ក្រុង​ប្រ៊ុ​ច​សែ​លៈ ប្រមុខ គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​សៅរ៍ បាន​ស្នើ​ឲ្យ​តួកគី បោះ​បង់​ចោល​សកម្មភាព​យោធា​ឯក​តោ​ភាគី​នៅ​លើ​ទឹកដី​ស៊ីរី ជាទី​ដែល​ក្រុង​អង់ការ៉ា បាន​គំរាម​វាយ​ប្រហារ​ជា​ថ្មី​ប្រឆាំង​នឹង​ក្រុម​ជីវពល​ឃើដ​គាំទ្រ​ដោយ​អាមេរិក​នោះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោកស្រី Federica Mogherini បាន​ថ្លែង​ថា៖ «របាយ​ការណ៍​អំពី​លទ្ធភាព​កិច្ច​ប្រតិបត្តិការ​យោធា​តួកគី​នៅ​ស៊ីរី​ភាគ​ឦសាន គឺជា​ប្រភព​គួរ​ឲ្យ​ព្រួយ​បារម្ភ»។

លោកស្រី បាន​ថ្លែងថា៖ «យើង​មានបំណង​បញ្ចប់​អំពើហិង្សា ដោយ​កម្ទេច​អំពើ​ភេរវកម្ម និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​តំបន់​ដ៏​ទូលំ​ទូលាយ​នេះ។ យើង​សង្ឃឹម​ថា ក្រុម​អាជ្ញាធរ​តួកគី បញ្ចប់​សកម្មភាព​យោធា​ជា​ឯក​តោ​ភាគី ដោយ​មិន​បាន​បំផ្លាញ​កិច្ច​ប្រឹង​ប្រែង​របស់​ក្រុម​ចម្រុះ​ប្រឆាំង​នឹង​ក្រុម IS ឬ ក៏បង្ក​អស្ថិរភាព​នៅ​ស៊ីរី​ទេ»។

ប្រធានាធិបតី​តួ​ក​គី លោក រ៉េ​សិប​តៃ​យី​ប អេ​រ​ដូ​ហ្គែ​ន បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា តួកគី​គ្រោង​ចាប់​ផ្តើម​កិច្ច​ប្រតិបតិ្តការ​ថ្មី​នៅ​ស៊ីរី​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ប្រឆាំង​នឹង​ជន​សកម្ម​ប្រយុទ្ធ ការពារ​ប្រជាជន​ឃើដ (YPG) ដែល​មាន​ការ​គាំទ្រ​ពី​ក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​ក្រុង​អង់ការ៉ា​បាន​ចាត់​ទុក​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នោះ​ជា​ក្រុម​ភេរវករ។

មន្ទីរ​បញ្ច​កោណ បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា សកម្មភាព​យោធា​ឯកតោ​ភាគី​នៅ​ស៊ីរី​ភាគ​ខាង​ជើង​នោះ មិន​អាច​ទទួល​យក​បាន​ទេ។

​រ​​ថ​យន្ដបាឡាំ​ងដា​ស​អាមេ​រិក​ដែល​ជួយ​​កម្លាំង​ប្រ​ជា​ធិបតេយ្យ​ស៊ីរី​។ AFP

លោកស្រី Mogherini ដែល​បានចាត់ទុក​តួ​ក​គី​ជា​អ្នក​ដើរតួ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​វិបត្តិ​នេះ និង​ក្នុង​តំបន់​នេះ​បាន​ថ្លែង​ថា ការ​ប្រយុទ្ធ​គ្នា​ប្រឆាំង​នឹង IS កំពុង​ចូល​ដល់​ដំណាក់​កាល​ចុង​ក្រោយ​របស់​ខ្លួន​នោះ គ្រប់​ភាគី​ទាំង​អស់ ត្រូវ​តែ​ធ្វើការ​រួម​គ្នា​ដើម្បី​សម្រេច​គោល​ដៅ​យក​ឈ្នះ​ក្រុម IS ទាំង​ស្រុង។

កិច្ចប្រតិបត្តិកា​យោធា​ណាមួយ​ប្រឆាំងនឹង YPG នឹងមាន​ការលំបាក​ដោយ​សារ​លទ្ធភាព​របស់​កង​ទ័ព​ក្រុង​អង់ការ៉ា ដែល​ចេញ​មក​ប្រឈម​ជាមួយ​ទាហាន​អាមេរិក ដែល​ត្រូវ​ដាក់​ពង្រាយ​ជាមួយ​ជន​សកម្ម​ប្រយុទ្ធ​ឃើដ។

ទោះបីជា​តួ​ក​គី និង​អាមេរិក​គឺជា​សម្ព័ន្ធមិត្ត​របស់​អង្គការណា​តូ​ក្តី​ក៏​ទំនាក់​ទំនង​ការទូត​របស់​ពួកគេ បាន​តាន​តឹង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ខណៈ​ការ​ជួយ​របស់​ក្រុង​វ៉ាស៊ីនតោន​ដល់​ក្រុម​ឃើដ​បាន​ធ្វើ​ឲ្យ​ក្រុង​អង់ការ៉ា​ផ្ទុះ​កំហឹង៕

​​សមា​ជិកនៃ​​កម្លាំង​សន្ដិសុខ​ឃើដ​ឈរយាម​នៅទីប្រជុំជន ​Darbasiyah។ AFP