ក្រុងញូវយ៉កៈ ឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេស ចិន អាចមានតម្លៃលើសពី ១ ពាន់ពាន់លានយន់ (១៤៥,៤៧ ពាន់លានដុល្លារ) ត្រឹមឆ្នាំ ២០៣០ ខណៈដែលឧស្សាហកម្មដែលអាចប្រើបច្ចេកវិទ្យា AI មានតម្លៃជាង ១០ ពាន់ពាន់លានយន់។ នេះបើតាមរបាយការណ៍ចុងក្រោយមួយរបស់ស្ថាប័នស្រាវជ្រាវ Bloomberg Intelligence (BI)។
របាយការណ៍ «មហាលោតផ្លោះផ្នែកបច្ចេកវិទ្យារបស់ចិន» បានឲ្យដឹងថា ការជំរុញរបស់ចិនឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា AI ដែលបានគាំទ្រដោយការដាក់បង្ហាញបច្ចេកវិទ្យា 5G ធំជាងគេរបស់ពិភពលោក អាចជួយឲ្យប្រទេសនេះក្លាយជាប្រទេសនាំមុខគេលើពិភពលោកខាងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។
របាយការណ៍នេះបន្តថា៖ «ដោយផ្អែកលើគន្លងកំណើនក្នុងរយៈមួយទសវត្សរ៍កន្លងមកនេះ ប្រទេស ចិន អាចវ៉ាដាច់អាមេរិកទាក់ទងនឹងចំណែកប៉ាតង់បច្ចេកវិទ្យាពិភពលោកត្រឹមឆ្នាំ ២០២៥»។
ឧស្សាហកម្មដែលជាប់ទាក់ទងនឹង AI អាចមានចំណែកច្រើនជាង ៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ចិន ត្រឹមឆ្នាំ ២០៣០។ នេះបើយោងតាមរបាយការណ៍នេះ។
ក្នុងរបាយការណ៍ ក្រុមអ្នកវិភាគរបស់ Bloomberg intelligence បានឲ្យដឹងថា ភាពសម្បូរបែបនៃទិន្នន័យរបស់ប្រទេស ចិន អាចជំរុញការបង្កើនល្បឿនឧស្សាហកម្មនេះ។
ល្បឿនដ៏លឿនរបស់ប្រទេស ចិន នៃឌីជីថលនីយកម្មរបៀបរស់នៅរបស់អ្នកប្រើប្រាស់ អាចផ្ដល់ដល់ក្រុមអ្នកស្រាវជ្រាវនូវលទ្ធភាពទទួលបានទិន្នន័យជាភាសាចិនតែមួយគត់ ដែលបង្កើតឡើងដោយប្រជាជន ១,៤ ពាន់លាននាក់របស់ប្រទេសនេះ ខណៈដែលពួកគេចាប់ផ្ដើមសកម្មភាពប្រចាំថ្ងៃរបស់ពួកគេទាំងអនឡាញ និងអហ្វឡាញ។
លោក Vey-Sern Ling អ្នកវិភាគផ្នែកឧស្សាហកម្មជាន់ខ្ពស់នៅ Bloomberg intelligence ឲ្យដឹងថា ប្រទេស ចិន អាចវ៉ាដាច់ដៃគូលើពិភពលោកនៅក្នុងការធ្វើពាណិជ្ជនីយកម្មបច្ចេកវិទ្យា AI ខណៈដែលមូលធនដ៏ច្រើនទំនងជានឹងបន្តចាក់បញ្ចូលទៅក្នុងឧស្សាហកម្មនេះ។
សាកលវិទ្យាល័យ Tsinghua University បានឲ្យដឹងថា ការផ្ដល់មូលនិធិឯកជនសម្រាប់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI របស់ប្រទេស ចិន កាលពីឆ្នាំ ២០១៧ មានចំនួនសរុប ២៧,៧ ពាន់លានដុល្លារ ស្មើនឹង ៧០ ភាគរយនៃការវិនិយោគលើពិភពលោកនៅក្នុងឧស្សាហកម្មនេះ។
ទិន្នន័យបានបង្ហាញថា ការវិនិយោគមូលធនវិនិយោគរួមរបស់ប្រទេស ចិន នៅក្នុងក្រុមហ៊ុនបង្កើតថ្មី AI បានតាមទាន់អាមេរិករួចហើយកាលពីឆ្នាំ ២០១៦។
លោក Ling បានឲ្យដឹងថា ការគាំទ្រពីលើចុះក្រោមគឺជាកត្តាសំខាន់។
លោកបានថ្លែងថា៖ «ខ្ញុំមិនគិតថា មានកន្លែងណាមួយផ្សេងទៀតនៅលើពិភពលោក ដែលមានរដ្ឋាភិបាលដ៏រឹងមាំនៅពីក្រោយ និងទទួលស្គាល់សសរស្ដម្ភបច្ចេកវិទ្យា និងទទួលបន្ទុកពេញលេញនោះទេ»៕
People''s Daily/LA