អិតពីឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាននៃគម្រោង BRI ដោយសារគម្រោងនេះនឹងនាំយកមកជាមួយទាំងឱ កាសដើម្បីអភិវឌ្ឍ និងបញ្ហាផងដែរ។

លោកស្រីបានថ្លែងថា៖ «យើងធ្លាប់ឮច្រើនហើយពីការរួមចំណែករបស់ BRI ប៉ុន្តែវាក៏ល្អដែរប្រសិនបើយើងមានការលើកឡើងពីបញ្ហាដែលកើតមានពី BRI»។

យោងតាម លោកស្រី Yuen Yuen Ang ការវិវឌ្ឍនៃខេត្តព្រះសីហនុអាចជាឧទាហរណ៍មួយពីឥទ្ធិពល ២ ប្រភេទនៃ ការវិនិយោគរបស់ចិន ដែលជាផ្នែកមួយនៃ BRI ដោយសារថាការវិនិយោគបាននាំមកជាមួយនូវការអភិវឌ្ឍរចនាសម្ព័ន្ធមួយចំនួនយ៉ាងលឿនរហ័ស និងឱកាសពាណិជ្ជកម្ម។

តែទន្ទឹមនឹងនេះ វាក៏មានពាណិជ្ជកម្ម កាស៊ីណូច្រើន ហើយគម្រោងទាំងនេះបាននាំឲ្យមានបញ្ហាសង្គម សំរាម និង បញ្ហាអនា ម័យជាច្រើនផងដែរ។

លោកស្រីបន្តថា៖ «មានតម្រូវការសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលត្រូវ កសាងដូចជា ការគ្រប់គ្រងសំរាម ហេដ្ឋារចនាសម្ព័ន្ធដើម្បីថែទាំអនាម័យ ប៉ុន្តែអ្វីដែលប្រជាជនត្រូវការទាំងនេះ មិនត្រូវបាន បង្កើតឡើងឡើយ»

លោកស្រីបន្តថា៖ «នៅក្នុងស្ថានភាពជាក់ស្តែង វាមានគម្លាតធំដែលមិនបានឆ្លើយតបរវាងតម្រូវការហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការ និងអ្វីដែលបានបង្កើតឡើង»។

អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានចាប់ផ្ដើមគំនិតផ្ដួចផ្ដើមការស្រាវជ្រាវ ថាតើទាំងការបង្កើត BRI និងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព មានសារៈសំខាន់ដូចម្តេច សម្រាប់ធ្វើឲ្យសម្រេចបានចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ ២០៣០។

ការស្រាវជ្រាវបញ្ជាក់ថា ភាពជោគជ័យសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងប្រតិបត្តិការរបស់សេដ្ឋកិច្ចផ្សេងទៀតនៅក្នុងតំបន់។ គម្រោងខ្សែក្រវាត់ និងផ្លូវ ផ្ដល់ឱកាសមួយចំនួនដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។

លោក ម៉ី កល្យាណ ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឲ្យដឹងកាលពីម្សិលមិញថា BRI មានសារៈសំខាន់ ហើយទោះបីជាវាមានផលប៉ះពាល់អវិជ្ជមាន និងវិជ្ជមានក៏ដោយ ក៏វាអាស្រ័យលើកម្ពុជាខ្លួនឯងក្នុង ការធ្វើសកម្មភាពរបស់ខ្លួន។

លោកថ្លែងថា៖ «[ BRI] មានសារៈសំខាន់ ឬមិនសំខាន់ អាស្រ័យលើការប្រតិកម្មតបរបស់កម្ពុជា។ វាមិនមែនភាគីតែម្ខាងនោះទេ ប៉ុន្តែភាគីទាំង ២ ត្រូវតែរួមគ្នា ដើម្បីលើកកម្ពស់»។ លោកបន្តថា៖ «ប្រទេស ចិន ផ្ដល់ឱកាសសម្រាប់ការតភ្ជាប់ ដោយផ្អែកលើដំណោះស្រាយរបស់យើងដើម្បីឆ្លើយតប»។

លោក អ៊ុង លុយណា មន្ដ្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា មានហេតុផលរួមជាច្រើន ដែលកម្ពុជាអាចទទួលអត្ថប្រយោជន៍ពីគម្រោង BRI សម្រាប់ចក្ខុវិស័យឆ្នាំ ២០២៥ របស់ខ្លួន។

ប៉ុន្តែលោកឲ្យដឹងថា មានការងារជាច្រើនសម្រាប់កម្ពុជាដែលចាំបាច់ត្រូវធ្វើឲ្យហើយដើម្បីទទួលបានអត្ថប្រយោជន៍​​​​​​​​​​​​អតិបរមាពីគម្រោងនេះ។

លោកថ្លែងថា៖ «ខណៈ BRI បានផ្ដល់ឱកាសទាន់ពេលវេលា កម្ពុជាគួរតែមានគោលនយោបាយនវានុវត្តន៍ និងបង្កើតគ្រឹះស្ថានដ៏រឹងមាំ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ និងដើម្បីសម្រេចបានទិសដៅក្រោមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស កម្ពុជា»៕LA