ក្រុង​សេអ៊ូលៈ ​តំណាង​ពិសេស​អាមេរិក​ប្រចាំ​នៅ​កូរ៉េ​ខាង​ជើង​ លោក​ Stephen Biegun ​បាន​រៀបចំ​ជំនួប​ជាមួយ​សមភាគី​កូរ៉េ​ខាង​ត្បូង​របស់​លោក​ នៅ​ក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ពិភាក្សា​កិច្ច​ប្រឹងប្រែង​រួម​ក្នុង​ការ​បន្ត​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង អំពី​បញ្ហា​នុយក្លេអ៊ែរ​នោះ។​

ប្រេសិត​ពិសេស​អាមេរិក​រូប​នេះ ​បាន​ជួប​ជាមួយ​ លោក ​ Lee Do-hoon ​នៅ​ក្រសួង​ការ​បរទេស​នៃ​ក្រុង​សេអ៊ូល​ ដោយ​បាន​ចាប់​ផ្តើម​កំណត់​កាល​បរិច្ឆេទ​ជា​ផ្លូវ​ការ​របស់​លោក​អំពី​កិច្ច​ប្រជុំ​ជា​បន្តបន្ទាប់​មួយ​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ក្រុង​សេអ៊ូល​ នៅ​ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​បង្រួប​បង្រួម​លោក ​Kim ​Yeong-​chul ដែរ​​។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន​ធ្វើ​ឡើង​ ខណៈ​សេចក្តី​សន្និដ្ឋាន​សមយុទ្ធ​យោធា​រួម​អាមេរិក-កូរ៉េ​ខាង​ត្បូង ​ដែល​បាន​លើក​ឡើង​អំពី​ទិដ្ឋភាព​នានា​ ដើម្បី​ចាប់​ផ្តើម​បន្ត​ការ​ចរចា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កម្រិត​ការងារ​ឡើង​​​​វិញ​ រវាង​ក្រុង​វ៉ាស៊ីន​តោន ​និង​ក្រុង​ព្យុងយ៉ាង​។​

របប​កុម្មុយនីស្ត ​បាន​រិះគន់​យ៉ាង​ខ្លាំង​​ចំពោះ​​ការ​ធ្វើ​សមយុទ្ធ​នោះ​ ខណៈ​ការ​ហាត់​សម​​នេះ​បាន​ធ្វើ​ឡើង ​ដើម្បី​ឈ្លាន​ពាន​កូរ៉េ​ខាង​ជើង​ ហើយ​មិន​ធ្វើ​ការ​ចរចា​ជាមួយ​អាមេរិក​នោះ​ទេ​ ​ដោយ​ថែម​ទាំង​បាន​បាញ់​មីស៊ីល​ចម្ងាយ​ជិត​ជា​ច្រើន​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​ខាង​កើត​ ហើយ​បាន​ប្រើ​វោហារស័ព្ទ​កាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​កូរ៉េ​ខាង​ត្បូង​ទៀត​ផង​។​

លោក ​Stephen ​Biegun ​និង​លោក​ Lee Do-hoon ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើ​ការ​​សម្រប​សម្រួល​អំពី​គោល​ជំហរ​ និង​យុទ្ធសាស្ត្រ​នានា​របស់​ក្រុម​សម្ព័ន្ធមិត្ត​ថា ​តើ​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង​ នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​​​រីក​ចម្រើន​ដោយ​របៀប​ណា​ នៅ​ពេល​ចាប់​ផ្តើម​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង ជុំវិញ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​នោះ​​៕ Yonhap/SK