ក្រុង​ញូវយ៉កៈ ឧស្សាហកម្ម​ធ្វើ​ដំណើរ និង​ទេសចរណ៍​របស់​អាមេរិក​កំពុង​បារម្ភ​អំពី​ចក្ខុវិស័យ​​នៃ​ការ​បាត់បង់​អាជីវកម្ម​កាន់​តែ​ច្រើន​ពី​ប្រទេស ​ចិន ដោយសារ​តែ​ភាព​​តានតឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដែល​ពន្យារពេល​​កាន់​តែ​យូរ​​។​

ទិន្នន័យ​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ដោយ​​ការិយាល័យ​​ធ្វើ​ដំណើរ​ និង​ទេសចរណ៍​ជាតិ​របស់​អាមេរិក​បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ បាន​ធ្លាក់ចុះ ​៥,៧ ​ភាគរយ​ ​មក​នៅ​ត្រឹម​ ២,​៩​ លាន​នាក់ ​​កាល​ពី​ឆ្នាំ ​២០១៨ ទោះ​បី​ជា​​ចំនួន​ធ្វើ​ដំណើរ​​ក្រៅ​ប្រទេស​​នៃ​ភ្ញៀវ​ទេសចរ​ចិន​សរុប​បាន​ចុះ​បញ្ជី​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​ក្តី​។​

លោក​ Christopher Heywood អនុប្រធាន​ប្រតិបត្តិ​ផ្នែក​ទំនាក់ទំនង​​ពិភព​​លោក​នៅ​ក្រុមហ៊ុន NYC &Company ដែល​​ជា​អង្គ​ការ​ធ្វើ​ទីផ្សារ​ទិសដៅ​​​ផ្លូវ​ការ​សម្រាប់​ទីក្រុង​ធំៗ​របស់​​អាមេរិក​​​បាន​ប្រាប់​​ទីភ្នាក់ងារ​សារព័ត៌មាន​ ស៊ីនហួ ក្នុង​បទសម្ភាស​មួយ​ថា​៖ «​យើង​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​ចិន​​»​។ លោក​បន្ត​ថា​៖ «​យើង​កំពុង​តាម​ដាន​ស្ថានការណ៍​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​បំផុត​»។​

យោង​តាម​សេចក្ដី​រាយ​ការណ៍​​ដែល​ចេញ​ផ្សាយ​ដោយ​​សមាគម​ទេសចរណ៍​អាមេរិក (US​TA) កាល​​ពី​ខែ​មីនា​ វិស័យ​ធ្វើ​ដំណើរ​ និង​ទេសចរណ៍​គាំទ្រ​ការងារ​​ប្រជាជន​អាមេរិក​ដោយ​ផ្ទាល់ និង​​ប្រយោល​ចំនួន​ ១៥,​៧​​ លាន​នាក់ ​ដោយ​ ១,២ ​​លាន​នាក់ ​ក្នុង​ចំណោម​ពួក​គេ​ធ្វើ​ការងារ​ដោយ​ផ្ទាល់​​ជាមួយ​នឹង​ការ​ធ្វើ​ដំណើរ​មក​ដល់​​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​​។​

លោក Roger Dow ប្រធាន និង​ជា​អគ្គ​នាយក​របស់​​​ USTA បាន​ថ្លែង​​​​​ថា​៖ «​​ការ​ធ្លាក់ចុះ​ណា​​មួយ​​ក្នុង​ដំណើរ​ទេសចរណ៍​អន្តរជាតិ​​នឹង​ប៉ះពាល់​ដល់​​ការងារ​​»៕​ People''s Daily/LA​