ក្រុង​បាគី​ស៊ីមេតូៈ​ មេ​ដឹកនាំ​បក្ស​ប្រឆាំង​ប្រទេស ​វ៉េណេស៊ុយអេឡា លោក​ Juan Guaido ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោក​ ដើម្បី​បញ្ជូន​ក្រុម​គណៈប្រតិភូ​ទៅ​កាន់​ក្រុង​អូស្លូ​​ ដើម្បី​ចរចា​ជាមួយ​ក្រុម​អ្នក​តំណាង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ម៉ាឌូរ៉ូ​ ដោយ​បាន​ព្រមាន​ក្រុម​អ្នក​រិះគន់​​អំពី​គ្រោះថ្នាក់​​ពី​វិធាន​ការ​នេះ​ ដែល​ក្លាយ​ជា​​​​អ្នក​រួម​គំនិត​នៃ ​«​អំពើ​ផ្តាច់​ការ​» ​​ជាមួយ​គូ​បដិបក្ខ​របស់​លោក​នោះ​​។​

លោក​ Guaido ​បាន​ប្រាប់​ទៅ​កាន់​​ក្រុម​អ្នក​គាំទ្រ​​រាប់​រយ​នាក់​ នៅ​ក្រុង​បាគីស៊ី​មេតូ​នៃ​រដ្ឋ​ឡារ៉ា​ថា​៖ «​យើង​ត្រូវ​តែ​ដើរ​តួនាទី​ជា​ក្រុម​ប្រឹក្សាភិបាល​ យើង​ត្រូវ​តែ​មាន​វត្តមាន​យ៉ាង​​សកម្ម​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​»​។​

លោក​ Guaido ​បាន​ថ្លែង​នៅ​ក្នុង​គេហទំព័រ​ធ្វីធឺរ​ថា​៖ «​ចេញ​ពី​រដ្ឋ​ឡារ៉ា​ទៅ​កាន់​ប្រទេស ​ន័រវែស​ និង​ពី​ក្រុង​ការ៉ាកាស​ទៅ​កាន់​ក្រុង​វ៉ាស៊ីនតោន​ ការ​ទាមទារ​របស់​យើង ​គឺ​នៅ​ដូច​មុន​ដដែល នរណា​ក៏​ដោយ​ក៏​ចង់​ឲ្យ​យើង​ដាក់​សម្ពាធ​ចេញ​តាម​ដង​ផ្លូវ​ ឬ​ក្នុង​ឆាក​អន្តរជាតិ​ក្នុង​គោល​បំណង ​ដើម្បី​​​បញ្ឈប់​ការ​កាន់​អំណាច​របស់​លោក ​ម៉ាឌូរ៉ូ ​ដែរ ​ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​រួម​គំនិត​របស់​ជន​ផ្តាច់ការ​នោះ​»​។​

លោក​ Guaido ​ដែល​បាន​ទទួល​ស្គាល់​ដោយ​អាមេរិក​ និង​​ប្រទេស​រាប់​សិប​ទៀត​ថា ​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​​របស់​ប្រទេស ​វ៉េណេស៊ុយអេឡា ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ គណៈ​ប្រតិភូ​បក្ស​ប្រឆាំង​នឹង​ត្រូវ​ដឹកនាំ​ដោយ​អនុ​ប្រធាន​សភា ​លោក​ Stalin Gonzalez ​និង​អតីត​អនុ​ប្រធាន​លោក​ Gerardo ​Blyde​។​

រដ្ឋមន្ត្រី​នៃ​ក្រសួង​ទំនាក់​ទំនង​វ៉េណេស៊ុយអេឡា​ លោក ​Jorge ​Rodriguez ​និង​អភិបាល​រដ្ឋ​មីរ៉ាន់ដា ​លោក ​Hector Rodriguez ​បាន​ធ្វើ​ជា​អ្នក​​តំណាង​ឲ្យ​រដ្ឋាភិបាល​របស់ លោក​ប្រធានាធិបតី​សង្គម​និយម​ នីកូឡាស ​ម៉ាឌូរ៉ូ​៕ AFP/SK